នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ បើទោះបីជាមានកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ខេត្ត និងទីក្រុងជាច្រើននៅវៀតណាម ព្រមទាំងបានប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ពីភាគខាងជើង ទៅភាគខាងត្បូងនៃប្រទេសវៀតណាមយ៉ាងណាក្ដី ប៉ុន្ដែ សម្រាប់បរិមាណទំនិញដែលបានដឹកជញ្ជូនតាមផ្លូវដែករវាងវៀតណាម និងចិនវិញ គឺសម្រេចបានប្រមាណ ២៦ម៉ឺនតោនឯណោះ កើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ប្រធានស្ថានីយរថភ្លើង ដុងដាង របស់វៀតណាម លោក ផាម ឌុចខៃ បាននិយាយថា បើទោះបីជា ស្ថិតក្នុងស្ថានភាពរីករាលដាលកូវីដ១៩ ខ្សែរថភ្លើងរវាងវៀតណាម និងចិន នៅតែដំណើរការធម្មតា ដូច្នេះ បរិមាណទំនិញអន្តរជាតិដែលបាននាំចេញនាំចូល តាមរយៈស្ថានីយរថភ្លើងវៀតណាម ដុង ដាង គឺនៅតែសម្រេចបានក្នុងចំនួនច្រើនដល់ទៅជាង ៤០ម៉ឺនតោនឯណោះ ក្នុងរយៈពេល១០ខែដំបូងនៅឆ្នាំនេះ។
ដោយឡែក សម្រាប់ស្ថានីយរថភ្លើងមួយនៅភាគខាងជើងនៃប្រទេសវៀតណាម គឺស្ថានីយ ឡាវខៃ ក៏មានសកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិនមមាញឹកផងដែរ ដោយជាមធ្យមការដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយមួយនេះ មានប្រហែល ៦៥ម៉ឺន ទៅ ៧០ម៉ឺនតោនក្នុងមួយឆ្នាំ។ យ៉ាងណាមិញ នៅ១០ខែមកនេះ ស្ថានីយ ឡាវខៃនេះ មានកំណើនបរិមាណទំនិញដឹកឆ្លងកាត់១៧%។
សូមបញ្ជាក់ថា បច្ចុប្បន្នខាងភាគីវៀតណាម និងចិន ក៏កំពុងបង្កើនចំណែកទីផ្សារដឹកជញ្ជូនតាមផ្លូវរថភ្លើងជាបន្ដបន្ទាប់ផងដែរ ដោយក្នុងមួយឆ្នាំៗ ទំនិញដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ តាមផ្លូវរថភ្លើងទាំងការនាំចេញ និងនាំចូលទំនិញ គឺមានប្រហែល១លានតោន។
ប្រទេសវៀតណាម ក៏មានផែនការនឹងសង់ផ្លូវរថភ្លើងបន្ថែម ចំនួន៩ខ្សែបន្ថែមទៀត នៅត្រឹមឆ្នាំ២០៣០ខាងមុខ ដែលមានប្រវែងជាង២ពាន់គីឡូម៉ែត្រ ដើម្បីបម្រើដល់ការដឹកជញ្ជូនរបស់ខ្លួនផងដែរ៕