លោក ពូទីន បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍អ៊ីរ៉ង់ទៀតថា «អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមមិនបានប្រឆាំងនឹងរុស្សីឡើយ ព្រមទាំងមានជំហរសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ចំពោះការឈ្លានពានរបស់ខ្លួននៅខែកុម្ភៈថែមទៀតផង»។
យ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗណាមួយពីរដ្ឋាភិបាលអ៊ុយក្រែនចំ ពោះការលើកឡើងរបស់លោកពូទីននេះទេ។
គួរបញ្ជាក់បន្តិចថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូបានធ្វើឡើងនៅមីនាកន្លងទៅ ក្រោយរុស្សីធ្វើការឈ្លានពានទៅលើអ៊ុយក្រែនបានមួយរយៈខ្លី ហើយនៅពេលនោះភាគីទាំងពីរបានសេចក្តីស្នើសុំរៀងៗខ្លួន តែមិនមានការសម្រេចបានដំណោះស្រាយជាផ្លូវការអ្វីនោះទេ។
មែនទែនទៅ លោក Putin បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេននី (Ayatollah Ali Khamenei) ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអង្គារ គឺដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្លែមទៀត ដែលទាំងរុស្សី និងអ៊ីរ៉ង់កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសបស្ចិមលោកស្ទើរតែដកដង្ហើមមិនរួចទៅហើយ។
មួយរិញទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ លោក Putin ក៏បានជួបជាមួយប្រធានាធិបតីទួរគី លោកតាយីប អេដូហ្កាន (Tayyip Erdogan) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលរុស្សីសន្យានឹងបើកផ្លូវក្នុងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសមុទ្រខ្មៅផងដែរ។
ដោយឡែក ប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានអាមេរិកលោកចូន កើរប៊ី (John Kirby) បាននិយាយថា ការធ្វើដំណើរទៅរកាន់ប្រទេសអ៊ីរ៉ង់នោះ បានបង្ហាញពីភាពឯកោខ្លាំងមែនទែននៃប្រទេសរុស្ស៊ីមកទល់នឹងពេលនេះ។
លោក Kirby ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏កំពុងរៀបចំផ្តល់កញ្ចប់សព្វាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន ចំពេលដែលរុស្សីកំពុងធ្វើការវាយប្រហារកាន់តែខ្លាំងឡើងផងនោះ។
មកទល់នឹងពេលនេះនៅលើសមរភូមិអ៊ុយក្រែនវិញ ចារកម្មយោធារបស់អង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតបានទទួលផលតិចតួចណាស់។ ក៏ប៉ុន្តែមន្ត្រីទូទៅរបស់អ៊ុយក្រែនបានរាយការណ៍ពេលថ្មីៗនេះដែរថា យោធារុស្ស៊ីបានការបាញ់ស្រោច និងវាយប្រហារកាន់តែខ្លាំងឡើងនៅតំបន់ផ្សេងៗនៃប្រទេស។
ស្របពេលដែលសង្រ្គាមនៅតែអូសបន្លាយ ក្តីបារម្ភថារុស្ស៊ីអាចបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អឺរ៉ុបបាននឹងកំពុងក្លាយជាកង្វល់មួយដ៏ធំ។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបថា សហភាពអឺរ៉ុបកំពុងពិចារណាលើការកាត់បន្ថយ ១៥% នៃការប្រើប្រាស់ឧស្ម័នធម្មជាតិដោយរដ្ឋសមាជិករបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ៕