ការវិនិយោគ

ការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈបរធនបាលកិច្ចមានកំណើនគួរឱ្យកត់សម្គាល់ ទោះវិស័យនេះស្ថិតក្នុងសភាពទ្រុឌទ្រោម


ទោះបីវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងណាក្តី ប៉ុន្តែការវិនយោគក្នុងវិស័យនេះតាមរយៈយន្តការរបស់បរធនបាលកិច្ចហាក់មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះ ជាពិសេសរំហូរទុនវិនិយោគពីក្រៅប្រទេសតែម្តង។
ការវិនិយោគ
ដោយ

ដើម្បីបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងវិសាលភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យឱ្យបានកាន់តែស៊ីជម្រៅក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀតនោះ និយ័តករបរធនបាលកិច្ច និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានសហការរៀបចំកម្មវិធីជជែកអំពីបរធនបាលកិច្ច ក្រោមប្រធានបទស្ដីពី «បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគអចលនទ្រព្យប្រកបដោយទំនុកចិត្ត» នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះផងដែរ។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា កម្មវិធីជជែកអំពីបរធនបាលកិច្ច ក្រោមប្រធានបទស្ដីពី«បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគអចលនទ្រព្យប្រកបដោយទំនុកចិត្ត» គឺធ្វើឡើងដើម្បីបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិសាលភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ចដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាតួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា ដើម្បីជួយសម្រួល និងទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់ធុរកិច្ចរបស់ខ្លួន។

បើតាមថ្នាក់ដឹកនាំរូបនេះ បើទោះបីជាបច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជាស្ថិតក្នុងសភាពទ្រុឌទ្រោមក៏ដោយ ប៉ុន្តែសម្រាប់ការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ គឺហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតមកទល់ពេលនេះមានវិនិយោគិនបរទេសវិនិយោគផ្ទាល់ក្នុងវិស័យនេះនៅកម្ពុជាតាមរយៈបរធនបាលកិច្ច មានចំនួន៦៦០ករណី ក្នុងទំហំប្រតិបត្តិការជាង៦៥០លានដុល្លារ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា ភាពអំណោយផលនៃភូមិសាស្ត្រវានឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់កម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិននាពេលខាងមុខ។

ជាមួយគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចាត់ទុកយន្តការបរធនបាលកិច្ច គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយផ្តល់ទំនុកចិត្តដល់វិនិយោគិន និងជួយបង្កលក្ខណៈងាយស្រួល និងកាន់តែទូលំទូលាយ ក្នុងការទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេសឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យអចលទ្រព្យនៅកម្ពុជា។ អ្នកជំនាញរូបនេះសង្ឃឹមថា តាមរយៈយន្តការបរធនបាលកិច្ច វានឹងជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

សូមជម្រាបថា គិតមកទល់ពេលនេះ ករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ចមានការកើនឡើងដល់ចំនួន៨១៧ករណី ជាមួយនឹងទំហំប្រតិបត្តិការជាង១ពាន់៣រយលានដុល្លារ។ ទន្ទឹមនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១០ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន១៦។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៥២រូប ក្នុងនោះ២៥រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង២៧រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៣ផងដែរ៕

None



អត្ថបទបន្ទាប់


ចិនឈរលំដាប់ទី១ ដែលបានផ្តល់ជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា

ក្រៅពីជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេសម្រាប់កម្ពុជា និងជាទីផ្សារនាំចេញសំខាន់របស់ទំនិញកម្ពុជាហើយនោះ ចិនក៏បានក្លាយជាប្រទេសលំដាប់ទី១ ដែលផ្តល់ឥ…

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មត្រៀមថវិកា៣០លានដុល្លារ ដើម្បីផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ

មន្រ្តីក្រសួងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានត្រៀមថវិកាចំនួន៣០លានដុល្លារបន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ