ប្រទេសថៃ

ថៃកំណត់គោលដៅចំណូល១១ពាន់លានដុល្លារពីវិស័យទេសចរណ៍នៅឆមាសទី២ឆ្នាំនេះ


រដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រហែល ៤០០ ពាន់លានបាត ឬស្មើនឹងប្រហែល១១ពាន់លានដុល្លារ ពីភ្ញៀវទេសចរបរទេសដែលទៅកម្សាន្ដនៅប្រទេសក្នុងឆមាសទី២ឆ្នាំនេះ ខណៈដែលចំនួនអ្នកធ្វើដំណើរកម្សាន្តបានត្រឡប់ទៅលេងប្រទេសថៃវិញកាន់តែច្រើនឡើង បន្ទាប់ពីមានការបន្ធូរបន្ថយភាគច្រើននូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។
ថៃកំណត់គោលដៅចំណូល១១ពាន់លានដុល្លារពីវិស័យទេសចរណ៍នៅឆមាសទី២ឆ្នាំនេះ
ដោយ

អ្នកដំណើរអន្តរជាតិប្រហែល ៧លាន៥សែននាក់ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅលេងតំបន់ទេសចរណ៍នៅប្រទេសថៃដូចជាទីក្រុងបាងកក កោះភូកេត និងកោះសាមុយនៅចន្លោះខែកក្កដា ដល់ខែធ្នូឆ្នាំ ហើយតួលេខនេះគឺមានការកើនឡើង ១ ៨៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមលោកស្រីរ៉ាច់ឆាដា នាឌីរិក (Rachada Dhnadirek) អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ ហើយលោកស្រីបានបញ្ជាក់ទៀតថា កំណើនភ្ញៀវទេសចរនៅឆមាសទី២នេះ នឹងជំរុញឱ្យភ្ញៀវទេសចរសម្រាប់ពេលពេញ១ឆ្នាំ២០២២ ឡើងដល់ ១០ លាននាក់។

ប្រទេសថៃក៏ដូចជាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ភាគច្រើនដទៃទៀតដែរ គឺកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរជាសាកល ក្រោយអាជ្ញាធរបានលុបចោលស្ទើរតែទាំងអស់នូវវិធានការរឹតបន្តឹងកូវីដ១៩។

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍បានប្រសើរជាងការរំពឹងទុកនេះ បានជំរុញឱ្យធនាគារកណ្តាលថៃ និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត បានបង្កើនការប៉ាន់ប្រមាណលើចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសនេះ ហើយវាថែមទាំងជួយទប់ស្កាត់ផលប៉ះពាល់ដល់ប្រទេសថៃ ពីបញ្ហាអតិផរណាឡើងខ្ពស់រយៈពេលច្រើនឆ្នាំ និងការនាំចេញធ្លាក់ចុះផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកស្រី Rachada បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ការលើកទឹកចិត្ត និងវិធានការរបស់រដ្ឋាភិបាលនឹងបង្កើនល្បឿននៃការស្តារឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដរ៉ាំងរ៉ៃ ភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៊ី និងអតិផរណាត្រូវគេមើលឃើញថាជាឧបសគ្គសំខាន់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅប្រទេសថៃ។

ការត្រលប់មកវិញរបស់ភ្ញៀវទេសចរក៏បានជំរុញឱ្យមានការចុះឈ្មោះអាជីវកម្មថ្មីទាក់ទងនឹងទេសចរណ៍ផងដែរ ដោយលោកស្រី Rachada បានបញ្ជាក់ថា អាជីវកម្មថ្មីជិត៥៥០ កន្លែងបានសុំការបើកអាជីវកម្មរបស់ពួកគេក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះពោលគឺបានកើនឡើង ប្រហែល១៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋាភិបាលថៃបាននិយាយកាលពីដើមខែនេះថា ប្រទេសថៃនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីជាង ៥០ ប្រទេស អាចបន្តស្នាក់នៅក្នុងប្រទេសរហូតដល់ ៤៥ ថ្ងៃនៅចន្លោះខែតុលាឆ្នាំនេះ និងខែមីនាឆ្នាំក្រោយ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

សូមរំលឹកថា កាលពីមុនពេលជំងឺកូវីដផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ថៃបានរួមចំណែកប្រហែល ១២% ដល់ផលិតផលក្នុងស្រុកសរុប និងរួមចំណែក ២០% នៃការងារសរុបក្នុងប្រទេសនេះ។ បើតាមធនាគារកណ្តាលថៃបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់បានទៅលេងប្រទេសនេះក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបានជាង ៦០ ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការដំឡើងថ្លៃអង្ករពិភពលោករបស់ថៃ និងវៀតណាម?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា គាំទ្រចំពោះយន្តការរបស់ថៃ និងវៀតណាម ដែលសហការគ្នាដំឡើងថ្លៃអង្ករពេលនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ព្…

រដ្ឋាភិបាលអ៊ីស្រាអែលបង្កើនកូតាទទួលនិស្សិតកម្ពុជាទៅរៀននៅអ៊ីស្រាអែលដល់២៥០នាក់ក្នុងមួយឆ្នាំ

ព័ត៌មាន
បើទោះបីជាប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់បន្ថយការទទួលនិស្សិតពីបណ្តាប្រទេសផ្សេងៗមែន ប៉ុន្ដែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ