ជុំវិញនឹងស្ថានភាពដំណាំស្វាយចន្ទីនេះដែរ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមការងារចម្រុះរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីជួយរក្សាលំនឹងតម្លៃ ដើម្បីបន្តរក្សាខ្សែច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផងដែរ។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គោលបំណងរបស់ប្រតិភូសហភាពអឺរ៉ុបមកសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា គឺបន្ទាប់ពីសហភាពអឺរ៉ុប បានចុះអនុស្សារណៈជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីជួយជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យមានស្តង់ដាខ្ពស់ និងនាំចេញទៅក្រៅប្រទេស។
ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ បានឲ្យដឹងថា សហភាពអឺរ៉ុប មានគម្រោងជួយដល់ខ្សែច្រវាក់កែច្នៃ និងខ្សែច្រវាក់តម្លៃ ក្នុងនោះរាប់ទាំងការផលិត ព្រមទាំងការនាំចេញ ខណៈពេលដែលសហភាពអឺរ៉ុប គឺជាប្រទេសដែលមានការនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក និងស្របពេលដែលកម្ពុជា គឺជាប្រទេសដែលផលិតស្វាយចន្ទីលំដាប់ទី៣ នៅលើពិភពលោក និងមានសារធាតុចិញ្ចឹមល្អលើសគេ។
យ៉ាងណាក៏ដោយ សម្រាប់លោក អាន តារា ហាក់ដូចជាព្រួយបារម្ភចំពោះស្ថានភាពនៃការកៃច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដ្បិតបច្ចុប្បន្នការកែច្នៃនៅមានកម្រិតតិចតួចនៅឡើយ ហើយមិនស្របតាមទីផ្សារនៃការបញ្ជាទិញនោះដែរ។
ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ជឿជាក់ថា សមត្ថភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានការកើនឡើងជាបន្តបន្ទាប់ស្របតាមគោលនយោបាយរដ្ឋាភិបាល ស្ដីពីស្វាយចន្ទី ដែលចង់បានការកែច្នៃឱ្យបាន២៥% នៅឆ្នាំ២០២៧ និងបាន៥០% នៅឆ្នាំ២០៣២។ការណ៍នេះ ត្រូវបានលោក អាន តារា លើកឡើងថានឹងធ្វើឱ្យវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា មានការរីកចម្រើនទៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងដំណាំស្វាយចន្ទីនេះដែរ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមការងារក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយ។កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។ទន្ទឹមនេះ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិ ស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងតម្លៃដើម្បីបន្តរក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃក្នុងស្រុកផងដែរ៕
អត្ថបទ៖ បូ ដូឡា