សម្ដេចក៏បានគូសបញ្ជាក់ដែរថា បើសិនបង្ក្រាបបទល្មើសមិនបានទេនោះ មិនបាច់ធ្វើជាចៅហ្វាយខេត្ត និង ជារដ្ឋមន្ត្រីនោះទេ ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា កិច្ចការនេះ សម្ដេចបានផ្ដល់អាទិភាពដល់អភិបាលជុំវិញតំបន់បឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម តែម្ដង ធ្វើកិច្ចការលើរឿងនេះ។
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម បរិស្ថាន និងអភិបាលខេត្ត ចាប់ឈ្មួញទុច្ចរិត នេសាទត្រីខុសច្បាប់ នៅតំបន់បឹងទន្លេសាបទាំងអស់។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា រហូតមកដល់ពេលនេះ បទល្មើសកាប់បំផ្លាញព្រៃលិចទឹក និងបទល្មើសនេសាទ នៅតែមានក្នុងតំបន់បឹងទន្លេសាប ដោយសម្ដេចគូសបញ្ជាក់ថា កន្លងមក ការបង្ក្រាបបទល្មើសនៅតំបន់នេះ បានតែរបស់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ។
ជាមួយគ្នានោះ សម្ដេចក៏បានបញ្ជាផងដែរ ឲ្យអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដាំកូនឈើឡើងវិញ លើផ្ទៃដីជាង ៦ម៉ឺនហិកតា ដែលរដ្ឋបានដកហូតពីក្រុមទុច្ចរិតដែលបានទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដើម្បីការពារទន្លេសាប។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះសិក្សាស្រាវជ្រាវលើបញ្ហានេសាទត្រីខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ បានគូសបញ្ជាក់ដូច្នេះដែរថា អ្នកដែលបានទន្ទ្រានដីព្រៃទន្លេសាបនាពេលកន្លងមក ភាគច្រើនគឺជាអ្នកមានអំណាច ហើយមានប្រជាពលរដ្ឋមានតិចតួចប៉ុណ្ណោះ ដូច្នេះ ការដកហូតដីបឹងទន្លេសាប មកវិញ គឺជាការប្រសើរ និងមិនបានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះទេ។
បើតាមការអះអាងរបស់ បណ្ឌិត សុខ ទូច ដីព្រៃលិចទឹកជាច្រើនហិកតាទៀត ដែលមិនទាន់បានដកហូតមកវិញ មិនមែនតែ ៦ម៉ឺនហិកតានោះទេ ខណៈអ្នកជាប់ពាក់ព័ន្ធភាគច្រើនសុទ្ធតែអ្នកមានអំណាច។ តែយ៉ាងណារហូតមកដល់ពេលនេះ រដ្ឋបានដកហូតផ្ទៃដីលិចទឹកជាង ៦ម៉ឺនហិកតាហើយ ដើម្បីយកមកគ្រប់គ្រងវិញ៕