អ្នកជំនាញ អះអាងទៀតថា ក្នុងអំឡុងពេលបង្រៀនតាមប្រព័ន្ធអនឡាញនេះ សាលារៀនឯកជនភាគច្រើនបានបាត់បង់ប្រាក់ចំណូលជាច្រើន ដោយសាលាខ្លះនៅរកចំណូលបានច្រើនបំផុត តែ៣០% ទៅ៤០% នៃចំណូលដែលធ្លាបរកបានពីមុនប៉ុណ្ណោះ ដែលវាជាហេតុធ្វើឲ្យពួកគេកំពុងជួបនូវបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង និងត្រូវបង្ខំចិត្តបិទការបង្រៀនជាបណ្ដោះអាសន្នផងដែរ។
លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា ជាការពិតណាស់កន្លងមករាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំទ្រចំពោះវិស័យអប់រំ ហើយនៅអំឡុងពេលកូវីដ-១៩ នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងបណ្ដាលមកពីការរីករាលដាលនៃមេរោគកូវីដ-១៩។
ទោះយ៉ាងណា លោក ប៉ិច ប៉ូឡែន អះអាងថា សម្រាប់អាជីវកម្មសាលារៀនឯកជន នៅអំឡុងពេលកូវីដ-១៩នេះ នៅតែប្រឈមនឹងបញ្ហាខ្លាំង ខណៈប្រាក់ចំណូលមានការធ្លាក់ចុះខ្លាំង ហើយបច្ចុប្បន្ន សាលារៀនឯកជនមួយចំនួន បានបង្ខំចិត្តសម្រេចបិទទ្វារបណ្ដោះអាសន្ន ផ្អាកការបង្រៀន ព្រោះតែទប់ទល់លែងរួច និងរង់ចាំមើលស្ថានភាពធូរស្រាលកូវីដ-១៩ ឡើងវិញ។ លោកបន្ថែមថា បើសិនជាការផ្អាកបើកសាលារៀនបណ្ដោះអាសន្ននេះ នឹងនៅតែបន្ដ នោះសាលាកាន់តែច្រើនថែមទៀតនឹងជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង។
លោក ប៉ិច ប៉ូឡែន មានប្រសាសន៍យ៉ាងដូច្នេះថា «បើសិនជាយើងមិនចូលបើកសាលាវិញបានឆាប់ទេ សាលាឯកជនគាត់នឹងត្រូវប្រឈមច្រើនរឿងប្រភពហិរញ្ញវត្ថុ។ អញ្ចឹងបើនិយាយថាតើយើងត្រូវត្រៀមខ្លួនបែបណា? បង្រៀនអនឡាញ គឺជាលទ្ធភាពមួយ ដែលយើងត្រូវធ្វើ ជួយគ្នារកលទ្ធភាពហិរញ្ញវត្ថុយកមកជួយទប់ ហើយហិរញ្ញវត្ថុនោះ វាមានប្រភពសំខាន់គឺ២នៅបច្ចុប្បន្ននេះ គឺពឹងលើចំណូលពីអាណាព្យាបាលជួយ និងមួយទៀត គឺពឹងលើជំនួយហិរញ្ញប្បទានផ្សេងៗ។ ហិរញ្ញប្បទានហ្នឹង វាមានពីធនាគារដៃគូ និងគ្រឹះស្ថានហិរញ្ញវត្ថុគាត់ជួយ ប៉ុន្ដែឥឡូវ គ្រឹះស្ថានហិរញ្ញវត្ថុគាត់ប្រយ័ត្នប្រយែងទៀត សាលាអត់ចំណូលទប់មិនចង់ជាប់ផង រឿងអីគេឲ្យខ្ចី! អញ្ចឹងយើងសង្ឃឹមជឿជាក់ថានឹង មានជំនួយខ្លះ ពីរាជរដ្ឋាភិបាល»។
បើតាមការអះអាង របស់លោក ប៉ិច ប៉ូឡែន សាលារៀនជាច្រើនក៏កំពុងជួបនូវបញ្ហាកង្វះសាច់ប្រាក់ ហើយក៏ពិបាកក្នុងការស្វែងរកប្រាក់កម្ចីពីធនាគារផងដែរ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តផ្អាកការបង្រៀនបណ្ដោះអាសន្ន។ ទន្ទឹមនឹងការការផ្ដល់កម្ចីពីធនាគារហាក់មានភាពប្រយ័ត្នប្រយែងកាន់តែខ្ពស់នោះ លោក ប៉ូឡែន អះអាងថា មានម្ចាស់សាលាឯកជនមួយចំនួន ក៏មិនហ៊ានទាំងទទួលយកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកប្រើនោះទេ ព្រោះបច្ចុប្បន្ន សាលាបាត់ចំណូល ហើយការចំណាយក៏មានច្រើន ដូច្នេះ ការទទួលយកកម្ចីបន្ថែម គឺនឹងមានសម្ពាធប្រាក់បំណុលកាន់តែខ្លាំងដែរ។ ដូច្នេះហើយ ជាជម្រើសល្អ ពួកគេត្រូវបង្ខំចិត្ត បិទសាលា និងការបង្រៀនជាបណ្ដោះអាសន្ន ហើយភាគច្រើន គឺជាសាលាដែលបង្រៀនភាសាបរទេសឯកជន ក្រៅប្រព័ន្ធអប់រំ។
តួយ៉ាង បើតាមលោកប៉ិច ប៉ូឡែន ក្នុងចំណោមសាលាដែលជាសមាជិករបស់សហព័ន្ធសេវាអប់រំកម្ពុជា ចំនួនជាង ៨០សាលា គឺមានប្រមាណ ២០% ហើយបានសម្រេចផ្អាកការបង្រៀនជាបណ្ដោះអាសន្ន និងរង់ចាំមើលពីស្ថានភាពធូរស្បើយកូវីដ-១៩ ឡើងវិញ៕