ព្រឹទ្ធសភាថៃ បានបើកកិច្ចពិភាក្សានៅថ្ងៃទី១៨ ខែឧសភា លើរបាយការណ៍សិក្សារបស់គណៈកម្មាធិការ ស្តីពី គុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MOU ឆ្នាំ២០០០ ដែលគណៈកម្មាធិការនេះអះអាងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនថៃ-កម្ពុជា ដែលបានអូសបន្លាយពេលយ៉ាងយូរ។
ផ្អែកតាមទិន្នន័យពីនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ អនុស្សរណៈនៃការយោគយល់គ្នា ឬ MOU ឆ្នាំ២០០០ នេះ គឺពាក់ព័ន្ធនឹងការប្រគល់ភារកិច្ចត្រួតពិនិត្យ និងការកំណត់បង្គោលព្រំដែនដីគោករវាងប្រទេសថៃ និងកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានបង្កើតឡើងនូវក្របខ័ណ្ឌការងារមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ជំនួសឱ្យគូសខ្សែបន្ទាត់ព្រំដែនថ្មីជាឯកតោភាគីតាមអំពើចិត្ត។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានលើកឡើងថា MOU ឆ្នាំ២០០០ នេះ មិនដែលត្រូវបានដាក់ជូនរដ្ឋសភាថៃ ដើម្បីសុំសច្ចាប័ននោះឡើយ ទោះបីជាគណៈកម្មាធិការជឿជាក់ថា ការទទួលយកផែនទីមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះ អាចនឹងជះឥទ្ធិពល និងប៉ះពាល់ដល់បូរណភាពទឹកដី ឬយុត្តាធិការរបស់រដ្ឋភិបាលថៃ ក៏ដោយ។
នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំព្រឹទ្ធសភាថៃ នៅថ្ងៃទី១៨ ខែឧសភា នឹងមានការពិនិត្យយ៉ាងលម្អិតលើរបាយការណ៍ខាងលើ។ គណៈកម្មាធិការដដែលនេះបានចាត់ទុកបញ្ហាស្របច្បាប់ នៃរដ្ឋធម្មនុញ្ញ ជាហេតុផលស្នូលមួយក្នុងការស្នើសុំលុបចោល ដោយសារតែពួកគេយល់ឃើញថា ចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរបំផុតនៅក្នុង MOU ឆ្នាំ២០០០ គឺការយោងទៅលើផែនទីខ្នាត ១លើ២០០,០០០។ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានសង្កត់ធ្ងន់ថា ផែនទីខ្នាតនេះ គឺរៀបចំឡើងដោយប្រទេសបារាំង ហើយតាមទស្សនៈរបស់ពួកគេ វាមិនមែនជាផែនទីដែលផលិតឡើងជាផ្លូវការចេញពីលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនរួមរវាងសៀម និងឥណ្ឌូចិន នោះឡើយ៕
អត្ថបទៈ សួន ឡង់ទី