វិស័យកសិកម្ម

តម្លៃពោតក្រហមមានការធ្លាក់ចុះ តែមន្ត្រីអះអាងថា កសិករនៅតែទទួលបានផលចំណេញ


ពោតក្រហមរបស់កសិករខ្មែរក្នុងខេត្តបាត់ដំបង នៅតែមានទីផ្សារសម្រាប់ការនាំចេញទៅប្រទេសជិតខាង ដើម្បីផលិតជាចំណីសត្វ ប៉ុន្តែតម្លៃហាក់មានការធ្លាក់ចុះបន្តិច បើធៀបនឹងពេលកន្លងទៅ។ ការប្រែប្រួលតម្លៃគ្រាប់ពោតក្រហមនេះ ត្រូវបានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងអះអាងថា ដោយសារស្ថានភាពនៃតម្រូវការទីផ្សារ និងគុណភាពគ្រាប់ពោតនៅតាមតំបន់នីមួយៗ។ ទោះបីតម្លៃគ្រាប់ពោតមានការធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា កសិករនៅតែទទួលបានផលចំណេញ។
វិស័យកសិកម្ម
ដោយ

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នពោតស្នូលត្រូវបានលក់ចេញក្នុងតម្លៃ៣៨០រៀល ក្នុង១គីឡូក្រាម និងគ្រាប់ពោតលក់ចេញក្នុងតម្លៃ៩២០រៀល ក្នុង១គីឡូក្រាម តម្លៃនេះមានការធ្លាក់ចុះតិចតួចបើធៀបនឹងតម្លៃលក់ចេញកាលពីពេលកន្លងទៅ ដែលអាចលក់ចេញបានចន្លោះពី១,១០០ទៅ១,២០០រៀល ក្នុងមួយគីឡូក្រាម។ បើតាមការគូសបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មរូបនេះ គ្រាប់ពោតក្រហមនៅខេត្តបាត់ដំបង ប្រមាណ៦៥% ត្រូវបាននាំចេញទៅលក់នៅប្រទេសថៃ ហើយក្រៅពីនេះត្រូវបានកែច្នៃសម្រាប់បម្រើតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅលក់នៅប្រទេសៗផ្សេងៗ។ បើទោះបីតម្លៃពោតក្រហមមានការធ្លាក់ចុះបន្តិចក្តី តែប្រធានមន្ត្រីកសិកម្មរូបនេះអះអាងថា កសិករដាំដុះពោតនៅតែទទួលបានផលចំណេញ ហើយការចំណេញតិច ឬច្រើនវាអាស្រ័យលើបច្ចេកទេសដាំដុះ និងការថែទាំរបស់កសិករ។

​ពាក់ព័ន្ធបញ្ហាធ្លាក់ចុះតម្លៃពោតក្រហមនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តម្លៃពោតក្រហមតែងតែមានការធ្លាក់ចុះនៅរដូវនេះជារៀងរាល់ឆ្នាំ ដោយសារថៃ ដែលជាឈ្មួញប្រមូលទិញពោតពីកម្ពុជា ដល់រដូវប្រមូលផងដូចគ្នា ដែលធ្វើតម្រូវការទិញមានការធ្លាក់ចុះ ហើយតម្លៃក៏មានការធ្លាក់ចុះទៅតាមនឹងដែរ។ ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់រូបនេះលើកទឹកចិត្តឱ្យកសិករអ្នកដាំពោតពិចារណាចងក្រងគ្នាជាសហគមន៍ រួចធ្វើផលិតកម្មតាមកិច្ចសន្យា។

បើតាមការគូសបញ្ជាក់របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ផ្ទៃដីដំណាំពោតក្រហម នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤ មានប្រមាណ៥ម៉ឺន៤ពាន់ហិកតា គឺតិចជាងឆ្នាំ២០២៣ ប្រមាណជាង៣ម៉ឺនហិកតា ដោយសារកសិករមួយចំនួនបានបង្វែរដីទៅដាំដំឡូងមី ដែលមានទីផ្សារល្អ និងម្យ៉ាងទៀតនៅតំបន់មួយចំនួនដែលធ្លាប់ដាំពោត បានរងផលប៉ះពាល់ដោយសារកត្តារាំងស្ងួតពីបាតុភូតអ៊ែលនីណូ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជា-ឥណ្ឌា បានភ្ជាប់ជើងហោះហើរត្រង់ជាង២ខែហើយ តែចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា នៅមានកម្រិត តើមកពីមូលហេតុអ្វី?

គិតមកទល់ពេលនេះមានរយៈពេលជាងពីរខែហើយ ដែលកម្ពុជា និងឥណ្ឌាបានតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍។ ប៉ុន្តែអ្នក…

ហេតុអ្វី ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាយថវិការាប់លានដុល្លាររៀងរាល់ឆ្នាំ ជួយលើកស្ទួយវិស័យគុនខ្មែរ?

បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅបន្ដរងនូវឥទ្ធិលអវិជ្ជមានពីវិបត្តិសាកលយ៉ាងណាក្ដី ប៉ុន្ដែ វាមិនបានធ្វើឲ្យក្រុមហ៊ុន ខ្មែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ