អចលនទ្រព្យវៀតណាម

​សម្ពាធតម្រូវឱ្យមានផ្ទះ មានឡានមុនរៀបការកំពុងរុញច្រានយុវជនវៀតណាមឱ្យធ្លាក់ក្នុងវិបត្តិសុខភាពផ្លូវចិត្ត


ស្របពេលសេដ្ឋកិច្ចវៀតណាមមានសម្ទុះយ៉ាងលឿន ប៉ុន្តែយុវជនវៀតណាមរាប់លាននាក់បែរជាកំពុងប្រឈមមុខនឹងសម្ពាធជីវិតយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់ ខណៈប្រាក់ចំណូលកើនឡើងយឺត។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានទម្លាយតួរលេខដ៏គួរឱ្យតក់សម្គាល់ថា សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ហើយអាចសន្សំប្រាក់បាន១/៣នៃប្រាក់ចំណូលសរុប គឺត្រូវចំណាយពេលរហូតដល់ទៅ៨០ឆ្នាំ ទើបអាចមានសមត្ថភាពទិញអាផាតមិនតូចមួយទំហំ៧០ម៉ែត្រការ៉េបាន។
អចលនទ្រព្យវៀតណាម
ដោយ

សម្ពាធសង្គមដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានផ្ទះ និងមានរថយន្តផ្ទាល់ខ្លួនមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមធ្វើការងារច្រើនមុខក្នុងពេលតែមួយ ដែលកត្តានេះបានជំរុញឱ្យយុវជនវៀតណាមផឹកកាហ្វេច្រើន ដើម្បីទប់ទល់នឹងការងងុយគេងរហូតបណ្តាលឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះកំពុងក្លាយជារឿងរ៉ាវដ៏ក្តៅគគុកមួយនៅក្នុងសង្គមវៀតណាមបច្ចុប្បន្ន ទោះបីជាសេដ្ឋកិច្ចជាតិមើលទៅមានការរីកចម្រើនខ្លាំងជាងគេក្នុងតំបន់ក៏ដោយ ប៉ុន្តែសន្ទុះកំណើននេះកំពុងតែដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់យុវជនជំនាន់ក្រោយ។

ទិន្នន័យផ្លូវការបានបង្ហាញថា ទោះបីជាប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកើនឡើងជាង៦% ក្នុងមួយឆ្នាំក៏ដោយ ក៏នៅតែមិនអាចទប់ទល់នឹងតម្លៃលំនៅឋាន ដែលបានស្ទុះឡើងយ៉ាងលឿននោះដែរ។ ជាលទ្ធផលគ្រួសារដែលមានចំណូលមធ្យម ហើយខិតខំសន្សំប្រាក់បាន១/៣ នៃចំណូលសរុបត្រូវប្រើពេលរហូតដល់៨០ឆ្នាំ ទើបអាចទិញអាផាតមិនបន្ទប់គេងពីរទំហំ៧០ម៉ែត្រការ៉េបានមួយយូនីត។ ស្ថានភាពនេះបានបង្ខំឱ្យយុវជនជាច្រើនត្រូវប្រវេប្រវាធ្វើការថែមម៉ោង១៤ទៅ១៦ម៉ោងក្នុងមួយថ្ងៃរហូតកើតជំងឺបាក់ទឹកចិត្ត និងថប់បារម្ភយ៉ាងធ្ងន់ធ្ងរ។

វិបត្តិនេះកំពុងប្រែក្លាយទៅជាវិបត្តិសង្គមមួយដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលវៀតណាម។ ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមអត្រាពលរដ្ឋនៅលីវបានស្ទុះឡើងយ៉ាងកំហុក ខណៈអាយុរៀបការជាមធ្យមត្រូវបានពន្យារពេលជាបន្តបន្ទាប់។ កាលពីឆ្នាំ១៩៩៩ អាយុជាមធ្យមនៃការរៀបការក្នុងរង្វង់២៧ ឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះវាបានកើនឡើងរហូតដល់លើស៣០ឆ្នាំ ដោយសារតែយុវជនជាច្រើនមិនហ៊ានប្រឈមមុខនឹងការរៀបការដោយគ្មានលំនៅឋានផ្ទាល់ខ្លួននោះឡើយ៕

ដោយៈ សរ សុជាតិ​




អត្ថបទបន្ទាប់


គ្រឿងញៀនកំពុងទន្ទ្រានលុកលុយយ៉ាងខ្លាំងនៅតាមវត្តអារ៉ាមក្នុងប្រទេសថៃ ខណៈរដ្ឋាភិបាលនៅតែទន់ខ្សោយក្នុងការទប់ស្កាត់

សមត្ថកិច្ចថៃបានចាប់ខ្លួនព្រះសង្ឃជាបន្តបន្ទាប់ ដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតាមវត្តអារ៉ាម បន្ទាប់ពីដកហូតថ្នាំញៀនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ