យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោកស្រី សាណាអិ តាកាអ៊ិឈិ កំពុងមានប្រៀបយ៉ាងខ្លាំងក្នុងការដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដើម្បីគ្រប់គ្រងអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោត ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ។ ផ្អែកតាមការស្ទង់មតិបឋម គណបក្ស LDP និងបក្សសម្ពន្ធមិត្តអាចនឹងដណ្តើមបានអាសនៈសរុបរហូតដល់ជាង៣១០ ដែលស្មើនឹង២ភាគ៣ក្នុងសភា។ លទ្ធផលនេះនឹងជួយឱ្យតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រីកាន់តែមានភាពរឹងមាំ និងមានអំណាចពេញលេញក្នុងការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗ។
គួររំឭកថា ចាប់តាំងពីឡើងកាន់តំណែងភ្លាមលោកស្រី តាកាអ៊ិឈិ បានបង្កឱ្យមានប្រតិកម្មខ្លាំងៗពីសំណាក់ប្រទេសចិន តាមរយៈការថ្លែងការណ៍រឹងត្អឹងមួយចំនួន ហើយថែមទាំងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការរង្គោះរង្គើផងដែរ។ ប្រសិនបើលទ្ធផលបោះឆ្នោតចេញមកដូចការរំពឹងទុកមែននោះ វានឹងក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់គណបក្ស LDP គិតចាប់តាំងពីឆ្នាំ២០១៧ ក្រោយសម័យកាលរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ។
មុនការបោះឆ្នោតមកដល់លោកស្រី តាកាអ៊ិឈិ បានថ្លែងទៅកាន់អ្នកគាំទ្រថា៖«អនាគតគឺជាអ្វីមួយដែលយើងត្រូវកសាងដោយដៃផ្ទាល់»។
ក្រុមអ្នកវិភាគបានលើកឡើងថា លោកស្រី តាកាអ៊ីឈិ គឺជាមេដឹកនាំដែលមានមន្តស្នេហ៍នយោបាយ អាចទាក់ទាញចិត្តស្រទាប់យុវវ័យជប៉ុនយ៉ាងខ្លាំង។ ជាក់ស្ដែង ឥរិយាបថការងារ និងយុទ្ធសាស្ត្រតន្ត្រីការទូត ដែលលោកស្រីបានបង្ហាញជាមួយប្រធានាធិបតីកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ បានក្លាយជានិម្មិតរូបសម្រាប់យុវជនជំនាន់ក្រោយ។ ក្រៅពីភាពទាក់ទាញក្នុងតំបន់ លោកស្រីក៏ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕
ដោយៈ សរ សុជាតិ