នៅក្នុងជំនួបជាមួយលោក ពូទីន នៅទីក្រុងសេនភីធឺស្ប៊ក (St Petersburg) ប្រទេសរុស្ស៊ីកាលពីចុងសប្ដាហ៍មុននេះ ប្រធានាធិបតីបេឡារុសលោក អាឡិកសានឌ័រ លូកាសេនកូ (Alexander Lukashenko) បានសម្តែងការព្រួយបារម្ភពីគោលនយោបាយ «ឈ្លានពាន ប្រឈមមុខដាក់គ្នា និងគួរឱ្យស្អប់ខ្ពើម» របស់ប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសលីទុយអានី និងប៉ូឡូញ។
លោក លូកាសេនកូ ប្រធានាធិបតីបេឡារុសបានស្នើសុំលោក ពូទីន ឱ្យជួយប្រទេសរបស់លោក ធ្វើ«ការឆ្លើយតបឱ្យស័ក្ដិសម»ចំពោះអ្វីដែលលោកបាននិយាយថា គឺជាការហោះហើរដោយមានអាវុធនុយក្លេអ៊ែររបស់សម្ពន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិកនៅព្រំដែនប្រទេសបេឡារុស។
លោក ពូទីន បាននិយាយថា បច្ចុប្បន្ននេះលោកមិនបានមើលឃើញពីភាពចាំបាច់ណាមួយសម្រាប់ការឆ្លើយតបឱ្យសមស្របនៅឡើយទេប៉ុន្តែថា ប្រសិនបើចាំបាច់មែននោះយន្តហោះចម្បាំងម៉ាក Su-25 ផលិតដោយរុស្ស៊ីរបស់ប្រទេសបេឡារុសនោះ គឺអាចនឹងត្រូវយកឱ្យកែច្នៃឱ្យប្រសើរឡើងនៅក្នុងរោងចក្ររុស្ស៊ី។
មន្ត្រីការបរទេសរុស្ស៊ីម្មាក់បាននិយាយសង្ខេបពីកិច្ចប្រជុំនេះថា ប្រទេសរុស្ស៊ីនឹងបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander-M ទៅកាន់ប្រទេសបេឡារុសដែលអាចប្រើប្រាស់បានទាំងមីស៊ីលផ្លោង និងមីស៊ីលបាញ់ត្រង់ទៅមុខដោយគេចង់បាញ់ក្នុងទម្រង់ធម្មតាក៏បាន ឬក៏បាញ់ក្នុងទម្រង់នុយក្លេអ៊ែរក៏បាន ដែលអាចរត់បានក្នុងល្បឿនរហូតដល់ ៥០០ គីឡូម៉ែត្រឯណោះ។
លោក Lukashenko បាននិយាយថា រដ្ឋាភិបាលទីក្រុង Minsk ត្រូវតែត្រៀមខ្លួនសម្រាប់អ្វីៗទាំងអស់សូម្បីតែការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដើម្បីការពារមាតុភូមិរបស់ពួកគេចាប់ពីទីក្រុង Brest រហូតដល់ទីក្រុង Vladivostok ក៏ដោយ ហើយលោកបានដាក់ប្រទេសបេឡារុសនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេសរុស្ស៊ីស្ថិតនៅក្រោមឆ័ត្រតែមួយ ហើយជាពិសេសនោះគឺលោកបានសុំឱ្យរុស្ស៊ីជួយកែច្នៃយន្តហោះយោធារបស់បេឡារុស្សឱ្យមានសមត្ថភាពនុយក្លេអ៊ែរ។
ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានកើនឡើងតាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពី៤ខែមុន ដោយចោទអង្គការណាតូថា គ្រោងនឹងទទួលស្គាល់អ៊ុយក្រែន និងប្រើប្រាស់វាជាវេទិកាមួយដើម្បីគំរាមកំហែងប្រទេសរុស្ស៊ី។
ទង្វើរបស់រុស្ស៊ីនេះមិនត្រឹមតែបង្កជាឧបសគ្គចំពោះទណ្ឌកម្មលោកខាងលិចតែប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជំរុញឱ្យប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានដាក់ពាក្យសុំចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
ហើយអ្វីដែលពិសេសទៀតនោះ គឺកាលពីសប្តាហ៍មុនប្រទេសលីទុយអានីបានធ្វើឱ្យរុស្ស៊ីឆេះដុំយ៉ាងដោយសារតែការរារាំងការដឹកជញ្ជូនទំនិញនៅក្រោមហេតុផលដាក់ទណ្ឌកម្មរបស់អឺរ៉ុបដែលធ្វើដំណើរឆ្លងកាត់ទឹកដីរបស់លីទុយអានីទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី។
ប្រទេសរុស្ស៊ីបានហៅវាថាជា «ការបិទផ្លូវ» ប៉ុន្តែប្រទេសលីទុយអានីនិយាយថា ការបិទផ្លូវនេះប៉ះពាល់តែ ១% នៃការដឹកជញ្ជូនទំនិញធម្មតានៅលើផ្លូវនេះប៉ុណ្ណោះ ហើយចរាចរណ៍អ្នកដំណើរគឹមិនរងផលប៉ះពាល់នោះទេ៕
អត្ថបទ៖ សុខ ជា