តាមរយៈបញ្ហានេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្នើឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយសម្របសម្រួល និងដោះស្រាយនូវបញ្ហាប្រឈមដែលវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា កំពុងជួបប្រទះផងដែរ។
នាពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឱ្យមានភាពរីកចម្រើនឥតឈប់ឈរ ដោយបានប្រែក្លាយដីដែលបោះបង់មិនសូវមានតម្លៃ ទៅជាដីមានតម្លៃ ពោរពេញទៅដោយសំណង់ អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ និងផ្សារទំនើបជាដើម។ ហើយក៏បានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាជនរស់នៅឱ្យបានសមរម្យ ជួយបង្កើតការងារ និងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
បើទោះបីជាសមាគម សម្រេចបានលទ្ធផលជាវិជ្ជមានយ៉ាងណាក្ដី តែអ្នកឧកញ៉ា លី ហួរ បានអះអាងថា ដោយសារវិបត្តិសេដ្ឋកិច្ចសកលធ្លាក់ចុះ និងការកើតមាននូវសង្គ្រាមនានា វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសលើវិស័យអចលនទ្រព្យនេះតែម្តង។
ជាក់ស្តែង បើតាមថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ា លី ហួរ បញ្ជាក់អះអាងថា ការលក់ផ្ទះនៅតាមគម្រោងបុរី និងខុនដូ បានធ្លាក់ចុះយ៉ាងគំហុក, អតិថិជនមួយចំនួនបានពន្យាពេលបង់ប្រាក់ និងមួយចំនួនទៀតមិនមានលទ្ធភាពបង់ប្រាក់តែម្តង ហើយធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និង រឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន និងផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ផងដែរ។
មិនតែប៉ុណ្ណោះ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនផងដែរ។ ក្នុងន័យនេះ អ្នកឧកញ៉ា លី ហួរ ស្នើឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយសម្របសម្រួល និងដោះស្រាយនូវបញ្ហាប្រឈមដែលវិស័យអចលនទ្រព្យកម្ពុជាកំពុងជួបប្រទះនៅពេលនេះ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមជាប្រធានស្ថាប័នដែលជាអាណាព្យាបាល បានចាត់ទុកកង្វល់របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ជាកង្វល់របស់ក្រសួងដូចគ្នាដែរ។ បើតាម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ហាទាំងនេះ ក៏មិនអាចដោះស្រាយដាច់ដោយឡែកបានដែរ ដូចច្នេះហើយក្រសួង និងសមាគម នឹងស្វែងរកយុទ្ធសាស្ដ្រ រួមគ្នា សម្រាប់ដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ។
សូមជម្រាបថា សន្និបាតបូកសរុបការងាររបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារសមាគមដែលបានអនុវត្តក្នុងឆ្នាំ២០២៣កន្លងទៅ និងដើម្បីរឹតចំណងសាមគ្គីភាពរវាងសមាជិកសមាជិកាសមាគម ជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋពាក់ព័ន្ធ ម្យ៉ាងទៀត គឺដើម្បីគោរពទៅតាមលក្ខន្តិកៈរបស់សមាគមផងដែរ។ ជាមួយគ្នានេះ សមាគមក៏បានកំណត់ទិសដៅ និងផែនការការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ ចំនួន៨ចំណុច ដើម្បីធ្វើឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាន់តែមានភាពរីកចម្រើន និងបន្តចីរភាពថែមទៀត។
សូមបញ្ជាក់ផងដែរថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាស្ថាប័នមួយប្រមូលផ្តុំទៅដោយអ្នកវិនិយោគ អ្នកអភិវឌ្ឍគ្រាក់ៗ ល្បីៗ ដែលបាននឹងកំពុងអភិវឌ្ឍន៍គម្រោងអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង ខុនដូរ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់អគារផ្សេងៗជាច្រើនទៀត ៕