អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទភូមិចំនួន៣ រួមមាន ភូមិជ្រៃធំ ភូមិព្រែកស្បូវ ភូមិព្រែកស៊ឹង និងបានផ្អាកអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីមានករណីវិជ្ជមានកូវីដ-១៩ រហូតដល់ទៅ ៦៤នាក់ បើគិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយការបិទភូមិទាំងនេះ គឺដើម្បីកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ។
លោក ផៃ ភី ដែលកំពុងតែជាប់ធ្វើចត្តាឡីស័កក្នុងឃុំសំពៅពូន បានចំនួនប្រមាណជា១០ថ្ងៃហើយ នៅក្នុងអគារកាស៊ីណូមួយកន្លែង បានប្រាប់ Newsroom Cambodia ថា លោកព្រួយបារម្ភនិងខ្លាចខាងក្រុមហ៊ុនកាត់ប្រាក់ខែរបស់លោកមួយចំនួន នៅពេលដែលលោកកំពុងជាប់ធ្វើចត្តាឡីស័ក ដោយសារមិនអាចបំពេញការងារបាន ហើយបើកាត់មែននោះ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងមិនអាចបង់សងធនាគារបានផងដែរ ។
លោក ផៃ ភី រៀបរាប់យ៉ាងដូច្នេះថា ៖ «ជាទូទៅ ក្រុមហ៊ុននិយាយថា ទោះបីយើងមិនធ្វើការ យើងមានប្រាក់ខែ ប៉ុន្តែ ខ្ញុំមិនទាន់ដឹងថាដល់ថ្ងៃត្រូវបើកប្រាក់ខែ ក្រុមហ៊ុននិយាយបែបណាវិញទេ ពីព្រោះកុងត្រាការងារ ឬច្បាប់ការងារ វាអាចមានការប្រែប្រួល អ៊ីចឹង វាអាចធ្វើឱ្យមានការបាត់បង់ចំណូល អាចនឹងប៉ះពាល់ ហើយម្យ៉ាង យើងត្រូវការចំណាយច្រើនទៅលើគ្រួសារ ជំពាក់គេខ្លះ និងធនាគារ[ខ្លះ] ។»
លោក ផៃ ភី បន្ថែមទៀតថា ៖ «បើសិនជាយើងមិនបង្វិលលុយឱ្យធនាគារទាន់ពេល យើងអាចមានបញ្ហា ពីព្រោះធនាគារដឹងតែបានពីយើង ទោះបីយើងជាប់នៅធ្វើតាឡីស័ក តែគេអត់ដឹងទេ គេដឹងថាយើងមានកាតព្វកិច្ចបង្វិលលុយឱ្យគេវិញ ។»
លោ ផៃ ភី បាននិយាយថា រដ្ឋាភិបាលមិនទាន់មានវិធានការណាជួយដោះស្រាយបញ្ហាទុក្ខលំបាកនៅឡើយទេ សម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងការសងបំណុល ហើយលោកសំណូមពរឲ្យរដ្ឋជួយផង ៖ «ខ្ញុំមិនទាន់ឃើញខាងរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធណាមានវិធានការដើម្បីសម្រួលដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលនៅក្នុងឃុំនេះ គឺមិនទាន់មានទេ ។ ប្រសិនរាជរដ្ឋាភិបាល ឬមន្រ្តីពាក់ព័ន្ធជួយសម្រួលដល់ការងារហ្នឹង ខ្ញុំគិតថាល្អ ពីព្រោះរដ្ឋាភិបាលជាអាជ្ញាធរ ជាឪពុកម្តាយគួរតែជួយក្នុងគ្រាលំបាកពីព្រោះប្រជាជនពេលនេះ កំពុងតែបាត់បង់ចំណូលច្រើន ។ រឿងបាត់បង់ចំណូលមួយផ្នែក ហើយវាមានរឿងបំណុលទៀត ។»
លោក រឿន សុភ័ក្ត្រ ជាអាជីវករនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា អាជីវកម្មរបស់លោកត្រូវផ្អាកដូចអ្នកស្រុកផ្សេងទៀតដែរ ហើយលោកក៏មានបញ្ហាជំពាក់លុយខាងធនាគារខ្លះ ប៉ុន្តែ លោកអាចនៅមានលទ្ធភាពបង់សងត្រឡប់ទៅធនាគារវិញបានមួយរយៈពេលទៀត ។
លោក រឿន សុភ័ក្ត្រ បាននិយាយយ៉ាងដូច្នេះថា ៖ «ខ្ញុំជាប់ធនាគារដែរ មួយខែបង់ជាង ១០០ដុល្លារ ប៉ុន្តែ មិនអីទេ ខ្ញុំអាចរកតាមអនឡាញខ្លះ យូធ្យូបខ្លះ អ៊ីចឹងខ្ញុំអាចមានចំណូលក្រៅបាន ប្រសិនបើជាយើងរត់រួច យើងអត់ចង់ផ្អាកបង់នោះទេ បើយើងនៅជំពាក់ធនាគារ គឺនៅតែជំពាក់ដដែល អ៊ីចឹងបើយើងមានលទ្ធភាពបង់បាន គឺបង់ ពីព្រោះធនាគារ ក៏រកស៊ីដែរ ។»
បុរសអាយុ ៣៤ឆ្នាំរូបនេះបានបន្តទៀតថា លោកក៏មានការលំបាកខ្លះដែរ ពីព្រោះលោកមិនអាចរកស៊ីបាន ហើយមិនដឹងថាអាចបើករកស៊ីវិញបាននៅពេលណានោះទេ ប្រសិនបើរដ្ឋាភិបាល ឬធនាគារ ជួយសម្រួលមិនឱ្យបង់សងរយៈពេលខ្លះណាមួយ ក៏ល្អដែរ ពីព្រោះលោកអាចមានលុយសម្រាប់បម្រុងទិញស្បៀងទុកបរិភោគសម្រាប់គ្រួសារ ។
លោក រឿន សុភ័ក្ត្រ បានបន្ថែមថា ៖ «ប្រសិនបើ [រាជរដ្ឋាភិបាល ឬធនាគារ] ជួយសម្រួល អាចលើកការបង់បាន ១ខែ ឬ ២ខែ រឹតតែល្អមែនទែន ព្រោះយើងអាចមានថវិកាបម្រុងទិញស្បៀងហូបចុក ណាមួយយើងមិនអាចចេញទៅរកលុយឯណាបាន វាពិបាកដែរ ។»
លោក ហ៊ូ ស៊ានហោ ជាអ្នកលក់ដូរចាប់ហួយ នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា ចំពោះគ្រួសាររបស់គាត់ គឺមិនមានបញ្ហាអ្វីច្រើនទេនៅពេលនេះ ហើយចំពោះបញ្ហាធនាគារក៏ដូចគ្នា ដោយសារលោកនៅអាចដោះស្រាយបញ្ហាទាំងអស់នេះបាន ។
លោក ហ៊ូ ស៊ានហោ បាននិយាយយ៉ាងដូច្នេះថា ៖ «ខ្ញុំបង់សងធនាគារតិចៗដែរ ហើយបង់រំដោះធនាគារក៏ជិតរួចដែរហើយ អ្នកដែលធូរធារ គឺមិនមានជាបញ្ហាអ្វីនោះទេ ប៉ុន្តែអ្នកក្រ គឺពិបាកដែរហ្នឹង ។»
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍គាំទ្រនូវការបិទចរាចរណ៍ក្នុងឃុំសំពៅពូនមួយរយៈ ប៉ុន្តែ គណបក្សប្រជាធិតេយ្យមូលដ្ឋាន ក៏បានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារគួរតែគិតគូរ ឬពន្យារពេលនៃការបង់រំលោះដល់អតិថិជនដែលរស់នៅក្នុងឃុំសំពៅពូននោះផងដែរ ។
លោក យ៉ង សាំងកុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia ថា មូលហេតុដែលគណបក្សលើកបញ្ហា និងការសំណូមពរនេះឡើង គឺគណបក្សបានសិក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋ និងតាមការសំណូមពររបស់ប្រជាជននៅក្នុងតំបន់នោះ ។
លោក យ៉ង សាំងកុមារ និយាយយ៉ាងដូច្នេះថា ៖ «នេះបើតាមស្ថានភាពជាក់ស្តែងដែលយើងបានសង្កេតឃើញ តាមរយៈ ទី១ ការសិក្សាស្រាវជ្រាវនៅមូលដ្ឋានផ្ទាល់ ទី២ តាមរយៈសំណូមពររបស់ប្រជាពលរដ្ឋ ។»
លោក អ៊ុក ស្រ៊ន មេឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលមិនមានកាងារធ្វើ គឺលោកបានត្រៀមខ្លួន និងកំពុងសម្របសម្រួលតាមលទ្ធភាពដែលឃុំអាចធ្វើបាន តាមរយៈសប្បុរសធម៌ អំណោយពីវត្តអារ៉ាម ដើម្បីជួយដោះស្រាយបងប្អូន ដែលមានទុក្ខលំបាក ៖ «ខ្ញុំត្រៀមខ្លួនប្រឈមនឹងកិច្ចការងារហ្នឹង ខ្ញុំឱ្យបងប្អូនក្រុមប្រឹក្សាឃុំរបស់ខ្ញុំដើរទៅទាក់ទងទៅមើលបងប្អូនប្រជាពលរដ្ឋ ដែលជួបហានិភ័យទាំងអស់ វាមិនមានរីករាលដាលមែន តែប្រជាជនត្រូវអត់ការងារធ្វើ អ៊ីចឹងតើយើងត្រូវដោះស្រាយយ៉ាងដូចម៉េច លក្ខខណ្ឌបែបណាឃុំអាចដោះស្រាយបាន សម្របសម្រួលបានតាមរយៈសប្បុរសជន ឬតាមវត្តតាមអារ៉ាម គឺឃុំព្យាយាមធ្វើ បើលក្ខខណ្ឌណាថ្នាក់ស្រុក លក្ខខណ្ឌបែបណាថ្នាក់ជាតិ យើងយកចិត្តទុកដាក់ដែរ ដោយខ្ញុំធ្វើការងារនេះជាមួយបងប្អូន ។»
លោក អ៊ុក ស្រ៊ន បានបន្ថែមថា ៖ «សមត្ថកិច្ច ដើរមើលរាល់ថ្ងៃ ព្រឹកព្រលឹមយប់ សំខាន់យើងកុំផ្តាច់ការទំនាក់ទំនងពីកន្លែង ពីព្រោះយើងដឹងថាបងប្អូនភាគច្រើនទៅធ្វើកម្មករ ខ្លះចុងភៅជាដើម អ៊ីចឹងយើងធ្វើការហ្នឹង ប្រយ័ត្នមែនទែន ប្រសិនបើពន្យារពេល ឬយឺតយ៉ាវការងារហ្នឹងយូរ វាអាចនឹងមានបញ្ហា ។»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ Newsroom Cambodia ឱ្យដឹងថា រដ្ឋាភិបាលកំពុងគិតគូរទៅលើអ្វីដែលជាអាទិភាពចម្បង ដូចជា ករណីកូវីដ១៩ កុំឱ្យមានការរីករាលដាលបន្តក្នុងសហគមន៍ ហើយលោកបន្តទៀតថា ចំពោះថវិកាជួយទំនុកបម្រុងខាងឃុំសំពៅពូន លោកមិនសូវជាច្បាស់ប៉ុន្មានទេ ។
លោក ផៃ ស៊ីផាន បាននិយាយដូច្នេះថា ៖ «ការចំណាយថវិកាទៅខាងឃុំសំពៅលូន ទាល់តែសួរទៅខាងក្រសួងមហាផ្ទៃ ខ្ញុំក្តាប់មិនបានទេ ក៏ប៉ុន្តែ ទីមួយ ចង់ជម្រាបជូនមូលនិធិភូមិឃុំ ដែលជាមូលនិធិទិសដៅការអភិវឌ្ឍន៍ យើងផ្អាកមួយរយៈសិន ដើម្បីទុកលុយហ្នឹងប្រើប្រាស់ទិសដៅ អ្វីទៅជាអាទិភាព ដូចជា សកម្មភាពប្រឆាំងជាមួយកូវីដ ១៩ នៅក្នុងសហគមន៍របស់យើង ដូចជា ការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរបស់យើង គឺខ្ទង់បែរទៅហ្នឹង» ៕
អត្ថបទដោយ លាស់ លីបលីប សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន Newsroom Cambodia ។