វីរុសអេបូឡា

អង្គការសុខភាពពិភពលោកប្រកាសអាសន្នទូទាំងសកលលោក ក្រោយវីរុសអេបូឡា ដែលមានអត្រាស្លាប់រហូតដល់៤០% បានផ្ទុះឡើងនៅកុងហ្គោ និងអ៊ូហ្គង់ដា


អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជុំវិញការផ្ទុះឡើងវិញ នៃវីរុសអេបូឡា ប្រភេទកម្រដ៏កាចសាហាវនៅក្នុងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ដោយចាត់ទុកហេតុការណ៍នេះថា ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ​។ ការប្រកាសអាសន្ននេះ ធ្វើឡើងខណៈករណីឆ្លង និងអត្រាស្លាប់នៅតែបន្តកើនឡើងរហូតដល់ថ្នាក់សហរដ្ឋអាម៉េរិក ចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនចេញជាបន្ទាន់។ អង្គការ WHO បានព្រមានថា វីរុសអេបូឡាទម្រង់កម្រនេះ មានអត្រាសម្លាប់មនុស្សខ្ពស់ចន្លោះពី២៥% ដល់ ៤០%។
វីរុសអេបូឡា
ដោយ

សារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី១៨ ខែឧសភា ថា រហូតមកទល់ពេលនេះការផ្ទុះឡើងនៃវីរុសអេបូឡា ដ៏កាចសាហាវបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់៨០ករណី ករណីឆ្លងដែលបានបញ្ជាក់ចំនួន៨ករណី និងករណីសង្ស័យឆ្លងវីរុសនេះចំនួន២៤៦ករណីនៅភាគខាងកើតនៃប្រទេសកុងហ្គោ។ ប្រទេសអ៊ូហ្គង់ដា ក៏បានបញ្ជាក់ពីករណីឆ្លងចំនួន២ករណីផងដែរ រួមទាំងការស្លាប់ចំនួន១ករណីនៅរដ្ឋធានីកាំប៉ាឡា។ ក្រុមមន្ត្រីសុខាភិបាលបានអះអាងថា ការផ្ទុះឡើងនៃវីរុសអេបូឡានេះគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ព្រោះវាជាវីរុសអេបូឡា ប្រភេទកម្រ ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយ។
ជាលទ្ធផលសហរដ្ឋអាម៉េរិក កំពុងជម្លៀស ឬធ្វើបម្លាស់ទីពលរដ្ឋអាម៉េរិកមួយចំនួនតូចដែលគេជឿថា បានប៉ះពាល់នឹងវីរុសអេបូឡា ប្រភេទកម្រនេះនៅក្នុងប្រទេសកុងហ្គោ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក កំពុងជួយតាមដាន ការធ្វើតេស្ត និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាបន្ទាន់។ អង្គការសុខភាពពិភពលោក និងក្រុមផ្ដល់ជំនួយដូចជាអង្គការវេជ្ជសាស្ត្រគ្មានព្រំដែនជាដើម កំពុងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រ ឧបករណ៍ការពារ និងក្រុមអ្នកជំនាញសុខាភិបាលទៅកាន់តំបន់ដែលរងផលប៉ះពាល់។
ក្រុមអ្នកជំនាញព្រមានថា ស្ថានភាពនេះមានគ្រោះថ្នាក់ ពីព្រោះការផ្ទុះឡើងកំពុងកើតឡើងនៅភាគខាងកើតប្រទេសកុងហ្គោ ដែលរងគ្រោះដោយជម្លោះ ជាកន្លែងដែលមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងប្រព័ន្ធថែទាំសុខភាពខ្សោយ។ បុគ្គលិកសុខាភិបាលចំនួន៤នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
ក្រុមមន្ត្រីសុខាភិបាល បានអះអាងថា បច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថា វីរុសអេបូឡា ប្រភេទកម្រនេះបានរីករាលដាលតាមរយៈជើងហោះហើរអន្តរជាតិ ឬយ៉ាងណានោះទេ ប៉ុន្តែវិធានការត្រួតពិនិត្យត្រូវបានអនុវត្តនៅអាកាសយានដ្ឋាន និងព្រំដែន។ វីរុសអេបូឡា ឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់សារធាតុរាវក្នុងរាងកាយរបស់អ្នកដែលឆ្លងវីរុសនេះ រួមមាន ដូចជាឈាម ញើស ទឹកមាត់ កំហាក និងកម្អួតជាដើម ហើយអាចបណ្តាលឱ្យកើតគ្រុនក្តៅ ឈឺសាច់ដុំ កន្ទួល និងជំងឺធ្ងន់ធ្ងរ។ វីរុសអេបូឡា ប្រភេទកម្រ ប៊ុនឌីបាក់យ៉ូ មានអត្រាសម្លាប់មនុស្សខ្ពស់ចន្លោះពី២៥% ទៅ ៤០%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​ព្រឹទ្ធសភាថៃ ជំរុញឱ្យលុបចោល MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ក្រោមលេសមានចំណុចខ្វះខាតផ្នែកច្បាប់

គណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាថៃ បានបង្ហាញជំហររួមគ្នាជាឯកច្ឆន្ទ​ដោយអំពាវនាវឱ្យមានការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលថៃ ហៅថា MOU 4…

ដ្រូនអនាមិកវាយប្រហាររោងចក្រនុយក្លេអ៊ែ​របស់អារ៉ាប់រួម ខណៈអាម៉េរិក និងអ៊ីរ៉ង់ផ្តល់សញ្ញាត្រៀមផ្ទុះសង្គ្រាមជាថ្មី

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានត្រឡប់មកក្តៅគគុកជាថ្មី បន្ទាប់ពីមានការវាយប្រហារដោយដ្រូនអត្តឃាតអនាមិកទៅលើរោងចក្រថាមពលនុយក្លេអ៊ែ​ បារ៉ាកា នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ