តាមសេចក្តីរាយការណ៍ ដែលធ្វើឡើងដោយសារព័ត៌មានអេភី បានឲ្យដឹងថា ពិភពលោកអាចបង្កើនសម្ពាធអតិផរណាសកលកាន់តែកើនឡើង នៅប៉ុន្មានឆ្នាំខាងមុខ ហើយស្ថានការណ៍ត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យវាកាន់តែពិបាកសម្រាប់ធនាគារកណ្តាលរបស់ប្រទេសនានា ក្នុងការបំពេញតាមគោលដៅនៃការគ្រប់គ្រងអត្រាអតិផរណារបស់ប្រទេសនីមួយៗ ដោយសារតែបញ្ហាចាក់ស្រែះកើនឡើងនៅក្នុង របាំងពាណិជ្ជកម្ម, កំណើនប្រជាជនវ័យចំណាស់ និងបញ្ហាទាក់ទងនឹងការផ្លាស់ប្ដូរការប្រើប្រាស់ថាមពលឥន្ធនៈ មកប្រើថាមពលស្អាតជាដើម។
របាយការណ៍បានលើកឡើងថា អស់ជាច្រើនទសវត្សរ៍មកហើយ ដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែធំ ដោយទំនិញបានហូរចូលកាន់តែច្រើនដោយសេរីរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មរបស់ខ្លួន។
ក្រោមគោលនយោបាយនេះផលិតកម្ម ដែលផលិតដោយប្រាក់ឈ្នួលទាបនៅបរទេសបានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកទាញបានអត្ថប្រយោជន៍ពីទំនិញដែលមានតំលៃថោក និងរក្សាអតិផរណាទាប ទោះបីជាត្រូវចំណាយលើការបង្កើតការងារនៅក្នុងរោងចក្រនៅងាមេរិកក៏ដោយ។
ប៉ុន្ដែ ចាប់តាំងពីផ្ទុះសង្រ្គាមពាណិជ្ជកម្ម និង ការរាតត្បាតដោយជំងឺកូវីដ១៩មក និន្នាការនោះបានបង្ហាញពីសញ្ញានៃការដើរថយក្រោយ។ សាជីវកម្មចម្រុះជាតិសាសន៍បាននឹងកំពុងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យឆ្ងាយពីប្រទេសចិន ដោយពួកគេកំពុងស្វែងរកជំនួសវិញនូវផលិតរបស់របរបន្ថែមទៀត ជាពិសេសឧបករណ៍អេឡិចត្រូនិក ដែលមានសារៈសំខាន់សម្រាប់ការផលិតរថយន្ត និងទំនិញអេឡិចត្រូនិក ខណៈដែល នៅសហរដ្ឋអាមេរិក កំពុងមានការលើកទឹកចិត្តនៅក្នុងការផ្តល់នូវឧបត្ថម្ភធនដ៏ធំដោយរដ្ឋបាល លោក ចូ បៃដិន ។
ទន្ទឹមនឹងនេះ ការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យថាមពលកកើតឡើងវិញក៏អាចបង្ហាញពីការរំខាន យ៉ាងហោចណាស់ជាបណ្ដោះអាសន្ន ដោយការបង្កើនការខ្ចីប្រាក់របស់រដ្ឋាភិបាល និងតម្រូវការសម្រាប់វត្ថុធាតុដើម ដោយហេតុនេះធ្វើឱ្យអតិផរណាកើនឡើង។ ចំនួនប្រជាជនពិភពលោកភាគច្រើនមានវ័យចំណាស់មានទំនោរកើនឡើងគ្រប់កន្លែង ដូច្នេះនិន្នាការទាំងនោះអាចបង្ការការរំជើបរជួលដល់ការផ្គត់ផ្គង់ ដូចជាអាចបណ្ដាលឲ្យ ការខ្វះខាតទំនិញ និងកម្លាំងពលកម្ម ដែលបង្កើនល្បឿនអតិផរណានៅអំឡុងពេលសេដ្ឋកិច្ចពេលស្ទុះងើបឡើងវិញពីវិបត្តិជំងឺរាតត្បាត។
លោកស្រី គ្រីស្ទិន ឡាហ្គាត ( Christine Lagarde) ប្រធានធនាគារកណ្តាលអ៊ឺរ៉ុបបាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រថា "បរិយាកាសថ្មីបានកំណត់ដំណាក់កាលសម្រាប់ការរំជើបរំជួលនៃតម្លៃកាន់តែខ្លាំងជាងអ្វីដែលគេបានឃើញមុនពេលជំងឺរាតត្បាតទៅទៀត" ។
លោកស្រីបានបន្តថា "ប្រសិនបើយើងប្រឈមមុខនឹងតម្រូវការវិនិយោគខ្ពស់ និងឧបសគ្គនៃការផ្គត់ផ្គង់កាន់តែច្រើន យើងទំនងជាឃើញសម្ពាធតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារដូចជាទំនិញ ជាពិសេសសម្រាប់លោហៈ និងសារធាតុរ៉ែ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាបៃតង"។
ប្រធានធនាគារកណ្ដាលរបស់សហភាពអឺរ៉ុប និងអាមេរិកនៅក្នុងសន្និសីទប្រចាំឆ្នាំនេះ ក៏បានបង្ហើបឲ្យដឹងថា អំពីផែនការនឹងដំឡើងអត្រាប្រាក់បន្ថែមទៀតនាពេលខាងមុខ ប្រសិនបើមានមានតម្រូវការចាំបាច់ក្នុងការបន្ទាបអតិផរណា ដែលកំពុងមានខ្ពស់។ ក្នុងនោះក៏មានការលើកឡើងអំពីដំណើរមិនច្បាស់លាស់នៃទស្សវិស័យសេដ្ឋកិច្ចផងដែរ។