
នេះគឺជាការបញ្ជាក់អះអាងពីក្រុមអ្នកតំណាងឲ្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានលោកឧកញ៉ា ហ៊ួត អៀងតុង ជាប្រធានសមាគម និងលោកឧកញ៉ា ប៊ុន មុន្នី ជាទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានធ្វើការបកស្រាយទៅនឹងសំណួរអ្នកសារព័ត៌ជាតិនិងអន្តរជាតិ ក្នុងសន្និសីទកាសែតដ៏ធំមួយរយៈពេលជិត២ម៉ោង មិនធ្លាប់មាន បន្ទាប់ពីមានរឿងរ៉ាវទម្លាក់អត្រាការប្រាក់កម្ចីដ៏លឿនរហ័សមិនបានគ្រោងទុកនេះ។
លោកឧកញ៉ា ហ៊ួត អៀង តុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ទោះបីមានការទម្លាក់អត្រាការប្រាក់មកនៅត្រឹម ១៨%ក្នុងមួយឆ្នាំ ពីធនាគារជាតិនៃកម្ពុជា ក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទេ ពោលគឺប្រតិបត្តិករហិរញ្ញវត្ថុនៅតែប្រកាន់គោលជំហររឹងមាំ ថា នឹងផ្តល់ប្រាក់កម្ចីទៅឲ្យអតិថិជនដដែល។
លោកឧកញ៉ា អៀងតុង បានបញ្ជាក់ថា រឹតតែមិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយត្រូវបានច្របាច់បញ្ចូលគ្នាដើម្បីបន្តអាជីវកម្មនោះដែរ ពោលពួកគេនៅតែអាចតស៊ូទៅមុខបាន។
ប្រតិកម្មនេះ បន្ទាប់ពីកន្លងមក មានការបារម្ភថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនអាចប្រឈមនឹងការក្ស័យធន បន្ទាប់ពីធនាគារជាតិទម្លាក់អត្រាការប្រាក់កម្ចី។

ដូចគ្នានេះដែរ លោកឧកញ៉ា ប៊ុន មុន្នី ដែលជាទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានបដិសេធថា មិនមានឡើយអ្នកក្ស័យធន។ យ៉ាងណាក៏ដោយ លោក ប៊ុន មុន្នី បានធ្វើការបញ្ជាក់ទៅដល់សាធារណជន ថា ទំហំប្រាក់កម្ចីកម្រិតប៉ុន្មានក៏ដោយ ក៏ត្រូវតែគិតអត្រាការប្រាក់តាមគោលនយោបាយថ្មីរបស់ធនាគារជាតិនេះដែរ។ លោកបន្តថា អ្វីដែលយើងយកចិត្តទុកដាក់ខ្លាំងបំផុត គឺការរក្សាវិនិយោគិនបរទេស ឲ្យបន្តការវិនិយោគនៅកម្ពុជាបន្តទៀត។
ការធ្វើសន្និសីទកាសែតនេះ មិនមានគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីដំឡើងអត្រាការប្រាក់កម្ចីមកវិញនោះទេ គ្រាន់តែចង់ស្រាយបំភ្លឺដល់អ្នកសារព័ត៌មានឲ្យបានច្បាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនជួបបញ្ហាឧបសគ្គនោះទេ។
តើនេះគឺជាការលួងចិត្តឬ?
ជំនួសមកវិញ ដោយការលួងចិត្តរបស់ធនាគារជាតិ បន្ទាប់ពីទម្លាក់អត្រាការប្រាក់កម្ចីមកត្រឹម១៨%ក្នុង១ឆ្នាំ ទី១ ធនាគារជាតិនឹងធ្វើការបន្ធូរបន្ថយតម្លៃអាជ្ញាប័ណ្ណដល់គ្រឹះស្ថាន ហើយធនាគារជាតិនឹងផ្តល់ឥណទានដោយផ្ទាល់មកឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ប៉ុន្តែ ត្រូវមានការធានាឲ្យបានច្បាស់លាស់ ចំណែកចំណុចមួយទៀត គឺរាល់ប្រាក់កម្ចីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចីយកមកធ្វើប្រតិបត្តិការរបស់ខ្លួន ដែលត្រូវយកទៅដាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ១២,៥ភាគរយ ក៏ត្រូវលើកលែងដែរ។
ដូច្នេះ ធនាគារជាតិបានអនុគ្រោះច្រើនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុ បានលើកឡើងថា នេះគឺគ្រាន់តែជាការលួងលោមចិត្តរបស់ប្រតិបត្តិករឥណទាន ដែលកំពុងតែមានភាពតានតឹងប្រេះស្រាំតែប៉ុណ្ណោះ។
ជាការអះអាងរបស់ធនាគារជាតិនៃកម្ពុជា គោលដៅនៃការកំណត់ពិដានអត្រាការប្រាក់កម្ចីមិនឲ្យលើសពី១៨%ក្នុង១ឆ្នាំនេះ គឺដើម្បីការពារអតិថិជនពីការទទួលកម្ចីដែលមានការប្រាក់ខ្ពស់ពេក និងដើម្បីជំរុញឲ្យមានការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការកំណត់មិនឲ្យមានអត្រាការប្រាក់កម្ចីលើសពី១៨% ក្នុងមួយឆ្នាំ សម្រាប់កម្ចីចេញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន អាចធ្វើការបានក្នុងទំហំទឹកប្រាក់ ៣ពាន់ដុល្លារ ប៉ុន្តែ មានការលំបាកបន្តិចសម្រាប់កម្ចីក្រោម១ពាន់ដុល្លារ។
យ៉ាងណាក៏ដោយចុះ គ្រឹះស្ថានផ្តល់ប្រាក់កម្ចីត្រូវត្រៀមខ្លួនជានិច្ចក្នុងការស្វែងរកយុទ្ធសាស្រ្តដើម្បីរក្សានិរន្តរភាពរៀងៗខ្លួន ដោយអនុវត្តតាមយុទ្ធវិធីរៀងៗខ្លួនដែរ ដោយអ្នកខ្លះព្យយាមកាត់បន្ថយការចំណាយផ្សេងៗ ដូចជា ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបុគ្គលិក រួមនឹងការចំណាយដែលមិនចាំបាច់ជាដើម៕