ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញ និងកសិករដាំទុរេនខ្មែរបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីលទ្ធភាពនៃការលួចនាំចូលទុរេនចាល់ទាំងនោះមកកាន់ទីផ្សារក្នុងស្រុក ដែលអាចនឹងវាយប្រហារដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទុរេនខ្មែរទាំងមូល ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរព្រំដែនឱ្យបង្កើនការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត។
ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នរូបលោកផ្ទាល់ ក៏ដូចជាកសិករដទៃទៀតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដាំដុះ និងថែទាំទុរេនខ្មែរឱ្យស្របតាមស្តង់ដាសុវត្ថិភាព ដើម្បីបង្កើតទំនុកចិត្តដល់អ្នកបរិភោគ សំដៅរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ។ ទោះជាយ៉ាងណា ម្ចាស់ចម្ការរូបនេះបានសម្តែងការព្រួយបារម្ភថា ទុរេនវៀតណាម ដែលកំពុងចាល់ ព្រោះតែរនាំងគយចិន រឿងសារធាតុគីមីនេះ អាចនឹងហូរចូលមកកាន់ប្រទេសកម្ពុជា តាមច្រកនានា ដែលវាមិនត្រឹមតែបំផ្លាញទីផ្សារទុរេនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអាក្រក់ដល់សុខភាពពលរដ្ឋអ្នកបរិភោគទៀតផង។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ស្នើដល់អាជ្ញាធរពាក់ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងសមត្ថកិច្ចផ្ទៃក្នុង បង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលទុរេនមានផ្ទុកសារធាតុគីមីតម្លៃថោកទាំងនោះ ហើយជំរុញឱ្យឈ្មួញ ក៏ដូចជាប្រជាពលរដ្ឋងាកមកគាំទ្រទុរេនដាំក្នុងស្រុកជំនួសវិញ។
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ថា នៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ចិន និងវៀតណាម តែងតែមានការប្រើប្រាស់ឥទ្ធិពលនយោបាយ និងបច្ចេកទេសដាក់គ្នាទៅវិញទៅមក ជាក់ស្តែងដូចជាករណីដែលចិន ប្រកាសរកឃើញសារធាតុគីមីក្នុងផ្លែទុរេនវៀតណាម និងផ្អាកការនាំចូលនាពេលនេះជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ទុរេនដែលមានតម្លៃថោកខុសប្រក្រតីរបស់វៀតណាម អាចនឹងទាក់ទាញចិត្តឈ្មួញខិលខូចមួយចំនួនឱ្យលួចនាំចូលមកកម្ពុជា ដែលបង្កហានិភ័យខ្ពស់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ បំផ្លាញតម្លៃទីផ្សារ និងអាចធ្វើឱ្យខូចឈ្មោះទុរេនខ្មែរទាំងមូល ប្រសិនបើមានការបន្លំភូតភរ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា មានតែការរឹតបន្តឹងច្បាប់ និងការឆែកឆេរយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរនៅតាមច្រកព្រំដែនប៉ុណ្ណោះ ទើបអាចទប់ស្កាត់ទុរេនមានផ្ទុកសារធាតុគីមីមិនឱ្យហូរចូលមកបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ដើម្បីការពារផលប្រយោជន៍ជាតិទាំងមូល។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ផ្លែទុរេនរបស់ប្រទេសវៀតណាមកំពុងជួបវិបត្តិចាល់ទីផ្សារ ក្រោយគយចិន បានរឹតបន្តឹង និងរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតកំណត់ ដែលធ្វើឱ្យទុរេនទាំងនោះមិនអាចនាំចូលទៅកាន់ទីផ្សារចិនបាន។ វិបត្តិនេះបានទាញទម្លាក់តម្លៃទុរេននៅក្នុងប្រទេសវៀតណាមឱ្យដាំក្បាលចុះមកនៅត្រឹមតែ០,៨ ទៅ ១,១ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ជា ម៉ារ៉ា