នៅពេលគិតដល់ស្ថានភាពក្នុងឆ្នាំ២០២៣ អ្វីដែលលោក ថមម៉ាស ចូវ (Thomas Zhou) គិតឃើញមុនគេនោះ គឺហិរញ្ញវត្ថុគ្រួសារ។ បុគ្គលិកផ្នែកហិរញ្ញវត្ថុវ័យ៤០ឆ្នាំមកពីទីក្រុងសៀងហៃ ប្រទេសចិនរូបនេះបាននិយាយថា រឿងតែមួយគត់ដែលលោកត្រូវបន្តដំណើរ និងគិតគូរនោះ គឺធ្វើយ៉ាងណារក្សាការងារឱ្យជាប់ ដើម្បីឱ្យលោកមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ។
ស្ថានភាពដ៏លំបាករបស់លោក ថមម៉ាស ចូវ បានឆ្លុះបញ្ចាំងពីស្ថានភាពដ៏លំបាករបស់ប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិន ទីដែលការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងផ្សារហ៊ុន កំពុងលេបត្របាក់ទ្រព្យសម្បត្តិគ្រួសាររបស់ពលរដ្ឋវណ្ណៈកណ្តាល។
ស្របពេលប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ ជួបការលំបាកក្នុងការទទួលបានសន្ទុះកំណើនឡើងវិញបន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ អស់រយៈពេលជិត៣ឆ្នាំ ក៏មានការគំរាមកំហែងកាន់តែខ្លាំងឡើងផងដែរ ជាពិសេសអត្រាគ្មានការងារធ្វើ។
បច្ចុប្បន្នគ្រួសារពលរដ្ឋវណ្ណៈកណ្តាលកំពុងបង្ខំចិត្តគិតគូរឡើងវិញអំពីអាទិភាពក្នុងការប្រើប្រាស់ប្រាក់របស់ពួកគេ ដោយអ្នកខ្លះបានដកខ្លួនចេញពីការវិនិយោគ ឬលក់ចេញទ្រព្យសកម្មនានា ដើម្បីមានសាច់ប្រាក់ងាយស្រួល(Liquidity)នៅក្នុងដៃ។
កត្តាចម្បងធំបំផុតដែលនាំឱ្យទ្រព្យសម្បត្តិគ្រួសារពលរដ្ឋនៅចិនធ្លាក់ចុះ គឺការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមចិន ដោយ៧០% នៃទ្រព្យសម្បត្តិគ្រួសារពលរដ្ឋចិន ត្រូវបានកប់ក្នុងអចលនទ្រព្យ។ យោងតាមសារព័ត៌មាន Bloomberg Economics រាល់ការធ្លាក់ចុះ៥% នៃតម្លៃផ្ទះ វានឹងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិសរុបចំនួន២,៦ទ្រីលានដុល្លារអាម៉េរិក។
លោក អេរិក ជូ (Eric Zhu) អ្នកជំនាញសេដ្ឋកិច្ចនៅសារព័ត៌មាន Bloomberg Economics បានលើកឡើងថា វាប្រហែលគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយវានឹងមានការខាតបង់ទ្រព្យសម្បត្តិកាន់តែច្រើនបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ ប្រសិនបើទីផ្សារអចលនទ្រព្យមិនហក់ឡើងខ្លាំងទេនោះ វាទំនងជាមិនអាចប៉ះប៉ូវការខាតបង់លើលំនៅឋានបានឡើយ។ ខណៈទិន្នន័យផ្លូវការរបស់ប្រទេសចិនបានបង្ហាញពីការធ្លាក់ចុះតិចតួចនៃតម្លៃផ្ទះដែលមានស្រាប់ ភ័ស្តុតាងពីបណ្ដាភ្នាក់ងារអចលនទ្រព្យ និងអ្នកផ្តល់ទិន្នន័យឯកជនបានបង្ហាញពីការធ្លាក់ចុះខ្លាំង ដែលយ៉ាងតិចក្នុងរង្វង់១៥% នៅតាមតំបន់មានហាងឆេងខ្ពស់ក្នុងទីក្រុងធំៗរបស់ចិន។
យោងតាមសារព័ត៌មាន Bloomberg Economics បង្ហាញថា តម្លៃនៃវិស័យលំនៅឋានអាចនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ១៦% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិន នៅឆ្នាំ២០២៦ បើធៀបនឹងប្រមាណ២០%នៃ GDP នាពេលបច្ចុប្បន្ន។ ហើយកត្តានេះនឹងធ្វើឱ្យមនុស្សប្រមាណ៥លាននាក់ ឬប្រមាណ១%នៃកម្លាំងពលកម្មនៅតាមទីក្រុងប្រឈមហានិភ័យគ្មានការងារធ្វើ ឬធ្លាក់ចុះប្រាក់ចំណូល៕
ដោយ: តែម សុខុម