ថ្លែងនាឱកាសសម្ពោធដាក់ឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា«មនុស្ស»នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចបានបន្តទៀតថា កម្ពុជានឹងមិនអាចក្លាយជាប្រទេសអ្នកមានបាននោះទេ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាពុំមានសមត្ថភាពចំណេះដឹង និងជំនាញដែលអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅកម្ពុជានេះ គឺបង្ហាញពីការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា និងសមត្ថភាពរបស់និស្សិតកម្ពុជាអាចទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ។ ម្យ៉ាងទៀត គឺបង្ហាញឱ្យឃើញថា សាកលវិទ្យាល័យនេះ បានសម្លឹងឃើញប្រទេសកម្ពុជា ពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅព្រមទាំងសង្គមជាតិទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារនៅកម្ពុជា និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្ដែងនៅក្នុងប្រទេស។ ទន្ទឹមនេះ សម្តេច ចង់ឃើញសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក្លាយជាទីប្រមូលផ្តុំ និងជាដែកឆក់ នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និងឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេសផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ