កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ

ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំធំមួយនៅខេត្តស្ទឹងត្រែង គ្រោងពង្រីកការដាំដុះ និងប្រមូលផលម្នាស់ ៦០ម៉ឺនផ្លែនៅឆ្នាំក្រោយ


ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំចុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយនៅខេត្តស្ទងឹងត្រូវ បានអះអាងថា លោកនៅតែបន្តមហិច្ឆតា ពង្រីកផែនការដាំដុះម្នាស់ទឹកឃ្មុំនៅលើផ្ទៃដីប្រមាណជិត ២០ ហិចតា ដែលពេលបច្ចុប្បន្ននេះមានការដាំដុះបានប្រមាណ ២៥ម៉ឺនដើមហើយ ដែលអាចទទួលផលបានប្រមាណ ១០ ម៉ឺនផ្លែក្នុងមួយឆ្នាំ។
សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន
ដោយ

យ៉ាងណាមិញ នៅឆ្នាំក្រោយនេះ ម្ចាស់កសិដ្ឋាននេះ គ្រោងនឹងពង្រីកការដាំដុះ និងប្រមូលផលម្នាស់ឲ្យបានដល់៦០ម៉ឺនផ្លែក្នុងមួយឆ្នាំ ព្រមជាមួយនឹងការពង្រឹងគុណភាពកែច្នៃ និងវិចខ្ចប់ឲ្យកាន់តែល្អប្រសើរត្រឹមត្រូវតាមស្តង់ដារ ដើម្បីពង្រីការលក់ផ្លែម្នាស់ និងទឹកម្នាស់ទៅកាន់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញផងដែរ។

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ ផាយនេបផល(Sweet Royal Pineapple) ដែលមានទីតាំងនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ទីផ្សារម្នាស់ទឹកឃ្មុំរបស់លោកនាពេលបច្ចុប្បន្នមានភាពល្អប្រសើរខ្លាំងគួឲ្យកត់សម្គាល់ ដោយមានការគាំទ្រច្រើនពីសំណាក់អតិថិជន។ នៅឆ្នាំ២០២៣ ខាងមុន លោកករុណានឹងបន្តដាំដុះបន្ថែមទៀត ដោយរំពឹងថា ការប្រមូលផលនឹងទទួលបានប្រមាណ ៥០ ទៅ ៦០ ម៉ឺនផ្លែផងដែរ។ ម្នាស់ទឹកឃ្មុំ របស់លោក សាយ ពន្លឺចិត្តៈករុណា គឺលក់បោះដុំចាប់ពី៥០គីឡូក្រាមឡើងទៅ ដែលគិតជាផ្លែគឺមានតម្លៃប្រមាណ ៣ពាន់រៀល ក្នុងមួយផ្លែ។

ទោះបីជា ទីផ្សារម្នាស់មានភាពល្អប្រសើរខ្លាំងក៏ពិតមែន តែម្ចាស់កសិដ្ឋានរូបនេះបានអះអាងថា លោកត្រូវការដើមទុនបន្ថែមទៀតប្រមាណ ៣០ម៉ឺនដុល្លារសម្រាប់យកទៅអភិវឌ្ឍក្នុងកសិដ្ឋានរបស់លោក ក្នុងការពង្រឹងការសម្អាត ការវិចខ្ចប់ម្នាស់ឲ្យមានស្តង់ដារ ដើម្បីរក្សាគុណភាព និងរសជាតិជូនដល់អតិថិជន និងរៀបចំបង្កើតហាងសម្រាប់ដាក់លក់ផលិតផលសម្រេចទឹកម្នាស់ក្នុងចំការរបស់លោកផងដែរ។ លោកបានបន្ថែមថា មិនថាតែផលិតផលដែលមានក្នុងកសិដ្ឋានរបស់លោកនោះទេ ប៉ុន្តែលោកក៏នឹងយកផលិតផលក្នុងខេត្តស្ទឹងត្រែងនានាទៀតពីបងប្អូនកសិករមកដាក់លក់នៅទីនោះតែម្តងផងដែរ។ ជុំវិញការពង្រឹងការវិចខ្ចប់នេះលោក ក៏បានបញ្ជាក់ឲ្យដឹងដែរថានៅកអំឡុងខែមេសា ឆ្នាំក្រោយ កសិដ្ឋានរបស់លោកនឹងរៀបចំដំណើរការការវិចខ្ចប់តាមកម្រិតស្តង់ដារដោយមានដាក់ផ្លាកសញ្ញាត្រឹមត្រូវ ដោយក្នុងនោះគឺដើម្បី រក្សាបានទាំសុវត្ថិភាព និងគុណភាពផលិតផលបានយូរផងដែរ។

បើតាមម្ចាស់កសិដ្ឋាន និងសិប្បកម្មស្វីតរ៉ូយ៉ាល់ផាយនេបផល(Sweet Royal Pineapple) រូបនេះ អះអាងថា ដើម្បីអាចបំពេញតម្រូវការទីផ្សារឲ្យបានទៀងទាត់ជាប្រចាំ និងបង្កើតរោងចក្រធំកែច្នៃផលិតទឹកម្នាស់បាន លោកត្រូវការដើមទុនប្រមាណ ២លានដុល្លារឯណោះ ដើម្បីសម្រេចគោលដៅនេះ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ឲ្យដឹងថា លោកបានទៅខ្ចីលុយតាមគ្រប់ធនាគារអស់ហើយ ប៉ុន្តែមានតែធនាគារឯកជនមួយប៉ុណ្ណោះ ឲ្យលោកខ្ចីបានក្នុងចំនួនច្រើនប្រមាណ៩ម៉ឺនដុល្លារ ប៉ុន្តែលោកនៅតែសង្ឃឹមថា គ្រប់ធនាគារទាំងអស់នឹងមានសេចក្តីទុកចិត្តលើកសិករ ក្នុងការយកលុយមកវិនិយោគលើវិស័យកសិកម្មនានាផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងមានការផ្គត់ផ្គង់ទឹកស្អាតបន្ថែមជិត២សែនម៉ែត្រគូបបន្ថែមទៀតនៅឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែង ដែលមកទល់ពេលនេះគម្រោងប្រព្រឹត្តកម្…

អ្នកជំនាញ៖ វិស័យអចលនទ្រព្យរួមចំណែកដ៏សំខាន់ក្នុងការបង់ពន្ធជូនរដ្ឋ

ព័ត៌មាន
អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យចម្បងៗដទៃ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។ សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ