យ៉ាងណាមិញក្រុមជំនាញ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ តាមរយៈការទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិនបរទេស និងអនុម័តលើគម្រោងវិនិយោគថ្មីៗ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្ញាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅជិតមួយឆ្នាំ២០២៣ មកនេះ វិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តជួបបញ្ហាប្រឈមទាំងខាងក្រៅ ក្នុងខាងក្នុង តែក៏ទទួលបានឱកាសទីផ្សារមួយចំនួនផងដែរ។ ទោះបីនៅឆ្នាំ២០២៣ ស្ថានភាពវិស័យអចលនទ្រព្យទាំងមូលបានបង្ហាញសញ្ញាវិជ្ជមានឡើងវិញបន្តិចក្តី តែទីផ្សារលំនៅដ្ឋាន និងខុនដូរនៅតែស្តិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ ហើយស្ថិតក្នុងបរិបទនេះវាជាឱកាសសម្រាប់អ្នកមានធនធានគ្រប់គ្រាន់ក្នុងការស្វែងរកប្រភេទអចលនទ្រព្យដែលមានគុណភាព និងតម្លៃសមរម្យ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កន្លងមកបើទោះជាទីផ្សារអចលនទ្រព្យកម្ពុជា រងផលប៉ះពាល់ដោយសារវិបត្តិសាកលនានាក៏ពិតមែន តែក៏នៅមានវិនិយោគិនបរទេសមួយចំនួនបានចាប់អារម្មណ៍ទិញ និងជួលអចលនទ្រព្យនៅកម្ពុជាផងដែរ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុតែម្ដង។
ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ ពោលគឺនៅចុងឆ្នាំ២០២៣នេះ ចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជា ចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបណ្ដើរៗ។ អ្នកជំនាញរូបនេះរំពឹងយ៉ាងមុតមាំថា វិស័យអចលនទ្រព្យកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២៤ ខាងមុខ ក្រោយរំពឹងវិបត្តិ ដែលជាកត្តារាំងស្ទះដល់វិស័យអលចនទ្រព្យកម្ពុជាមួយចំនួនវិលមករកភាពល្អប្រសើរឡើងវិញ។ ទន្ទឹមនឹងបង្ហាញពីក្តីរពឹងថា លោកឧកញ៉ា ចេង ខេង ជំរុញ និងលើកទឹកចិត្តឱ្យភ្នាក់ងារវាយតម្លៃអចលនទ្រព្យនៅកម្ពុជារួបរួមគ្នា និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ សំដៅធ្វើយ៉ាងណា បង្កើនការទាក់ទាញវិនិយោគិនបរទេសឲ្យចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណង់ចំនួន៧៤៩គម្រោងថយចុះជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែបើក្រឡេកមើលទៅលើតម្លៃគម្រោងសាងសង់វិញក្នុងត្រីមាសទី៣នេះ ហាក់មានការកើនឡើងដល់ទៅជាង១៩២% ឯណោះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទំហំវិនិយោគសរុបជាង២ពាន់២រយលានដុល្លារ។ ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕