ប្រទេសកាតា-សភាអឺរ៉ុប

ប្រទេសកាតាត្រូវបានសភាអឺរ៉ុបផ្អាកលែងឲ្យមានទំនាក់ទំនងជាមួយសភាអឺរ៉ុប ក្រោយមានរឿងអាស្រូវពុករលួយធ្ងន់ធ្ងរ


សមាជិកសភាអ៊ឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ បានបោះឆ្នោតដើម្បីផ្អាកតំណាងកាតាចូលទៅកាន់បរិវេណប្រជុំនៃសភាអឺរ៉ុប បន្ទាប់ពីប្រទេសឈូងសមុទ្រមួយនេះត្រូវបានគេសង្ស័យថា បានផ្តល់នូវ «ប្រាក់ និងលាភសាការៈដ៏ច្រើន» ដល់សមាជិកសភាអឺរ៉ុបមួយចំនួន និងបុគ្គលិកជំនួយការ ក្នុងគោលបំណងបញ្ជ្រាបឥទ្ធិពលលើការសម្រេចចិត្តរបស់ស្ថាប័ននៃប្លុកមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
EU ចោទប្រកាន់ប្រទេសកាតាដែលអ្នកជាប់ពាក់ព័ន្ធរឿងពុករលួយ!

ក្រៅពីឈប់ឲ្យ​ប្រទេស​កាតាចូលលូកលន់ក្នុងកិច្ចការសភាអឺរ៉ុបហើយនោះ សមាជិកសភាសហភាពអឺរ៉ុបក៏បានសម្រេចចិត្តបញ្ឈប់រាល់ច្បាប់ដែលមិនទាន់សម្រេចពាក់ព័ន្ធនឹងប្រទេសកាតាផងដែរ។ ការសម្រេចនេះ គឺបន្ទាប់ពីមាន​ការអនុម័តតាមរយៈការបោះឆ្នោត​សមាជិកសភាអឺរ៉ុប​​កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ជាមួយនឹងសម្លេងគាំទ្រចំនួន ៥៤១ ទល់នឹង ២ សម្លេង។ មែនទែនទៅ ការស៊ើបអង្កេតរបស់ប៉ូលីសបែលហ្ស៊ិកទៅលើឥទ្ធិពលហួសហេតុ​ដោយរដ្ឋឈូងសមុទ្រពែរ្សដែលគេស្គាល់ថាជាប្រទេសកាតានោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីក្រុងព្រុចសែល ហើយបានចោទជា​សំណួរថា តើច្បាប់របស់សភាអឺរ៉ុបនឹងមានតម្លាភាពកម្រិតណានាពេលនេះ?

គួរជម្រាបដែរថា អនុប្រធានសភាអឺរ៉ុបលោកស្រី Eva Kaili រួមជាមួយនឹងជនសង្ស័យបីនាក់ផ្សេងទៀត ក៏ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម អំពើពុករលួយ និងការលាងលុយកខ្វក់ ដែលអ្នក​ទាំង​បួន​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។

តាំងពីថ្ងៃសុក្រសប្តាហ៍មុន កម្លាំងប៉ូលីសបានឆ្មក់ចូលក្នុងសភាអឺរ៉ុប២០ដងរួចមកហើយ ដោយបានរឹបអូសជាសាច់ប្រាក់ជាង ១,៥ លានដុល្លារ និងធនធានបច្ចេកវិទ្យា IT ដែលបង្កក​ពីបុគ្គលិកសភា ដើម្បីការពារការបាត់ទិន្នន័យសំខាន់ៗផងដែរ។

យោងតាមសេចក្តីព្រាងអត្ថបទ​របស់សភាបានឱ្យដឹងថា សភា «សូមបរិហារក្នុងន័យខ្លាំងបំផុត​នៃការប៉ុនប៉ងរបស់កាតា ក្នុងការជះឥទ្ធិពលដល់សមាជិក អតីតសមាជិក និងបុគ្គលិកនៃសភាអឺរ៉ុបតាមរយៈអំពើពុករលួយ ដែលជាការជ្រៀតជ្រែកពីបរទេសយ៉ាងធ្ងន់ធ្ងរនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុប» ហើយសភាអឺរ៉ុបបានចាត់ទុក វាគឺជា«មធ្យោបាយ​មិន​សមរម្យ​នៃ​ការ​ជះឥទ្ធិពល ការ​សូកប៉ាន់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​​គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

ទន្ទឹមនឹងគ្នានេះ សមាជិកសភាអឺរ៉ុបក៏នឹងលុបចោលរាល់ «ដំណើរទស្សនកិច្ចដែលបានគ្រោងទុក» ទៅកាន់ប្រទេសឈូងសមុទ្រពែក្សមួយនេះផងដែរ ដែលបច្ចុប្បន្នកំពុងធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់កម្រិតពិភពលោក (FIFA World Cup) និងបានស្នើសុំការហាមឃាត់ទូទាំងសហភាពអឺរ៉ុប​លើការបរិច្ចាគផ្នែកនយោបាយ​ដែលធ្វើឡើងដោយប្រទេសក្រៅប្លុកអឺរ៉ុប។

ក្នុងនោះដែរ សមាជិកសភានៃប្លុកទាំង២៧ប្រទេសនេះបានសង្កត់ធ្ងន់ថា «ការជឿទុកចិត្តលើសុចរិតភាពរបស់សភា និងនីតិរដ្ឋគឺជារឿងសំខាន់បំផុតសម្រាប់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប» ហើយវាក៏ជា​គន្លឹះ​ដើម្បី​ធានា​ថា ​ដំណើរការ​ប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​កកូរកកាយ​ដោយ​ផលប្រយោជន៍​ឯកជន ​និង​ខាងក្រៅ»។

បន្ថែមពីលើនេះ ដំណោះស្រាយខាងលើក៏អំពាវនាវឱ្យមានការស៊ើបអង្កេតផ្ទៃក្នុង គណៈកម្មាធិការពិសេសស្តីពីតម្លាភាព និងសុចរិតភាព និងអនុប្រធានទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការជ្រៀតជ្រែកពីសំណាក់បរទេស។

យ៉ាងណាក៏ដោយ ចាប់តាំងពីរឿងអាស្រូវពុករលួយបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុនមក រដ្ឋាភិបាលកាតាបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងបានប្រកែកថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងបទចោទលើលោកស្រី Kaili និងជនសង្ស័យផ្សេងទៀតនោះឡើយ។ បើតាមប្រេសិតប្រទេសកាតាប្រចាំសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋកាតាបដិសេធយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងភ្ជាប់វាជាមួយនឹងការចោទប្រកាន់ពីបទប្រព្រឹត្តិខុស ដោយថា ការអះអាងដែលបានរាយការណ៍គឺគ្មានមូលដ្ឋាន និងជាព័ត៌មានមិនពិត»។




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាមប្ដឹងក្រុមហ៊ុនយក្ស Amazon ទាមទារសំណង ២៨០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ្គីលីម៉ិក អ៊ីន (Gilimex Inc) កំពុងដាក់ពាក្យប្តឹងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់អាមេរិក គឺក្រុមហ…

អង្គការ IMFមើលឃើញថា ទីផ្សារអចលនទ្រព្យតំបន់អាស៊ីមានទំនោរដាំក្បាលចុះ

ព័ត៌មាន
ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីរាប់ចាប់ពីទីក្រុងហុងកុងរហូតដល់ប្រទេសម៉ាឡេស៊ីកំពុងត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ដោយសារអត្រាកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ