គិតមកទល់ពេលនេះ មានរយៈពេលជិតកន្លះឆ្នាំមកហើយ ដែលសាលារៀននៅទូទាំងប្រទេសត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែរលកឆ្លងកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះឡើង និងបន្ដអូសបន្លាយរហូតមកទល់បច្ចុប្បន្ននេះ។
ទោះយ៉ាងណា ម្ចាស់សាលារៀនឯកជនហាក់មានក្ដីសង្ឃឹមជាងមុនចំពោះការបើកសាលារៀនឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងកាន់តែច្រើន ពិសេសក៏បានចាប់ផ្ដើមចាក់ជូនដល់កុមារ និង យុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំផងដែរ។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលីជេ គួច អេឌ្យូខេសិន បានសាទរចំពោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុជននេះ និងបានចាត់ទុកថា វាគឺជាដំណោះស្រាយដ៏ប្រសើរ របស់រដ្ឋាភិបាល ដើម្បីឈានដល់ការបើកសាលារៀនឡើងវិញ។ លោកឧកញ៉ាយល់ថា យុទ្ធនាការចាក់វ៉ាក់សាំង មិនត្រឹមតែអាចឱ្យសាលារៀនបើកឡើងវិញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។
បើទោះបីជាសាលាមិនទាន់បើកដំណើរការឡើងវិញក៏ដោយចុះ ប៉ុន្ដែ ការរៀនតាមប្រព័ន្ធអនឡាញគឺនៅតែបន្ដទៅមុខជាធម្មតា។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group យល់ថា គុណភាពនៃការរៀនតាមប្រព័ន្ធអនឡាញ បច្ចុប្បន្ន មិនមែនជាការព្រួយបារម្ភទៀតទេ ព្រោះសិស្ស បានសម្របខ្លួន ទៅហើយជាមួយស្ថានភាពនេះ។ អ្វីដែលឧកញ៉ា ប៉ិច បូឡែន ព្រួយបារម្ភ ការរៀនតាមប្រព័ន្ធអនឡាញ របស់សិស្សានុសិស្ស នៅតែអូសបន្លាយជិត ២ឆ្នាំ មកហើយ ដែលវាអាចធ្វើឱ្យសិស្សអាចមានអារម្មណ៍តានតឹង អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត របស់សិស្សនឹងការរៀនអនឡាញយូរពេក។
អគ្គនាយក្រុមហ៊ុនរូបនេះ បង្ហាញក្ដីសង្ឃឹមខ្ពស់ ចំពោះការគិតគូររបស់រដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារ និងយុវជន កម្ពុជា ដែលជាជំហានថ្មី ដើម្បីឱ្យសាលារៀន ឆាប់បើកឡើងវិញ។ លោកឧកញ៉ា ជឿជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិចារណាបើកសាលារៀនឡើងវិញ បន្ទាប់ពីកុមារ និងយុវជន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា។
ជុំវិញបញ្ហានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនអាចបញ្ជាក់បាននោះទេ ថា សាលារៀនអាចនឹងបើកឡើងវិញឆាប់ៗ ឬយ៉ាងណានោះ ដោយរង់ចាំការសម្រេចរបស់រដ្ឋាភិបាលជាមុនសិន។
យ៉ាងណាក៏ដោយចុះ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវជន ត្រូវបានសម្ដេច ហ៊ុន សែន រំពឹងយ៉ាងមុតមាំថា ទាំងសាលារៀនរដ្ឋ និងសាលារៀនឯកជន អាចបើកឡើងវិញ ក្រោយកុមារ និងយុវជន កម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ មានប្រសាសន៍ កាលពីថ្ងៃទី១ ខែសីហា សម្ដេច ហ៊ុន សែន បានលើកឡើថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យអប់រំ ហើយយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវជន គឺជាជំហានសំខាន់ ដើម្បីឱ្យមានភាពស៊ាំ ក្នុងសហគមន៍ និងអាចឱ្យសាលារៀនអាចបើកឡើងវិញ ពិសេសចាប់ពីថ្នាក់អនុវិទ្យាល័យ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ ខែសីហា កម្ពុជា មានពលរដ្ឋសរុបជាង ៨០ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាន។ ដោយឡែក សម្រាប់កុមារ និងយុវជន ដែលមានអាយុ ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំវិញ ជាង ១៨ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃចំនួនគោលដៅ ប្រមាណ២លាននាក់៕
អត្ថបទ៖ ខន ណារី