ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ក្នុងជំនួបមួយនៅវិមានប្រធានាធិបតីក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីវៀតណាម លោក តូ ឡាំ (To Lam) បានសង្កត់ធ្ងន់លើសារសំខាន់ និងភាពចាំបាច់នៃសន្តិភាព ហើយបានចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរជាគោលនយោបាយអាទិភាព។
កាសែតវៀតណាម ទួយ ត្រេ (Tuoi Tre) បានដកស្រង់សម្តីរបស់លោក ពូទីន ដែលបានលើកឡើងថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាអាទិភាពមួយរបស់រុស្ស៊ី ហើយរុស្ស៊ី គោរពការពិភាក្សាជាមួយអាស៊ាន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១១ ក្នុងវិស័យអប់រំ ការស្រាវជ្រាវបច្ចេកវិទ្យានុយក្លេអ៊ែរ ការបង្ការ និងទប់ស្កាត់ជំងឺ ការរុករកប្រេង និងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមហ៊ុនឈានមុខជាច្រើនរបស់រុស្ស៊ី ដូចជាក្រុមហ៊ុននុយក្លេអ៊ែររបស់រដ្ឋ រ៉ូសាទូម (Rosatom) ក្រុមហ៊ុនឧស្ម័នធម្មជាតិ ណូវ៉ាតេក (Novatek) និងក្រុមហ៊ុនប្រេងរដ្ឋ ហ្សារូបេសណេហ្វ (Zarubezhneft) ជាដើម។
លោក ពូទីន បានកោតសរសើរវៀតណាម ចំពោះការប្រកាន់ជំហរប្រកបដោយតុល្យភាពលើវិបត្តិអ៊ុយក្រែន និងគោលនយោបាយមិនជ្រៀតជ្រែក ហើយនិយាយថា ជាយូរមកហើយដែលប្រទេសរុស្ស៊ី បានគាំទ្រការតស៊ូរបស់ប្រជាជនវៀតណាម ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
សូមបញ្ជាក់ថា លោក ពូទីន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ហើយបានចាកចេញពីទីក្រុងហាណូយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម បានចាក់ឫសគល់នៅក្នុងសង្គ្រាមត្រជាក់ ដោយប្រទេសទាំងពីរចង់បង្ហាញឱ្យពិភពលោកដឹងថា ពួកគេមានជម្រើសនៅក្នុងការការពារសន្តិសុខជាតិរបស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែកលើមហាយក្សចិន ឬសហរដ្ឋអាម៉េរិក។
ហើយជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរលើកនេះ បានគូសបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់ក្រុងហាណូយ ខណៈដែលវៀតណាម ព្យាយាមរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកុម្មុយនីស្តផ្សេងទៀត និងបណ្ដាប្រទេសប្រជាធិបតេយ្យដែលជាគូប្រជែងនឹងគ្នា៕