អចលនទ្រព្យ

អចលន​ទ្រព្យ​កម្ពុជា--ពី​អ្វី​​ដែល​គេ​មិន​ធ្លាប់​​ស្គាល់​សោះ ក្លាយ​ជា​វិស័យ​នាំមុខ​គេ!


អ្នក​ជំនាញ​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​សេវា​ការ​ទិញ​លក់​អចលន​ទ្រព្យ​នៅ​កម្ពុជា ដែល​មាន​បទ​ពិសោធន៍​២​ទសវត្ស​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា វិស័យ​អចលន​ទ្រព្យ​កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​ពី​វិស័យ​មួយ ដែល​គេ​ឯង​មិន​ស្គាល់​សោះ ក្លាយ​ជា​វិស័យ​ដែល​នាំ​មុខ​គេ​​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ក្នុង​មួយ​ឆ្នាំៗ​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ និង​មាន​កំណើន​ឥត​ឈប់​ឈរ​ផង​ដែរ។
ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញ​​មើល​ពី​លើ​អគារ​ខ្ពស់​នៅ​កណ្ដាល​ក្រុង។ រូបភាព៖ ហេង ភារម្យ​
ដោយ

ត្បិត​ថា បច្ចុប្បន្ន វិស័យ​អចលន​ទ្រព្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ឈរ​លើ​សសរ​ស្ដម្ភ​ទី៣ ដែល​អាច​រក​ចំណូល​ថវិកា​សម្រាប់​ជាតិ​ក៏​ពិត​មែន ប៉ុន្ដែ បើ​ក្រឡេក​ទៅ​មើល​កាល​ពី​២​ទសវត្ស​មុន វិស័យ​មួយ​នេះ គ្មាន​នរណា​មួយ​នឹក​ស្មាន​ដល់​ថា នឹង​រីក​ចម្រើន​ដូច​មក​ទល់​ពេល​នេះ​នោះ​ទេ ព្រោះ​ថា អ្វីៗ​កាល​ពី​សម័យ​នោះ ត្រូវ​បាន​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេរ ហើយ​អ្នក​ដែល​មាន​ចំណេះ​ជំនាញ​ក្នុង​ផ្នែក​នេះ សឹង​​តែ​គ្មាន​ឡើយ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ CPL បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ខួប​២០​ឆ្នាំ​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​ថា បើ​ធៀប​កាល​ពី​២០​ឆ្នាំ​មុន ក្រុមហ៊ុន​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​ទ្រព្យ គឺ​មាន​តែ​២​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន ឃីង រៀលអ៊ិស្ទេត និង​ក្រុមហ៊ុន​អចលន​ទ្រព្យ CPL ខណៈ​ដែល​បច្ចុប្បន្ន​នេះ មាន​រហូត​ដល់​២៥៥​ក្រុមហ៊ុន។

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា សមត្ថភាព​និង​ជំនាញ​វិជ្ជាជីវៈ​របស់​ប្រតិបត្តិករ​ក្នុង​វិស័យ​នេះ ក៏​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ពោល​គឺ​អាច​ទទួល​បម្រើ​អតិថិជន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។

លោក​ឧកញ៉ា ចេង ខេង ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL។

លោក​ឧកញ៉ា ចេង ខេង បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «បើ​យើង​ពិនិត្យ​មើល​បច្ចុប្បន្ន និង​អតីត​កាល​ពី​២០​ឆ្នាំ​មុន ​ភ្នាក់ងារ​វាយ​តម្លៃ​អចលន​ទ្រព្យ​រក​តែ​ស្បែក​ជើង​ប៊ូ​ពាក់​គ្មាន​ផង ហើយ​អតិថិជន​ក៏​មិន​សូវ​យល់​ដឹង និង​ឲ្យ​តម្លៃ​លើ​សេវា​ភ្នាក់ងារ​អចលន​ទ្រព្យ​នោះ​ដែរ ថែមទាំង​មាន​ការ​ពេប​ជ្រាយ​ថា ភ្នាក់ងារ​អចលន​ទ្រព្យ​គឺ​ជា​ពួក​ធ្វើ​នំ​អត់​ម្សៅ​ជា​ដើម។ ប៉ុន្ដែ ដោយ​​មាន​​ការ​​ខិត​ខំ​​ប្រឹង​​ប្រែង​​ជំនះ​​រាល់​​បញ្ហា​​ជា​​ច្រើន បច្ចុប្បន្ន អ្នក​ជំនាញ​​យើង​​មាន​​វិជ្ជាវៈ​ត្រឹមត្រូវ​ទាំង​អត្តចរិត និង​ជំនាញ​ច្បាស់​លាស់ និង​ធ្វើការ​ប្រកប​ដោយ​ជំនឿ​ចិត្ត​ខ្ពស់ ហើយ​ជា​លទ្ធផល​យើង​មិន​ត្រឹមតែ​ទទួល​បម្រើ​សេវា​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​នោះទេ តែ​យើង​ក៏​មាន​បម្រើ​ភ្ញៀវ​បរទេស​ផង​ដែរ»។ 

លោក​ឧកញ៉ា​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ ការ​រីក​ដុះ​ដូច​ផ្សិត​នៃ​អគារ​ខ្ពស់ៗ​បាន​បន្ថែម​នូវ​សោភ័ណ​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​និង​ជា​សញ្ញាណ​ដ៏​ល្អ​បង្ហាញ​ទៅ​កាន់​វិនិយោគិន​​បរទេស​ឲ្យ​កាន់​តែ​មើល​ឃើញ​ពី​សក្ដានុពល​របស់​កម្ពុជា។ 

ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញ​មើល​ពី​លើ​ដំបូល​អគារ ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបភាព៖ ហេង ភារម្យ)

ឧកញ៉ា​ដែល​កំពុង​ល្បី​ឈ្មោះ​លើ​វិស័យ​អចលន​ទ្រព្យ​រូប​នេះ បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ឃើញ​អគារ​ខ្ពស់ៗ​កើន​ឡើង​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​លោក​នឹក​ភ្នក​ទៅ​កាល​ពី​២០​ឆ្នាំ​មុន ដែល​កាល​នោះ កុំ​ថា​ឡើយ​អគារ​ខ្ពស់ៗ សូម្បី​តែ​ផ្ទះ​ជា​ប្រភេទ​វីឡា​ក៏​មិន​មាន​ដល់​១០០​ខ្នង​ផង។ 

តែ​បច្ចុប្បន្ន​នេះ អគារ​ខ្ពស់​ដែល​នៅ​រាជ​ធានី​ភ្នំពេញ គឺ​មាន​មិន​ចាញ់​នៅ​ប្រទេស​ជិត​ខាង​ប៉ុន្មាន​ទេ ពោល​គឺ គិត​ត្រឹម​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ អគារ​ខ្ពស់ៗ ចាប់​ពី ៥​ជាន់​ឡើង​ទៅ ៥៥​ជាន់ សរុប​មាន​ប្រមាណ ៩០១ អគារ​នៅ​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់។ 

ទោះ​យ៉ាង​ណា លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ថា បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត ការ​អភិវឌ្ឍ​លើ​វិស័យ​អចលន​ទ្រព្យ​របស់​កម្ពុជា គឺ​ទើប​តែ​ស្ថិត​ក្នុង​ចំណុច​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​កម្ពុជា​នៅ​មាន​ឱកាស​ច្រើន​ទៀត​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ។

សូម​បញ្ជាក់​ថា បើ​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ គម្រោង​ស្នើ​សុំ​អភិវឌ្ឍ​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ មាន​តម្លៃ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ កើន​ជាង ៤៣​ភាគ​រយ៕

None



អត្ថបទបន្ទាប់


ដឹងទេថា ពិធី​​មង្គល​ការ​​មួយ​​នៅ​ភ្នំពេញ​ត្រូវ​ចំណាយ​អស់​​ប៉ុន្មាន?

ការ​ចំណាយ​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អស់​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បើធៀប​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួ…

កោះមួយ​នៅ​ជប៉ុន​ដែល​ហាម​ស្ត្រី​ចូល ក្លាយ​ជា​បេតិភណ្ឌពិភព​លោក!

សប្ដាហ៍​នេះ ខណៈ​កម្ពុជា​អបអរ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​​របស់​ខ្លួន ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ ប្រទេស​ជប៉ុន​ក៏​មាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ