ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ខេមបូណូមីសថា ការដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងព្រែកជីកហ្វណន-តេជោ គឺធ្វើឡើងក្រោមការសម្របសម្រួលពីគណៈកម្មការនៃបណ្ដាខេត្តនីមួយៗដែលគម្រោងនេះឆ្លងកាត់។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះក្រសួងសេដ្ឋកិច្ច បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នេះនៃគម្រោងនេះរួចរាល់ហើយ ខណៈមកទល់ពេលនេះអ្នកពាក់ព័ន្ធបានដោះស្រាយជាបណ្ដើរៗហើយ មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។
គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានជម្រៅទឹក៥,៤ម៉ែត្រ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ។ គម្រោងនេះបានបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋជាង១,៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងកាលពីពេលថ្មីៗថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។
តាមរយៈគម្រោងនេះ ត្រូវបានអ្នកសិក្សារកឃើញថា វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕
អត្ថបទ៖ បូ ដូឡា