តើការដឹកជញ្ជូនតាមផ្លូវដែកបានរួមចំណែកជួយបង្កើនភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាយ៉ាងណាដែរ?
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អ៊ិចប្រេស យល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវដែក នឹងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃដើមបានមួយកម្រិត ព្រោះការដឹកជញ្ជូនបែបនេះ វាមានតម្លៃខុសគ្នាច្រើនជាងការដឹកជញ្ជូនតាមផ្លូវថ្នល់។ បើតាមអ្នកជំនាញរូបនេះ ការកាត់បន្ថយថ្លៃដើមតាមរយៈការដឹកជញ្ជូនតាមផ្លូវដែកនេះ វានឹងជួយធ្វើឱ្យផលិតផល ឬទំនិញរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ជឿជាក់ថា តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា វានឹងជួយធ្វើឱ្យវិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត ហើយវាក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការទាក់ទាញអ្នកវិនិយោគពីបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជាផងដែរ។
គូរបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានបញ្ជាទិញទូរថភ្លើងថ្មីចំនួន២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃផែនការវិនិយោគរបស់ក្រុមហ៊ុននេះក្នុងការបង្កើនទូរថភ្លើងដឹកទំនិញថ្មីចំនួន២០០គ្រឿង ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ