សារព័ត៌មាន Al Jazeera បានរាយការណ៍ថា របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ដែលទើបចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង១,០៦៣នាក់ ដែលមានទាំងពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ជាប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដោយក្នុងនោះមានកុមារយ៉ាងហោចណាស់៣៤នាក់ផងដែរ។ ការរងគ្រោះរហូតធ្វើឱ្យមានការពិការភាព និងបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោមបានកើតឡើងនៅក្នុងប្រទេសចំនួន៩ រួមមាន អាហ្វហ្គានីស្ថាន កម្ពុជា អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។ របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះឆ្ងាយ ដោយសារមានករណីជាច្រើនមិនត្រូវបានរាយការណ៍ ខណៈកំណត់ត្រាខ្ពស់បំផុតត្រូវបានគេកត់ត្រាកាលពីឆ្នាំ២០២២ ដែលមានជនរងគ្រោះរហូតដល់១,១៧២នាក់ក្នុងអំឡុងពេលនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន។
គួររំលឹកថា អនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ដែលបានចូលជាធរមានក្នុងឆ្នាំ២០១០ បានហាមឃាត់ដាច់ខាតនូវការប្រើប្រាស់ ការផលិត ការផ្ទេរ និងការប្រមូលស្តុកទុកអាវុធប្រភេទនេះ ដោយមានរដ្ឋភាគីចូលរួមចំនួន១១២ប្រទេស និងហត្ថលេខីចំនួន ១២ប្រទេស។ ទោះជាយ៉ាងណា អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមបានអះអាងថា គ្រាប់បែកចង្កោមនៅតែត្រូវបានយកទៅប្រើប្រាស់ក្នុងសមរភូមិដោយប្រទេសមួយចំនួនដូចជា ថៃ អ៊ីរ៉ង់ មីយ៉ាន់ម៉ា រុស្ស៊ី អ៊ុយក្រែន និងម៉ាលី ដែលប្រទេសទាំងនេះភាគច្រើនមិនទាន់ជាភាគី នៃអនុសញ្ញាហាមឃាត់នេះឡើយ។
ផ្អែកតាមរបាយការណ៍ប្រវត្តិសាស្ត្ររបស់អង្គការនេះ ប្រទេសថៃ ធ្លាប់បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ប្រហារចូលយ៉ាងធ្ងន់ធ្ងរលើទឹកដីកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធតាមព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីខែកុម្ភៈ ឆ្នាំ២០១១ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា រងគ្រោះយ៉ាងអាណោចអាធ័ម និងបន្សល់ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើទឹកដីខ្មែរ។ បន្ថែមលើនេះកាលពីឆ្នាំ២០២៥ កន្លងទៅ ភាគីថៃ ក៏បានប្រើប្រាស់គ្រាប់បែកប្រភេទនេះវាយប្រហារលើកម្ពុជា និងមីយ៉ាន់ម៉ា ផងដែរ។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១១ ក្រោមការដាក់សម្ពាធពីអន្តរជាតិ និងការបង្ហាញភស្តុតាងដែលមិនអាចប្រកែកបានតំណាងរដ្ឋាភិបាល និងកងទ័ពថៃ បានទទួលស្គាល់ជាផ្លូវការចំពោះមុខអង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមថា ខ្លួនពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមប្រហារលើទឹកដីកម្ពុជា ពិតប្រាកដមែន។ ព្រឹត្តិការណ៍នាពេលនោះបានធ្វើឱ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជុំវិញពិភពលោកចេញមុខប្រកាសថ្កោលទោសប្រទេសថៃយ៉ាងធ្ងន់ធ្ងរ ចំពោះការប្រើប្រាស់អាវុធហាមឃាត់ ដែលបង្កគ្រោះថ្នាក់បំផ្លិចបំផ្លាញដល់ជីវិតមនុស្សជាតិយ៉ាងធ្ងន់ធ្ងរនេះ៕
អត្ថបទៈ សួន ឡង់ទី