ភាគីរុស្ស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រាប់អាមេរិកឲ្យឈប់បញ្ជូនអាវុធទៅអ៊ុយក្រែនដោយនិយាយថា ការចែកចាយសព្វាវុធ របស់លោកខាងលិចប្រៀបដូចជាការយកសាំងទៅចាក់លើភ្លើងអ៊ីចឹងដែរ។ ថ្លែងទៅកាន់សមាជិកសភានៅទីក្រុង សាន់ភីតធឺស្បឺក(St Petersburg) កាលពីថ្ងៃទី ២៧មេសា លោក ពូទីនបានចោទប្រកាន់ប្រទេសលោកខាងលិចថា ចង់កាត់រុស្ស៊ីទៅជាបំណែកផ្សេងៗ ហើយចោទប្រកាន់ទៀតថា លោកខាងលិចនេះហើយ បានរុញអ៊ុយក្រែនឱ្យមានជម្លោះជាមួយរុស្ស៊ី។
លោកពូទីនបានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ប្រសិនបើនរណាម្នាក់មានបំណងធ្វើអន្តរាគមន៍បន្តពីខាងក្រៅ ហើយបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ីដែលមិនអាចទទួលយកបាន ខ្ញុំធានាថា ពួកគេនឹងស្គាល់រសជាតិពីការសងសឹករបស់យើង លឿនដូចផ្លេកបន្ទោរ។ យើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើរឿងនេះ ហើយយើងនឹងមិនអួតក្អេងក្អាងទេ យើងនឹងធ្វើវាតែម្តងបើសិនជាចាំបាច់។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងឲ្យច្បាស់ពីរឿងនេះ។»នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
បើតាមប្រភពពីសេតវិមាន លោកចូបៃឌិន ក៏នឹងថ្លែងសារនៅថ្ងៃព្រហស្បតិ៍ទី២៨មេសាផងដែរ ដើម្បីគាំទ្រដល់ប្រជាជនអ៊ុយក្រែនក្នុងការការពារប្រទេស និងសេរីភាពរបស់ពួកគេ ប្រឆាំងនឹងសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី។
ស្របពេលដែលរុស្ស៊ីកំពុងដាក់សម្ពាធវាយលុកនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន រុស្ស៊ីក៏កំពុងប្រយុទ្ធលើសមរភូមិផ្នែកសេដ្ឋកិច្ចជាមួយលោកខាងលិចដែរ។ ប៉ុន្តែថ្មីៗនេះវាបានគំរាមកំហែងដល់ការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ពិសេសប្រទេសប៉ូឡូញ និងប៊ុលហ្ការី ហើយសេដ្ឋកិច្ចរុស្ស៊ីខ្លួនឯងក៏កំពុងស្ថិតក្រោមសម្ពាធខ្លាំងក្លាផងដែរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទើបបានព្យាករទម្លាក់សេដ្ឋកិច្ចរុស្ស៊ីដល់អត្រា -៨% នៅឆ្នាំនេះ។ ក្នុងនោះ ទណ្ឌកម្មរបស់លោកខាងលិច ជាដើមចមសំខាន់ជាងគេធ្វើឲ្យ ម៉ូស្គូជួបប្រទះនឹងវិបត្តិដ៏អាក្រក់បំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ភាគីអ៊ុយក្រែនបានទទូចជារឿយៗថា អឺរ៉ុបគួរតែបញ្ឈប់ការពឹងផ្អែកលើរុស្ស៊ីសម្រាប់ពាណិជ្ជកម្ម បន្ទាប់ពីរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅប៊ុលហ្គារី និងប៉ូឡូញ សម្រាប់ការមិនបង់ប្រាក់ជារូបិយបណ្ណរុស្ស៊ី។
គួរជម្រាបថា ប្រទេសអាល្លឺម៉ង់ ដែលជាអ្នកទិញថាមពលរុស្ស៊ីដ៏ធំបំផុត រំពឹងថានឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែបានព្រមានថា ការហាមឃាត់ ឬរារាំងថាមពលរបស់រុស្ស៊ីនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងវិបត្តិ៕