លោកជំទាវ វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ផែនការជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មកទល់ពេលនេះ នៅមិនទាន់អាចសម្រេចបាននៅឡើយនោះទេ ដ្បិតថា កម្ពុជានៅមានកត្តាមួយចំនួន ដែលមិនទាន់អាចឆ្លើយតបតាមតម្រូវវការរបស់ភាគីចិនបាន។ យ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនរបស់កម្ពុជាកំពុងយកចិត្តទុកដាក់ជំរុញ និងពន្លឿនលើកិច្ចការងារនេះ ដោយបានឆ្លើយឆ្លង និងជួបពិភាក្សាផ្ទាល់ជាមួយភាគីចិនជាបន្តបន្ទាប់ ដើម្បីបំពេញនូវចំណុចខ្វះខាតដែលភាគីចិនត្រូវការ។ នេះបើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ ដែលបានបន្ថែមថា ផែនការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅចិនអាចត្រូវការពេលយូរទៀត។
បើតាមប្រធានសមាគមរូបនេះ ស្ថានភាពនៃផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបជាមួយនឹងបណ្តាប្រទេសជិតខាងមួយចំនួន ដែលទាមទារឱ្យកម្ពុជាត្រូវមានការពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀតទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើម្បីមានសក្តានុពលអាចឈានដល់ការនាំចេញបានកាន់តែច្រើន និងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោកជំទាវ វ៉ា សូជិន កត់សម្គាល់ឃើញថា សម្រាប់ទិន្នផលសំបុកត្រចៀកកាំកម្ពុជានៅឆ្នាំនេះ ហាក់ទទួលបានកំណើនទិន្នផលច្រើនដោយសារកត្តាអំណោយផលពីធម្មជាតិ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ទទួលបានការវិនិយោគលើវិស័យសំបុកត្រចៀកកាំជាបន្តបន្ទាប់ពីវិនិយោគិនបរទេសផងដែរ ដែលធ្វើឱ្យអ្នកជំនាញរូបនេះជឿជាក់ថា វិស័យនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
បើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា រូបនេះ បច្ចុប្បន្នកម្ពុជាមានអ្នកចិញ្ចឹម និងអ្នកអភិរក្សផ្ទះត្រចៀកកាំក្នុងរង្វង់ប្រមាណចន្លោះពី៥-៧ពាន់ផ្ទះ នៅទូទាំងប្រទេស ដោយទទួលបានទិន្នផលជាមធ្យមប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ សម្រាប់នាំចេញ និងផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក៕