
ប្រធានក្រុមការងារលំនៅឋានឥណ្ឌូនេស៊ីលោក ហាស៊ីម ឌីចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) បានឱ្យដឹងថា ការវិនិយោគរបស់ប្រទេសកាតា សម្រាប់ដំណាក់កាលដំបូងនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំចន្លោះពី១៨ទៅ២០ពាន់លានដុល្លារអាម៉េរិក។
ប្រធានក្រុមការងារលំនៅឋានរូបនេះបានថ្លែងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា គម្រោងដំណាក់កាលដំបូងនេះនឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២៥ នេះ ហើយវិនិយោគិននៃប្រទេសកាតា នឹងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីសាងសង់លំនៅឋានប្រភេទអាផាតម៉ិនចំនួន១លានយូនីត។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់គម្រោងលំនៅឋាននេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ដើមឆ្នាំនេះនៅវិមាន Merdeka ក្នុងទីក្រុងហ្សាកាតា ដោយរដ្ឋមន្ត្រីក្រសួងលំនៅឋានឥណ្ឌូនេស៊ី លោក ម៉ារួអា ស៊ីរ៉ាអ៊ីត (Maruarar Sirait) និងលោក សេក អាប់ឌុលឡាហ្ស៊ីស អាល់ ថានី (Sheikh Abdulaziz Al Thani) ប្រធានក្រុមហ៊ុន Qilaa International Group នៃប្រទេសកាតា។
បន្ទាប់ពីដំណាក់កាលដំបូងនេះ ប្រទេសកាតា គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនដើម្បីផ្តល់មូលនិធិដល់ការសាងសង់ផ្ទះ និងអាផាតម៉ិនឱ្យបានចន្លោះពី៣ទៅ៥លានខ្នង ឬយូនីតនៅតាមទីក្រុង និងជនបទ។
សូមបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) មានបំណងសាងសង់លំនៅឋានឱ្យបានចំនួន២លានយូនីតលាននៅតាមភូមិឋាននានា និងសាងសង់លំនៅឋានឱ្យបាន១លានយូនីតនៅតាមទីក្រុងក្នុងមួយឆ្នាំៗ ខណៈដែលបច្ចុប្បន្ន ឥណ្ឌូនេស៊ី កំពុងខ្វះលំនៅឋានប្រមាណ១២,៧លានយូនីត៕
ដោយ: តែម សុខុម