អ្នកសារព័ត៏មានពីរនាក់ គឺលោកយាង សុធារិន និងលោកអ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ហើយត្រូវបានកាត់ទោសនៅថ្ងៃទី ២៦ ខែកក្កដា និងនៅថ្ងៃទី៩ ខែសីហា ពីបទប្រមូលព័ត៌មានខុសច្បាប់សម្រាប់ប្រភពបរទេសនិងផលិតរូបភាពអាសអាភាស។
ក្រឡាបញ្ជី គឺលោកវុន សុជាតិ បានប្រាប់អ្នកចូលរួមស្តាប់ការប្រកាសសាលក្រមដូច្នេះថា «លោកចៅក្រមត្រូវបានក្រសួងយុត្តិធម៌អញ្ជើញឲ្យចូលរួមសិក្ខាសាលា២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃ៣០ ដូច្នេះហើយ មិនអាចមកប្រកាសសាលក្រមបាន។ ចៅក្រមនឹងជូនដំណឹងនៅពេលក្រោយពីកាលបរិច្ឆេទប្រកាស។»
លោកមេធាវីការពារនិងជនជាប់ចោទទាំងពីរ មានការមិនសប្បាយចិត្តនឹងការសម្រេចលើកពេលរបស់តុលាការនេះ ហើយពួកគាត់ចង់បាននិតិវិធីដែលលឿនជាងនេះ។
លោកអ៊ួន ឈិន បាននិយាយដូច្នេះថា «វាដូចជាខាតពេលវេលាដល់អ្នកទាំងអស់គ្នា។ យើងចង់ដឹងការសម្រេចដើម្បីគូរវាស់បន្តទៀតថា យើងអាចទៅណាមកណាទៀត។»
លោកអ៊ួន ឈិនបានបន្តថា លោកមានគម្រោង វីដេអូនៅទីក្រុងបាងកក ដែលត្រូវទៅ ក៏ប៉ុន្តែមិនអាចទៅបាននៅពេលនេះ ដោយសារមិនទាន់ចប់រឿងក្តីតុលាការនៅឡើយ។ លោកបានអះអាងថា បើសិនចៅក្រមប្រកាស ប្រហែលជាប្រើរយ:ពេលតែ ១៥នាទីប៉ុណ្នោះ។
លោកអ៊ួន ឈិន បាននិយាយដូច្នេះថា «ធម្មតាយើងចង់ដឹងលទ្ធផលដើម្បីធ្វើគម្រោងជីវិតរបស់យើងបន្តទៀត។»
នៅមុនពេលប្រកាស លោកយាង សុធារិន ហាក់មានអារម្មណ៏ត្រៀមខ្លួនរួចជាស្រេច ជាមួយទឹកមុខញញឹម ដោយកាន់ដៃកូនទាំងពីរ អមដោយប្រពន្ធ នៅខាងតុលាការ។ លោកក៏ស្នើសុំឲ្យអ្នកកាសែតជួយថតរូបឲ្យក្រុមគ្រួសារគាត់នៅមុខតុលាការផងដែរ។ ក៏ប៉ុន្តែបន្ទាប់ពីលឺការលើកពេល លោកយាង សុធារិនក៏បានអះអាងថា នេះជាការខាតពេលវេលាផងដែរ ជាពិសេសកូនៗរបស់គាត់គឺត្រូវខាតអត់បានទៅរៀនមួយព្រឹកផងដែរ។
លោក Rohit Mahajan អ្នកនាំពាក្យវិទ្យុអាស៊ីសេរី បាននិយាយថាខ្លួនរង់ចាំមើលបន្តទៀត។
លោក Rohit Mahajan បាននិយាយដូច្នេះថា «យើងគ្រាន់តែត្រូវរង់ចាំមើលថាតើមានអ្វីកើតឡើងបន្ទាប់ទៀត។ យើងគ្រាន់តែសង្ឃឹមថា ភាពទុក្ខវេទនាដ៏យូររបស់ពួកគេនឹងត្រូវបញ្ចប់ឆាប់ៗនេះ។»
លោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសំណូមពរឲ្យតុលាការពិចារណាធ្វើស្ថានសម្រាលដល់លោកយាង សុធារិន និងលោកអ៊ួន ឈិន។
លោកហ៊ុយ វណ្ណ: បាននិយាយថា «ខ្ញុំក្នុងនាម ស.ស.ស.ក គឺមិនជ្រៀតជ្រែកសមត្ថកិច្ចរបស់តុលាការទេ ប៉ុន្តែយើងសូមសំណូមពរដល់តុលាការ ឲ្យពិចារណាដាក់ស្ថានសម្រាលដល់គេទាំង២នាក់ ដើម្បីអាចមានសេរីភាពរស់នៅជាពលរដ្ឋល្អ ជួបជុំគ្រួសារ និងធ្វើការងារឡើងវិញ។ ការស្នើសុំឲ្យតុលាការពិចារណាធ្វើស្ថានសម្រាលនេះ ដោយយោងថា ព្យសនកម្ម ដែលបង្ករដោយបទល្មើសតាមរយៈអង្គហេតុ គឺមិនធំទេ»៕