ទីផ្សារពោតក្រហម

ទីផ្សារពោតក្រហមឆ្នាំនេះ ប្រសើរជាងឆ្នាំមុន ខណៈប្រទេសថៃកំពុងមានតម្រូវការខ្ពស់សម្រាប់ផលិតចំណីសត្វ


ទីផ្សារពោតក្រហមរបស់កសិករខ្មែរសម្រាប់ឆ្នាំ២០២២នេះ ហាក់បីដូចមានទីផ្សារល្អប្រសើរឡើងវិញ ពោលគឺមានតម្លៃចន្លោះ១ ៣០០រៀល ទៅ១ ៤០០រៀល ក្នុង១គីឡូក្រាម ខណៈកន្លងមក តម្លៃពោតក្រហមនេះ បានធ្លាក់ចុះមកនៅត្រឹម ៥០០រៀល ក្នុង១គីឡូក្រាម។
ទីផ្សារពោតក្រហម
ដោយ

ទីផ្សារពោតក្រហមនៅកម្ពុជា មានលក្ខណៈល្អប្រសើរឡើងវិញនេះ គឺចំពេលដែលប្រទេសថៃ កំពុងមានតម្រូវការពោតក្រហមខ្ពស់ ដើម្បីផលិតចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈ កាលពីឆ្នាំ២០២១ កន្លងមក ប្រទេសថៃ បានរឹតត្បិតលក្ខខណ្ឌមួយចំនួន សម្រាប់ការនាំចូលគ្រាប់ពោតក្រហមពីប្រទេសកម្ពុជា ប៉ុន្ដែថ្មីៗនេះ បើតាមការចុះផ្សាយពីសារព័ត៌មានបាងកកប៉ុស្ដិ៍ ការនាំចូលផលិតផលសម្រាប់ផលិតចំណីសត្វនៅថៃត្រូវបានបន្ធូរបន្ថយឡើងវិញហើយ។

ថ្មីៗនេះ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃ បានសម្រេចអនុម័តវិធានការថ្មីមួយ ដើម្បីបង្កើនការនាំចូលផលិតផលសម្រាប់កែច្នៃធ្វើចំណីសត្វ ដូចជា គ្រាប់ពោត ស្រូវសាលី ក្នុងបរិមាណ១លាន២សែនតោន សម្រាប់រយៈពេល ៣ខែ។ បើតាមមន្រ្តីនាំពាក្យរដ្ឋាភិបាលថៃ ការដាក់ស្នើរបស់ក្រសួងពាណិជ្ជកម្មថៃ លើការនាំចូលផលិតផលកែច្នៃជាចំណីសត្វនេះ គឺធ្វើឡើងនៅចំពេលដែលការផ្គត់ផ្គង់នៅក្នុងស្រុកកំពុងតែជួបបញ្ហា ព្រោះតែឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ នោះបើតាមការចុះផ្សាយដោយកាសែតថៃបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះ។

ស្របពេលដែល ខាងប្រទេសថៃ កំពុងមានតម្រូវការនាំចូលផលិតផលសម្រាប់ផលិតចំណីសត្វ គួបផ្សំនឹងតម្រូវការវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនៅកម្ពុជាកើនឡើងផងដែរនោះ ត្រូវបានមន្ត្រីជំនាញកសិកម្មមើលឃើញថា កំពុងធ្វើឲ្យតម្លៃគ្រាប់ពោតក្រហមរបស់កម្ពុជានៅឆ្នាំនេះ មានតម្លៃល្អជាងឆ្នាំមុនៗ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តប៉ៃលិន បានកត់សម្គាល់ឃើញថា ចាប់ពីដើមឆ្នាំ២០២២មក ទីផ្សារពោតក្រហម ហាក់មានភាពប្រសើរជាងអំឡុងឆ្នាំ២០២១ ដែលតម្លៃកាលពីឆ្នាំមុនមាន ប្រមាណ ៥០០រៀល ទៅ ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ ប៉ុន្ដែបច្ចុប្បន្ន ពោតក្រហម មានតម្លៃ ប្រមាណ ១ ៣០០រៀល ទៅ១ ៤០០រៀល ក្នុង១គីឡូក្រាម។ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនរូបនេះ បានគូសបញ្ជាក់ថា តម្លៃគ្រាប់ពោតក្រហម នាឆ្នាំនេះ ប្រសើរជាងឆ្នាំមុន ខណៈផ្ទៃដីដាំដុះពោតនៅក្នុងខេត្តប៉ៃលិន នាឆ្នាំនេះ ក៏មានការកើនឡើងដែរ។ បើតាមការគូសបញ្ជាក់ពី ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ជាទូទៅ ដំណាំពោតក្រហមអាចដាំដុះបានរហូតដល់២ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលជាង២ម៉ឺនតោន លើផ្ទៃដីសរុបប្រមាណ ៤ពាន់ហិកតា ដោយលោកបានសង្កត់ធ្ងន់ទៀតថា ជាទូទៅ គ្រាប់ពោតក្រហមរបស់កសិករនៅប៉ៃលិន ត្រូវបានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វ និងអាចនាំចេញទៅប្រទេសថៃ ក្នុងបរិមាណតិចតួចដែរ។

ដោយឡែក លោក ស៊ុ រ៉ា ប្រធានការិយាល័យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏បានគូសបញ្ជាក់ដែរថា ទីផ្សារពោតក្រហម នៅខេត្តត្បូងឃ្មុំ នាឆ្នាំនេះ ក៏មានភាពល្អប្រសើរជាងឆ្នាំមុនដែរ។ បើតាមលោក ស៊ុ រ៉ា នៅឆ្នាំ២០២១ ពោតក្រហម មានតម្លៃ ៧០០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម។ ក៏ប៉ុន្តែ ឆ្នាំនេះ ពោតក្រហម មានតម្លៃ ចាប់ពី ១ ៣០០រៀល ទៅ១ ៤០០រៀល ក្នុង១គីឡូក្រាម។ ដ្បិតថា កម្ពុជា មិនអាចនាំចេញគ្រាប់ពោតក្រហម ទៅទីផ្សារប្រទេសថៃ តែកំណើននៃតម្រូវការពោតក្រហម សម្រាប់ផលិតចំណីសត្វ ក្នុងស្រុកកាន់តែកើនឡើង ដែលធ្វើឲ្យទីផ្សារពោតប្រសើរជាងឆ្នាំកន្លងមក។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសថៃ កំពុងមានតម្លៃខ្ពស់ខ្លាំងមែនទែន ក្នុងការនាំចូលគ្រាប់ពោតក្រហម សម្រាប់ផលិតចំណីសត្វដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយពោតក្រហមមួយគីឡូក្រាម នៅប្រទេសថៃមានតម្លៃប្រហែលជាង ១១បាត ឬស្មើនឹងប្រហែល ១ពាន់៣រយរៀល ខណៈដែលតម្លៃពីមុនធ្លាប់មានជាទូទៅត្រឹមតែប្រមាណ ៧រយ ទៅជាង៩រយរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក ចាប់អារម្មណ៍ពង្រីកការធ្វើធុរកិច្ចនៅកម្ពុជា

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់អាមេរិក Walmart បានបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងការពង្រីកការធ្វើធុរកិច្ច ក៏ដូចជាការវិនិយោគនៅកម្ពុជា នៅគ្រា…

ប្រមុខចារកម្មអាមេរិកថា លោកពូទីនអាចប្រើនុយក្លេអ៊ែរ ប្រសិនគាត់ដឹងថា នឹងត្រូវចាញ់សង្គ្រាមនៅអ៊ុយក្រែន

ប្រមុខចារកម្មអាមេរិកកាលពីថ្ងៃអង្គារទី១០ឧសភា បានព្រមានទៅកាន់ព្រឹទ្ធសភាអាមេរិកថា លោកពូទីនអាចប្រើសន្លឹកបៀរចុងក្រោយរបស់លោក គឺអាវុធនុយក្លេអ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ