ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះកម្ពុជាពុំទាន់ទទួលបានការជូនដំណឹងពីប្រទេសណាមួយជុំវិញការរាំងស្ទះក្នុងការដឹកជញ្ជូនទំនិញ ដោយសារវិបត្តិនៅប្រទេសអ៊ុយក្រែននៅឡើយទេ។ ពោលគឺការដឹកជញ្ជូន និងផ្គត់ផ្គង់ទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារគោលដៅនៅប៉ែកអឺរ៉ុបនៅប្រព្រឹត្តទៅជាធម្មតា ពុំមានការរំខាន ឬរាំងស្ទះណាមួយពីវិបត្តិនៅអ៊ុយក្រែននោះទេ។ ម្យ៉ាងទៀត ដោយសារ លោកឧកញ៉ា ស៊ិន ចន្ធី យល់ថា ការប៉ះទង្គិចគ្នានេះនៅមានរយៈពេលខ្លី ទើបពុំទាន់មានផលរំខានជាដុំកំភួនណាមួយកើតមានឡើង។ តែយ៉ាងណា ខាងសមាគមនឹងបន្តតាមដានព្រឹត្តិការណ៍នេះដោយយកចិត្តទុកដាក់ ក្រែងមានផលរំខានណាមួយដល់ការនាំចេញទំនិញរបស់កម្ពុជា។
ជុំវិញវិបត្តិនៅអ៊ុយក្រែននេះដែរ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធសូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានផលប៉ះពាល់ណាមួយបង្កឡើងដោយវិបត្តិនៅអ៊ុយក្រែនធ្វើឲ្យរាំងស្ទះដល់ការនាំចេញ ឬបញ្ជាទិញអង្ករពីទីផ្សារអឺរ៉ុបនោះទេ។ ពោលគឺការនាំចេញ និងបញ្ជាទិញអង្ករកម្ពុជាពីអឺរ៉ុបនៅតែមានជាហូរហែ ហើយអ្វីដែលជាបញ្ហាចោទសម្រាប់ការនាំចេញអង្ករកម្ពុជានោះគឺ កង្វះទូកុងតឺន័រ និងថ្លៃដឹកជញ្ជូនឡើងថ្លៃ។ ប៉ុន្តែក្នុងករណីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តអូសបន្លាយ និងរីកដុះដាលកាន់តែធំ អ្នកជំនួញរូបនេះជឿជាក់ថា ចង់ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាក់ជាមិនខាន។
ជាមួយគ្នានេះលោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ឃើញថា វិបត្តិនៅអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ចរន្តនាំចេញ និងផ្គត់ផ្គង់ទំនិញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនោះទេ។ មិនប៉ះពាល់ក៏ដោយសារសង្គ្រាមនេះធ្វើឡើងតែរវាងភាគីរុស្ស៊ី និងអ៊ុយក្រែន តែបើសង្គ្រាមនេះរាលដាលដល់អឺរ៉ុបច្បាស់ណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាក់ជាមិនខាន។
ពាក់ព័ន្ធបញ្ហានេះដែរលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាអះអាងដូចគ្នាថា បញ្ហាវិបត្តិនៅអ៊ុយក្រែនមិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតសម្លៀកបំពាក់ និងវាយនភណ្ឌរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនោះទេ។ សម្រាប់លោក កាំង ម៉ូនីកា វាហាក់ដូចជាលឿនពេកក្នុងការវាយតម្លៃពីផលប៉ះពាល់ដោយសារវិបត្តិនៅអ៊ុយក្រែនមកលើវិស័យឧស្សាហកម្មកម្ពុជាដោយសារបញ្ហានេះទើបកើតឡើងក្នុងរយៈពេលខ្លី។ លោក កាំងម៉ូនីកាគូសបញ្ជាក់ថា ប្រសិនសង្គ្រាម អូសបន្លាយ វានឹងមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នពីរុស្ស៊ី ឬក៏រុស្ស៊ី អាចនឹងសងសឹក ដោយការបិទលំហូរឧស្ម័ន ទៅកាន់សហភាពអឺរ៉ុបវិញ បន្ទាប់ពីរុស្ស៊ីបានរងនូវទណ្ឌកម្មជាច្រើន។ ប្រការនេះ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា៕