ជាការឆើ្លយតបទៅនឹងសាធារណជន ដែលធ្លាប់តែស្រពិចស្រពិលថា វិស័យអចលនទ្រព្យនៅឆ្នាំ២០១៧ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំកន្លងទៅ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា អ្នកនិយាយចេះតែនិយាយ តែអ្នកធ្វើនៅតែធ្វើ ដូចដែលបានឃើញស្រាប់ហើយ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានធំៗនៅកម្ពុជាកំពុងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែច្រើន។
ចំណែកគម្រោងថ្មីៗផ្សេងទៀត ក៏បានបញ្ចេញកាន់តែច្រើនក្នុងទីផ្សារដែរ ដូច្នេះ លោក គីម ហ៊ាង មើលមិនឃើញថា វិស័យអលនទ្រព្យមានការធ្លាក់ចុះនោះទេ តែអ្វីដែលលោកមើលឃើញ គឺការប្រកួតប្រជែងច្រើន ធ្វើឲ្យប្រាក់ចំណេញពីការធ្វើជំនួញលើវិស័យអចលនទ្រព្យបានថមថយកំណើនជាងឆ្នាំមុនៗ។
លោក គីម ហ៊ាង បានពន្យល់យ៉ាងដូច្នេះថា ៖ «នៅពេលដែលយើងមានផលិតផលដាក់លក់តែឯង យើងកំណត់តម្លៃប៉ុន្មានក៏បានដែរ ខុសពីឥឡូវនេះ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានក៏ច្រើន ខុនដូ ឬអគារស្នាក់នៅរួមក៏ច្រើន ដីឡូត៍ប្រកាសដាក់លក់ក៏ច្រើន ដូច្នេះ បើយើងយកចំណេញច្រើន ប្រាកដណាស់គេនឹងមិនអាចទិញផលិតផលយើងនោះឡើយ ព្រោះគេមានជម្រើសច្រើន»។
លោកបន្តថា ការវិនិយោគបែបនេះ កាលពីមុន មានតែយើង យើងអាចយកចំណេញពី ២ ទៅ ៣ដងបាន តែឥឡូវគឺមិនអាចនោះឡើយ។ ដូច្នេះ បច្ចុប្បន្ន បញ្ហាគឺស្ថិតនៅលើតម្លៃតែប៉ុណ្ណោះ។ នៅពេលការប្រកួតប្រជែងកាន់តែខ្លាំង ប្រាក់ចំណេញនឹងថយចុះ តែវាមិនខាតឡើយសម្រាប់ការវិនិយោគអចលនទ្រព្យ។
យ៉ាងណាក៏ដោយ លោក គីម ហ៊ាង បានឲ្យដឹងទៀតថា វិស័យអចលនទ្រព្យនៅឆ្នាំនេះ បាននិងកំពុងឈរលំដាប់នាំមុខគេមួយនៃវិស័យសំខាន់ៗផ្សេងទៀត ក្នុងទិសដៅបន្តគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ការរីកលូតលាស់ខ្លាំងនៃវិស័យនេះ ក៏បានធ្វើឲ្យតម្រូវការភ្នាក់ងារផ្ដល់សេវាកម្មផ្នែកអចលនវត្ថុក៏កំពុងមានតម្រូវការខ្លាំងផងដែរ ពិសេស គឺភ្នាក់ងារដែលមានវិជ្ជាជីវៈច្បាស់លាស់តែម្តង។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ គម្រោងស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ មានចំនួនសរុប ១ពាន់៥២៣ គម្រោង ដែលមានទុនវិនិយោគជិត ៥ពាន់លានដុល្លារ ក្នុងនោះ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានមាន ១៤ទីតាំង និងគម្រោងអភិវឌ្ឍន៍សំណង់បរទេសមាន ១៥គម្រោង៕