ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី កត់សម្គាល់ឃើញថា បើទោះជានៅក្នុងរយៈពេល៤ខែកន្លងមកនេះ ទីផ្សារអចលនទ្រព្យកម្ពុជា មិនទាន់អាចស្ទុះងើបខ្លាំងដូចមុនវិបត្តិកូវីដ១៩ ក៏ពិតមែន ប៉ុន្តែវិស័យនេះនៅតែបន្តមានសម្ទុះកម្រើកឡើងវិញបន្តិចម្តងៗជាជំហានៗ ទោះបីជាមានបញ្ហាប្រឈមជាសកលថ្មីៗកំពុងតែគំរាមកំហែងក៏ដោយ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ អចលនទ្រព្យ ដែលនៅតែបន្តមានតម្រូវការ គឺអចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្ម និងកសិកម្ម។ យ៉ាងណាមិញអ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យកម្ពុជានឹងបន្តមានកំណើនវិជ្ជមានថែមទៀតនាពេលខាងមុខ ខណៈវិស័យនេះទទួលបានការជួយលើកទឹកចិត្តច្រើនទាំងពីសំណាក់រាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងម្ចាស់អាជីវកម្មអចលនទ្រព្យ។
ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពទិញលក់ និងតម្លៃអចលនទ្រព្យជារួមនៅក្នុងរយៈពេល៤ខែឆ្នាំ២០២៦ ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះ អចលនទ្រព្យបម្រើដល់វិស័យឧស្សាហកម្មនៅតែបន្តមានកំណើនល្អ តែវិស័យលំនៅឋាន និងពាណិជ្ជកម្ម ហាក់រងផលប៉ះពាល់មួយចំនួនធំ ដោយសារការចាកចេញច្រើនរបស់ជនបរទេស តាមរយៈយន្តការបង្ក្រាបសកម្មភាពឆបោកតាមអនឡាញនៅកម្ពុជា។ បន្ថែមលើនេះ អ្នកជំនាញរូបនេះយល់ឃើញថា ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ា បានក្លាយជាសម្ពាធថ្មីដល់ការកម្រើកឡើងវិញរបស់វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំនេះ ដែលជំរុញឱ្យវិស័យនេះត្រូវចាយពេលប្រមាណ២ ទៅ៣ឆ្នាំទៀត ទើបអាចងើបប្រសើរឡើងវិញបាន។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថានឹងមាននិន្នាការថមថយដោយរំពឹងមានកំណើនក្នុងអត្រា០,៦% ប៉ុណ្ណោះ ទាបជាងឆ្នាំ២០២៥ ដែលមានអត្រាកំណើន១,១% ដោយសារកម្មវិបាកជាអវិជ្ជមាន នៃភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខាននៃការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលខ្លីមកលើសកម្មភាពទិញ-លក់ជារួម ពិសេសអគារការិយាល័យ និងអគារប្រើប្រាស់ចម្រុះ។ តែយ៉ាងណា តាមរយៈការអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញ-លក់ និងផ្ទេរកម្មសិទ្ធិលំនៅឋាន មានតម្លៃក្រោម២១ម៉ឺនដុល្លារ ត្រូវបានរំពឹងថា ជួយគាំពារកំណើននៃវិស័យនេះ៕