ពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប

ក្រុមអ្នកជំនាញថា ទំនាក់ទំនងពាណិជ្ជកម្មចិន និង អឺរ៉ុបគឺពិបាកនឹងបំបែក ទោះជាខ្វែងគំនិតគ្នាជុំវិញសង្គ្រាមអ៊ុយក្រែនក៏ដោយ


ក្រុមអ្នកជំនាញបាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសចិននិងសហភាពអឺរ៉ុប (EU) អាចមើលឃើញភាពតានតឹងនឹងគ្នាខ្លះៗ លើជំហររបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមអ៊ុយក្រែន ប៉ុន្តែភាពរកាំរកូសនេះ ទំនងជាមិនអាចឈានទៅកាត់ផ្តាច់ទំនាក់ទំនងភាគីទាំងពីរចេញពីគ្នាបាននោះឡើយដោយសារទំនាក់ទំនងពាណិជ្ជកម្មបានចាក់គ្រឹះរឹងមាំ និងការមិនអាចខ្វះបាននៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ររវាងគ្នានឹងគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
លោកប្រធានាធិបតី ស៊ី​ ជីនពីង រូបភាព៖ Yahoo
ដោយ

ប្រទេស​ចិន​បាន​នាំមុខ​សហរដ្ឋអាមេរិក​ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ​២០២០-២០២១ ដោយសារ​តម្រូវការ​ខ្លាំង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​ចិន​មាន​តម្លៃ​ជាង ៦៣០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២០ និង​មាន​តម្លៃ​ជាង ៧០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​ស្ថាប័ន Eurostat ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​ស្ថិតិ​របស់​គណៈកម្មការ​អឺរ៉ុប​។

ដោយឡែក បើ​មើល​លើ​ទំហំ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​សហរដ្ឋអាមេរិក​វិញ មាន​តម្លៃ ជាង​៦០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង​មាន​តម្លៃ​ជាង​៦៨០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១​។

ទោះជា​ពាណិជ្ជកម្ម​បានការ​កើនឡើង​ក៏​ដោយ ប៉ុន្តែ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ចិន​បាន​ជាប់​គាំង​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ ដោយ​កិច្ចព្រមព្រៀង​វិនិយោគ​ដែល​បាន​ចរចា​ជា​យូរ​មក​ហើយ​រវាង​ភាគី​ទាំង​២​នេះ​ត្រូវ​បាន​ផ្អាក​តាំង​តែ​ពី​ខែឧសភា​ឆ្នាំ​មុន​មក​ម្ល៉េះ​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ខកចិត្ត​ជា​ថ្មី​ជាមួយ​ប្រទេស​ចិន ដែល​បាន​មិន​បាន​ប្រឆាំង​នឹង​ទីក្រុង​ម៉ូ​ស្គូ ប៉ុន្ដែ បែរជា​មានការ​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​ប​ស្ចឹ​ម​លោក​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ទៅ​វិញ​។

ទោះ​យ៉ាងណា អ្នកស្រី Wang Jue សហការី​នៃ​កម្មវិធី​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុម​អ្នកវិភាគ Chatham House បាន​និយាយ​ថា «​ពាណិជ្ជកម្ម​ចិន​-​សហភាព​អឺរ៉ុប​នឹង​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ខ្លី​មិនមែន​ដោយសារ​តែ​ជំហរ​របស់​ចិន​លើ​អ៊ុយ​ក្រែ​ន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ហេតុផល​មួយ​ចំនួន​ទាក់ទង​នឹង​សង្គ្រាម​នេះ​ដូច​ជា​ការ​រំខាន​ផ្លូវ​រថភ្លើង បញ្ហា​បច្ចេកទេស និង​ភស្តុ​ភារ​ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​ថាមពល​ជាដើម​។

ជាមួយ​គ្នា​នេះ លោក តាង ហេ​វ៉េ (Tang Heiwai) នាយក​ស្តីទី​នៃ​វិទ្យាស្ថាន​អាស៊ី​សកល​នៃ​សាកលវិទ្យាល័យ​ហុងកុង​បាន​និយាយ​ថា សង្គ្រាម​អ៊ុយ​ក្រែ​ន​នឹង​មិន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម "​ក្នុង​លក្ខណៈ​សំខាន់​"​នោះ​ទេ ដោយសារ​តែ​ប្រទេស​ចិន​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ដ៏​សំខាន់​ដូច​ជា កុំព្យូទ័រ គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ និង​ទូរស័ព្ទ​ចល័ត​ទៅ​ឲ្យ​សហភាព​អឺរ៉ុប​។

លោក តាង បាន​និយាយ​ថា ពួក​គេ​បាន​មើលឃើញ​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​គឺ​ភាគច្រើន​ដោយសារ​កំណើន​ការ​នាំ​ចេញ​ដោយ​ប្រទេស​ចិន​កំពុង​មាន​អតិរេក​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០២១​។

ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​កើនឡើង​ដល់​ជាង ៥០០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១ ពោល​គឺ​បាន​កើនឡើង​ពី​ចំនួន​ជាង​៤០០ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០​ដោយ​បាន​ពង្រីក​ឱនភាព​ពាណិជ្ជកម្ម​របស់​ប្លុក​នេះ ជាមួយ​ប្រទេស​ចិន​ដល់​ប្រមាណ​២៧០ ពាន់​លាន​ដុល្លារ​។

អ្នកស្រី ម៉ាត​ជេ វិច​ហ្វេ​ឡាស (Maartje Wijffelaars) សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Rabobank សម្រាប់​តំបន់​អឺ​រ៉ូ​បាន​និយាយ​ដែរ​ថា ជា​ការ​ពិត​ប្រទេស​ចិន​បាន​នាំមុខ​សហរដ្ឋអាមេរិក​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​គេ​គួរតែ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ការ​បកស្រាយ​តួលេខ​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​ក៏​ដូច​ជា​តួលេខ​នៅ​ឆ្នាំ​២០២២​នេះ នៅ​ពេល​ខាង​មុខ​ទៀត​ផង​ដែរ ដ្បិត​លោកស្រី មើលឃើញ​ថា តួលេខ​នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ គឺជា​ឆ្នាំ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ជា​ពេលវេលា​ដែល​សេដ្ឋកិច្ច​ប្រទេស​នានា​មានការ​បិទ​បើក​ៗ៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងពេលពេញមួយសប្តាហ៍ខាងមុខនេះ

ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដ…

ក្រសួងសុខាភិបាលថៃពង្រឹងវិធានការការពារដើម្បីទប់ស្កាត់កូវីដ-១៩ ក្រោយថ្ងៃបុណ្យសង្ក្រាន្ដបានបញ្ចប់

ព័ត៌មាន
ក្រសួង សុខាភិបាលថៃ បានស្នើឲ្យអង្គភាពអាជីវកម្មនៅគ្រប់វិស័យ ឱ្យនិយោជិតធ្វើការ ពីផ្ទះ រយៈពេលប្រាំពីរថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ