ការនាំចេញគ្រាប់ពោត

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជានាំចេញពោតក្រហមទៅថៃជាបន្ដបន្ទាប់ និងតម្លៃល្អ ទោះថៃដាក់លក្ខខណ្ឌតម្រូវថ្មី


រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានប្រាប់ខេមបូណូមីសថា ទោះបីជា ភាគីថៃបានដាក់នូវលក្ខខណ្ឌតម្រូវថ្មី សម្រាប់ការនាំចេញគ្រាប់ពោតក្រហមពីកម្ពុជាទៅកាន់ទឹកដីថៃក្ដី ប៉ុន្ដែ ការនាំចេញគ្រាប់ពោតកម្ពុជាទៅកាន់ទីផ្សារថៃ នៅតែមានជាបន្ដបន្ទាប់ ហើយតម្លៃគ្រាប់ពោតក៏នៅតែរក្សាបានតម្លៃល្អប្រសើរនៅឡើយទេ គឺជាមធ្យមប្រមាណ ៥០០រៀលក្នុងមួយគីឡូក្រាម។ ឯកឧត្តម អះអាងថា ការនាំចេញគ្រាប់ពោតក្រហមទៅថៃ នៅតែដំណើរការល្អ ក៏ដោយសារតែ ខាងក្រុមឈ្មួញ និង ភាគីថៃបានសម្របសម្រួលគ្នារួចហើយទាក់ទងទៅនឹងការនាំចេញ ស្របទៅតាមលក្ខខណ្ឌតម្រូវថ្មីនេះ។
គ្រាប់ពោត

កាលពី​ពេល​ថ្មី​ៗ ប្រទេស​ថៃ បាន​ដាក់​លក្ខខណ្ឌ​ថ្មី សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​គ្រាប់ពោត ទៅ​ប្រទេស​របស់​ខ្លួន ដោយ​ការ​នាំ​ចេញ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​តឹង​រឹង​ជាង​មុន​។ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា បញ្ហា​កូ​វី​ដ​-១៩ បន្ថែម​លើ​ការ​រឹត​បន្តឹង​លក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ​គ្រាប់ពោត​ទៅ​ថៃ មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ​សម្រាប់​កម្ពុជា ព្រោះ​ភាគី​ទាំង​ពីរ បាន​សម្រួល​គ្នា​រួច​ស្រេចបាច់​អស់ហើយ​។ រដ្ឋមន្ត្រី​កសិកម្ម​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រុម​ឈ្មួញ​នាំ​ចេញ និង​ភាគី​ថៃ បាន​សម្របសម្រួល​គ្នា​ហើយ ហើយ​កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ពោត​ទៅ​កាន់​ប្រទេស​ថៃ ជា​បន្តបន្ទាប់​។ នាយកដ្ឋាន​កសិកម្ម បាន​ប្រឹងប្រែង ប្រើប្រាស់​យន្តការ​ថ្មី ដែល​ថៃ​បាន​សម្រេច​នា​ពេល​ថ្មី​ៗ​នេះ ដោយ​បញ្ជាក់​ពី​ការ​បាន​ប្រើប្រាស់​ថ្នាំ មេស​ថូ​ល ប្រូ​ម៉ា​យ (Methyl bromide) ក្នុង​ការ​នាំ​ចូល​គ្រាប់ពោត​ទៅ​ថៃ​។

ជុំវិញ​បញ្ហា​នេះ លោក សុំ រ៉ា ប្រធាន​ការិយាល័យ​កសិកម្ម ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា ទីផ្សារ​ពោតក្រហម នៅ​ខេត្ត​ត្បូងឃ្មុំ មាន​លក្ខណៈ​ល្អ​ធម្មតា និង​មិន​មាន​ផល​ប៉ះពាល់​ដល់​កសិករ​នោះ​ទេ បើ​ទោះបី​ភាគី​ថៃ បាន​បន្ថែម​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​ការ​នាំ​ចេញ​ពោតក្រហម​ក៏​ដោយ​។ លោក​ប្រធាន​ការិយាល័យ​កសិកម្ម​រូប​នេះ បាន​បញ្ជាក់​ថា កសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​មមាញឹក ក្នុង​ការ​ប្រមូល​ផល​ពោតក្រហម និង​ទទួល​បាន​តម្លៃ​សមរម្យ​មួយ​។ 

ដោយឡែក លោកស្រី ឌុ​ក ស្រី​ដួល អ្នក​ប្រមូល​ទិញ​ពោតក្រហម នៅ​ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នកជំនាញ​កសិកម្ម​ខាងលើ​នោះ​ទេ​។ ឈ្មួញ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​ពោតក្រហម ឆ្នាំ​នេះ មិន​ខុស​គ្នា​នោះ​ទេ នឹង​ឆ្នាំ​មុន​។ តម្លៃ​ពោតក្រហម ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ សម្រាប់​គ្រាប់ពោត​ដែល​បាន​ប្រលេះ​ហើយ មាន​តម្លៃ ៧៥០​រៀល ទៅ ៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​។  ដោយឡែក សម្រាប់​ពោត ដែល​មិន​ទាន់​ប្រលេះ​វិញ មាន​តម្លៃ ៥៦០​រៀល ក្នុង​មួយ​គីឡូក្រាម​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក តុល សា​រ៉េ​ត មន្ត្រី​ទីផ្សារ​ខេត្តបាត់ដំបង ឯណោះ​វិញ បាន​មើលឃើញ​ថា ទីផ្សារ​ពោតក្រហម នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ ក៏​មិន​មានការ​ប្រែប្រួល​អ្វី​ដែរ​។ លោក​ថា សព្វ​ថ្ងៃនេះ វត្តមាន​ឈ្មួញ​ថៃ នៅ​តែ​ចុះ​មក​ប្រមូល​ទិញ គ្រាប់ពោត ពី​កសិករ ដូច​ធម្មតា តែ​តម្លៃ​ពោតក្រហម ក្នុងឆ្នាំនេះ​វិញ លោក​មិន​អាច​បញ្ជាក់​បាន​នោះ​ទេ ព្រោះ​ខេត្តបាត់ដំបង មិន​ទាន់​ដល់​រដូវ​ប្រមូល​ផល​ពោត នៅឡើយ​។ លោក សា​រ៉េ​ត បាន​បញ្ជាក់​ថា រដូវ​ប្រមូល​ផល​ពោតក្រហម នៅ​ខេត្តបាត់ដំបង គឺ​នៅ​អំឡុង​ខែធ្នូ ហើយ​តម្លៃ​ពោតក្រហម ដែល​ឈ្មួញ​ថៃ​ចុះ​មក​ទិញ​កន្លង​មក មាន​តម្លៃ ៤ ទៅ ៥​បាត ឬ​ស្មើនឹង​ប្រមាណ​ជិត ៥០០​រៀល ទៅ​ជាង​៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​កសិផល​សំខាន់​ៗ ប្រមាណ ៥​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កើនឡើង​ជាង ៨៧​ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២០​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​គ្រាប់ពោត ប្រមាណ ១៤​ម៉ឺន​តោន ទៅ​កាន់​តំបន់​អាស៊ាន ដោយ​គ្រាប់ពោត ប្រមាណ ៤​ម៉ឺន​តោន បាន​នាំ​ចេញ​ទៅ​ថៃ និង​ប្រមាណ ១០​ម៉ឺន បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់សាលារៀនឯកជន រំពឹងខ្ពស់ថាសាលានឹងបើកឡើងវិញឆាប់ៗនេះ

ព័ត៌មាន
ម្ចាស់សាលារៀនឯកជន បានបង្ហាញពីក្ដីរំពឹងខ្ពស់ជាងមុន ចំពោះការឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗនេះ ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែចា…

ហេតុផលនៅពីក្រោយអ្វី ការលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដែលស្ថិតនៅតំបន់ចុងឃ្នៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ