វិស័យអចលនទ្រព្យ

ក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុជាង៣០០ ត្រូវបានរកឃើញរកស៊ីដោយគ្មានច្បាប់អនុញ្ញាត


ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបានអះអាងថា គិតមកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុជាង៣០០ រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ក្នុងនោះមាន២៦បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រៅពីនោះជាភ្នាក់ងាររកស៊ីខុសច្បាប់ និងដាក់ឈ្មោះខ្លួនឯងថា ជាក្រុមហ៊ុនផ្ដល់សេវាកម្មអចលនវត្ថុ។
វិស័យអចលនទ្រព្យ
ដោយ

ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលទាំងនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន និងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

កត្តានេះ បានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលផ្តល់សេវាកម្មក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ សំដៅជួយស្ដារ និងជំរុញការអភិវឌ្ឍ​វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុនៅកម្ពុជាមានការលាយឡំគ្នារវាងក្រុមហ៊ុនរកស៊ី ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក្រុមហ៊ុនរកស៊ី ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះសមាគមសិក្សាស្រាវជ្រាវរកឃើញក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុជាង៣០០ រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ហើយសមាគមនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។

​ជាមួយគ្នានេះ លោក សន សៀប ក្នុងនាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុប្តេជ្ញាលុបបំបាត់ក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលផ្តល់សេវាកម្មអចលនវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគក្នុងវិស័យនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា សមាគមនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តបុគ្គលផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ ដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវទៀតនោះទេ។

​ជាមួយគ្នានេះ​ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុន ឬក្រុមភ្នាក់ងារផ្តល់សេវាកម្មក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់វិស័យអចលនទ្រព្យ និងមុខមាត់ប្រទេសជាតិ ទៀតផង។

​គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីពង្រឹងការគោរពច្បាប់, ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ៕




អត្ថបទបន្ទាប់


តើការចរចានាំចេញទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន មានការវិវត្តដល់ណាហើយ?

ការចិញ្ចឹមសត្វត្រចៀកកាំយកសម្បុក មានសកម្មភាពផុសផុលកាន់តែច្រើននៅតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា ដោយសារតែវាមានតម្លៃខ្ពស់ចាប់ពី៥០០ទ…

សមាជិកសហគមន៍កសិកម្មទំនើបអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប ដោយមិនចាំបាច់មានវត្ថុបញ្ចាំ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា អត្ថប្រយោជន៍ដ៏សំខាន់នៅក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើប គឺសហគមន៍នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ