បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រួម ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) កាលពីថ្ងៃពុធ លោក ផាយ៉ុង ស្រីវ៉ានិច (Payong Srivanich) ប្រធានសមាគមធនាគារថៃ បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័សនេះ កំពុងបង្កើនទំនុកចិត្តដល់សាធារណៈ និងបង្កើតទស្សនវិស័យវិជ្ជមានសម្រាប់ទីផ្សារហិរញ្ញវត្ថុ និងមូលធន។
លោក ផាយ៉ុង បាននិយាយថា ទោះបីមានការចូលរួមពីគណបក្សនយោបាយជាច្រើនក៏ដោយ ក៏ភាពស្អិតរមួត និងស្ថិរភាពរបស់រដ្ឋបាលថ្មី ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានទំនុកចិត្តលើវិស័យធុរកិច្ច ហើយការបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័សនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចថៃ និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរបស់ថៃ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលទើបបង្កើតថ្មីនេះ អនុវត្តវិធានការបន្ថែម ដើម្បីជំរុញឧស្សាហកម្មអចលនទ្រព្យ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងឱ្យវិស័យមួយនេះនៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោក អាទីប ប៊ីចានន់ដា (Athip Bijanonda) ប្រធានកិត្តិយសនៃសមាគមអាជីវកម្មលំនៅឋាន បានបង្ហាញផែនការមួយចំនួន ដើម្បីជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលថ្មីនៅពេលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។
ថ្លែងទៅកាន់អ្នកសារព័ត៌មានថៃ ក្នុងដំណើរទស្សនកិច្ចទៅទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា លោក អាទីប បាននិយាយថា កិច្ចប្រជុំនេះមានបំណងតាមដានសំណើសម្រាប់វិធានការជំរុញសេដ្ឋកិច្ចតាមរយៈវិស័យអចលនទ្រព្យ៕
អត្ថបទ៖ សុខ មង្គល