អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្តថា «ដោយសារយើងបានជជែកជាមួយគាត់ច្រើនលើកច្រើនសារហើយ អំពីមូលហេតុ ហេតុអ្វីបានជាអង្គការសុខភាពពិភពលោក មិនទាន់មានការណែនាំឲ្យយើងប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ព្រោះប្រសិទ្ធភាពរបស់ឧបករណ៍នេះ នៅទាបណាស់ ដែលបើតាមខ្ញុំដឹងឧបរកណ៍នេះមួយកញ្ចប់តម្លៃប្រហាក់ប្រហែល ៥០ដុល្លារ»។
លោកជំទាវបានបន្ថែមថា «ដូចនេះខ្ញុំសុំគាំទ្រយ៉ាងខ្លាំងចំពោះបទបញ្ជារបស់សម្តេចតេជោ ចំពោះការហាមផ្សព្វផ្សាយលក់ឧករណ៍នេះតាមគ្រប់រូបភាព ហើយសុំបញ្ជាក់ដែរ អ្វីដែលប្រទេសចិនបានផ្តល់មកកម្ពុជាមុននេះ មិនមែនជាឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) តែជាសារធាតុម្យ៉ាង ដែលជំនួយដល់ការធ្វើតេស្តសម្រាប់មន្ទីរពិសោធន៍ទៅវិញទេ»។
ក្រសួងសុខាភិបាលបានប្រកាសម្តងហើយម្តងទៀត បានហាមឃាត់ជាដាច់ខាតមិនឲ្យមានការផ្សព្វផ្សាយលក់ឧបរកណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩នេះ ក៏ដូចជាការអំពាវនាវដល់ពលរដ្ឋកុំឲ្យទិញឧបករណ៍នេះដែរ។ ហើយអង្គការសុខាភាពពិភពលោក នឹងបង្កើនល្បឿន ដើម្បីឲ្យមានការវាយតម្លៃលើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩(Rapid Test)នេះ ។
គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស មានចំនួន ១០៧នាក់ ក្នុងនោះ អ្នកដែលកំពុងសម្រាកព្យាបាលមាន៨៤នាក់ (ស្រី ២៧នាក់ និងប្រុស ៥៧នាក់)។ ករណីព្យាបាលជាសះស្បើយ មានចំនួន ២៣នាក់ ក្នុងនោះរួមមាន បុរសជនជាតិខ្មែរ ១៨នាក់ បុរសជនជាតិចិន ០១នាក់ បុរសនិងស្ត្រីជនជាតិអង់គ្លេស ០៣នាក់ និងបុរសជនជាតិបារាំង០១នាក់៕