ព្រឹត្តិបត្រពន្ធដារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ បានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានចំនួនជាង១១ពាន់ពាន់លានរៀល ឬប្រមាណជាង ២,៧៥០លានដុល្លារ ស្មើនឹងប្រមាណ៦៧,៧៥% នៃផែនការដែលបានកំណត់ក្នុងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា តាមរយៈលទ្ធផលនេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ច និងសកម្មភាពអាជីវកម្មក្នុងវិស័យសក្តានុពលនៅកម្ពុជា នៅតែមានភាពល្អប្រសើរ។ កត្តានេះធ្វើឱ្យអ្នកជំនាញរូបនេះមានសុទិដ្ឋិនិយមថា ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយដ្ឋានដារនឹងអាចសម្រេចបានគ្រាប់តាមផែនការដែលបានកំណត់នៅពេញមួយឆ្នាំ២០២៥ នេះ។ សម្រាប់អ្នកជំនាញរូបនេះ ការចុះបញ្ជីរបស់សហគ្រាសថ្មីៗ កំពុងបន្ថែមប្រភពចំណូលពន្ធ ខណៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកទឹកចិត្តឱ្យមានការចុះបញ្ជីអាជីវកម្មត្រឹមត្រូវ គឺជាផ្នែកមួយធ្វើឱ្យប្រមូលចំណូលពន្ធដារកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារ ទំនងជាមិនអាចគ្រប់តាមផែនការកំណត់នោះទេ នៅឆ្នាំនេះ ពោលគឺស្ថិតក្រោមផែនការបន្តិចបន្តួច។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះសង្កេតឃើញថា វិស័យសេវាកម្មលក់រាយ និងលក់ដុំ និងផលិតកម្មក្នុងស្រុករបស់កម្ពុជា នៅតែបន្តមានកំណើនទាប ដោយសារស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជាដែលជំរុញឱ្យពលរដ្ឋកាត់បន្ថយការចាយវាយរបស់ខ្លួន។
គួរជម្រាបថា វិស័យកម្មន្តសាល វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាប្រភពចំណូលពន្ធដ៏ចម្បង និងលេចធ្លោជាងគេសម្រាប់ការប្រមូលរបស់អគ្គនាយកដ្ឋានពន្ធដារ។ បើមើលពីស្ថានភាពចំណូលពន្ធអាករតាមប្រភេទពន្ធសំខាន់ៗ ដែលទទួលបានក្នុងរយៈពេល៩ខែឆ្នាំនេះ រួមមាន ពន្ធលើប្រាក់ចំណូលបានរួមចំណែកជាង៣១%, អាករលើតម្លៃបន្ថែមជាង២៥%, អាករពិសេសមានជាង៥% ពន្ធលើប្រាក់បៀវត្សមានជាង១០%, ពន្ធប្រថាប់ត្រាមានជាង៤% ពន្ធកាត់ទុកមានជាង១៩% និងពន្ធផ្សេងៗមានជាង៤% បើធៀបនឹងចំណូលពន្ធអាករសរុប៕