អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្ពោធដាក់ឲ្យដំណើរការឡើងវិញនូវស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខានាគវ័ន្ដ


ស្ថានីយប្រេងឥន្ធនៈ ភីធីធី​ សាខានាគវ័ន្ត ទីតាំងស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យដំណើរការឡើងវិញជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
DSC00491
ដោយ
អំពី PTT

ការដាក់សម្ពោធឲ្យដំណើរការឡើងវិញធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ​ និងថាមពល ដំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល ឯកឧត្តម ទុន ត្រៃ សុរាដ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។​ ​អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា)។ លោក ណាត់ថៈភុង កែវត្រៈគូនភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា)។

ស្ថានីយប្រេងឥន្ធនៈ ភីធីធី​ សាខានាគវ័ន្ត បាន​បើក​ដំណើរការចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ​ជា​ស្ថានីយ​ភីធីធី​ ទី២ របស់ក្រុមហ៊ុន​ ដំបូងគេនៅ​កម្ពុជា គ្រប់គ្រងនិងដំណើរការដោយ ​តំណាងចែកចាយ​ ហើយបានបានទិញ​ប្រេង​ពី​ក្រុមហ៊ុន ភីធីធីនៅ​ប្រទេស​ថៃ​មក​លក់​​ហើយប្រើប្រាស់ពាណិជ្ជនាម-សញ្ញា ភីធីធី។​​ បន្ទាប់​មកនៅ​ឆ្នាំ ២០១៣ ស្ថានីយនេះបានផ្លាស់ប្តូរពីតំណាងចែកចាយ មកគ្រប់គ្រង​​និងដំណើការ ដោយក្រុមហ៊ុនផ្ទាល់វិញ ដែលហៅថា Company Owned Company Operate ឬ COCO។ បន្ទាប់ពីបើកដំណើរការ និងផ្តល់សេវាកម្មជូនអតិថិជនអស់ រយៈពេលជាង ២៥ ឆ្នាំ  ដោយមានការផ្លាស់ប្តូរបរិបទអាជីវកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ ដែលមានស្តង់ដាខ្ពស់ ។ កាលពីដើមឆ្នាំ ២០២៤  ស្ថានីយប្រេងឥន្ធនៈ ភីធីធី នាគវ័ន្ត ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដើម្បីធ្វើការជួសជុលកែលម្អទ្រង់ទ្រាយធំ និងរៀបចំរចនាស្ថានីយឡើងវិញក្នុងរូបរាងថ្មី មានភាពស្រស់ស្អាតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការពង្រីកនូវចំណតរថយន្ត កែលម្អច្រកចេញ-ចូល ឱ្យកាន់តែមានភាពងាយស្រួលជាងមុន​ រួមទាំងបន្ថែមស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី EV Station Pluz រួមជាមួយអគារសម្រាប់អាជីវកម្ម Lifestyle ជាច្រើន ដែលរចនាឡើង មានកម្ពស់ ០២ ជាន់ដ៏ប្រណិត សម្រាប់ពង្រីកទំហំហាងកាហ្វេ Café Amazon អោយមានទីធ្លាធំទូលាយ ព្រមទាំងមានបន្ថែមនូវ អាជីវកម្មថ្មីៗជាច្រើនទៀត ក្នុងនោះក៏មានហាងបោកគក់ទំនើប Otteri Wash & Dry  ហាងទំនិញ 7-ELEVEN ផងដែរ ។

ក្នុងឱកាសនោះ ផងដែរ ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ​ និងថាមពល បានថ្លែងអបអរសារទរ ការបើកសម្ពោធឲ្យដំណើរការឡើងវិញជាផ្លូវការ នៃស្ថានីយប្រេងឥន្ធនៈ ភីធីធី​ សាខានាគវ័ន្ត ។ ហើយលោកក៏បានបង្ហាញពីចក្ខុវិស័យ របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើឲសម្រេចបាននូវភាពល្អប្រសើរបំផុតនូវការគ្រប់គ្រង និងប្រើប្រាស់សក្តានុពលប្រេងកាត​ និងផលិតផលប្រេងកាតនៅក្នុងប្រទេស ដើម្បីលើកកម្ពស់វឌ្ឍភាពសង្គម ធានាសុខមាលភាពសារធារណៈ​ សន្តិសុខ និងសុវត្ថិភាព។ សកម្មភាពផ្នែកដោនស្រ្ទីមនៃវិស័យប្រេងកាតបានកំពុង​បំពេញតម្រូវការនៃការកើនឡើងសេដ្ឋកិច្ចជាតិ អាជីវកម្មបើកស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ​ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមានការកើនឡើងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះចំនួនស្ថានីយទូទាំងប្រទេសទាំងអស់សរុបចំនួន ៦១៨៦ ក្នុងនោះស្ថានីយរបស់ក្រុមហ៊ុន ភីធីធី ខេមបូឌា មាន​ចំនួន ១៨៧ និងហាងកាហ្វេ អាម៉ាហ្សូន មានចំនួន​ ២៥៤ កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច​ និងជាដៃគូរវិនិយោគបរទេសមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា»។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រសួងរ៉ែ និងថាមពល នឹងបន្តគាំទ្រសហការ និងជួយសម្របសម្រួលដល់​ក្រុមហ៊ុន​ភីធីធី (ខេមបូឌា) ក្នុងសកម្មភាពធុរកិច្ចផ្នែកដោនស្រ្ទីមរបស់ខ្លួនបន្ថែមទៀត។

ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុន ត្រៃ សុរាដ បានលើកឡើងដែរថា «​ ស្ថានីយប្រេងឥន្ធនៈ ភីធីធី មានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងស្តង់ដាររបស់ខ្លួន។ ភីធីធី មិនត្រឹមតែជាស្ថានីយប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអតិថិជនចំណាយពេលវេលា ប្រកបដោយគុណភាព ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិបន្ទាប់ពីបើកបរផ្លូវឆ្ងាយ ជាមួយនឹងសេវាកម្មផ្សេងៗរួមមានអាហារ និងភេសជ្ជៈ។ ការរីកចម្រើន និងភាពជោគជ័យបង្ហាញឱ្យឃើញថា ភីធីធី នឹងបន្តក្លាយជាជើងឯក ក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួន ជាមួយនឹងស្តង់ដារគុណភាព។ ហើយពិធីសម្ពោធស្ថានីយ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់អាជីវកម្មរបស់ ភីធីធី នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់មួយទៀតក្នុងការរួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា) បានបញ្ជាក់ផងដែរថា « ក្រុមហ៊ុន ភីធីធី (ខេមបូឌា)​ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ OR​ (អូអា) ដោយយើងមើលឃើញពីសក្តានុពលរបស់កម្ពុជាទាក់ទងនិងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងឱកាសអាជីវកម្មសម្រាប់វិនិយោគិនបរទេស។ OR មានបំណងធ្វើឱ្យកម្ពុជាក្លាយជា Second Homebase របស់ OR បន្ទាប់ពីប្រទេសថៃ។ ដោយក្នុងនោះក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងក្លាយជាប្រតិបត្តិករដ៏សំខាន់ក្នុងការនាំយកអាជីវកម្មរបស់ OR មកកាន់ទីផ្សារកម្ពុជា។ យើងជឿជាក់ថា ក្រុមហ៊ុនយើង​នឹង​ក្លាយ​ជា​យន្តការ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​វិស័យថាមពល និង​សេដ្ឋកិច្ច​មកកាន់ប្រទេស​កម្ពុជាបាន»

អ្នកអង្គម្ចាស់ ក៏បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស និងសង្ឃឹមយ៉ាងមុតមាំថា ទាំងអស់គ្នានឹងជួយគាំទ្រដល់អាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ទាំងអាជីវកម្មប្រេង និង អាជីវកម្ម Lifestyle រួមទាំងផលិតផលប្រេងសម្រាប់ឧស្សាហកម្ម ផលិតផលប្រេងរំអិល ហើយនិងផលិតផលថ្មី ៗ របស់យើងដូចជា ហ្គាស (LPG) និង កៅស៊ូថ្នល់ (Asphalt) បន្ថែមទៀតនាពេលអនាគត។

លោក ណាត់ថៈភុង កែវត្រៈគូនភុង អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ផងដែរថា « ភាពជោគជ័យ​ដែល​ក្រុមហ៊ុន​ភីធីធី (ខេមបូឌា) អាចសម្រេច​បានមក​ដល់​ចំណុច​នេះគឺសុទ្ធសឹងតែជាសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្រុមហ៊ុន បានរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ថែមទាំងជួយជំរុញសក្តានុពលនៃវិស័យទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាផងដែរ លើសពីនេះ​ ​វត្តមានរបស់ ក្រុមហ៊ុន​ភីធីធី (ខេមបូឌា) បានជួយបង្កើតឱកាសការងារ ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលបានលើកស្ទួយកម្រិតជីវភាពប្រជាជនព្រមទាំងវិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ»

លោកបានថ្លែង អបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយឆ្នាំនេះក៏ជាឆ្នាំនៃភាពជោគជ័យរបស់ក្រុមហ៊ុន បន្ថែមមួយជំហានទៀត ដែលបានបើកដំណើរអាជីវកម្មអស់រយៈពេល ៣០ ឆ្នាំនៅក្នុងប្រទេសជាមិត្តមួយនេះ។ ជាពេលវេលាដែលពោរពេញទៅដោយការអភិវឌ្ឍ ការរៀនសូត្របន្ថែម និងការរីកចម្រើនគ្មានទីបញ្ចប់។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) មានស្ថានីយប្រេងឥន្ធនៈសរុបចំនួន ១៨៧ ស្ថានីយ ហើយក្រុមហ៊ុនគ្រោងនឹងបើកស្ថានីយប្រេងឥន្ធនៈឱ្យដល់ ២០០ ស្ថានីយ នៅទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ហើយក្រុមហ៊ុន បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូននូវផលិតផល និងសេវា​កម្មទៅកាន់​អតិថិជននៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស ជាមួយការនឹងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាព ស្របតាមស្តង់ដា EURO 5 ដែលសាកសមបំផុតសម្រាប់យានយន្តគ្រប់ប្រភេទ ថែមទាំងល្អសម្រាប់បរិស្ថាន បរិមាណគ្រប់លីត្រ ព្រមជាមួយសេវាកម្មដ៏ល្អបំផុត ក្រៅពីនេះយើងក៏មានអាជីវកម្មផ្សេងទៀតសម្រាប់បម្រើតម្រូវការអតិថិជនគ្រប់រូបផងដែរ។​​ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ភីធីធី (ខេមបូឌា)  សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ ដៃគូអាជីវកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយ ក្រុមហ៊ុន ប្តេជ្ញាក្នុងការបន្តផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវអតិថិជនទូទាំងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។




អត្ថបទបន្ទាប់


រថយន្ដដឹកទំនិញអគ្គិសនី ម៉ាកអន្តរជាតិ Karry បង្ហាញវត្តមាននៅក្នុងទីផ្សារកម្ពុជា

រថយន្តដឹកទំនិញអគ្គីសនីម៉ាកល្បីអន្តរជាតិ Karry រួមមានរថយន្តប្រភេទ Cargo Van ទូត្រជាក់ ទូស្ងួត ក្បាលអូសសណ្ដោង រមក កុងតឺន័រ ដែលប្រើអគ្គីសនី…

រដ្ឋបាលលោក ដូណាល់ ត្រាំ រកឃើញឈ្មោះខ្មោចស៊ីកេរ្តិ៍អាម៉េរិក ជាង៣លាននាក់

ក្រោយទទួលភារកិច្ចដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាលក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពូលមហាសេដ្ឋីមានបំផុតរបស់ពិភពលោក អេឡិន ម៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ