វិស័យទេសចរណ៍

ខេត្តជាប់មាត់សមុទ្ររំពឹងទទួលបានភ្ញៀវទៅលេងកម្សាន្តនិងស្នាក់នៅច្រើនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ


ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទេសចរណ៍នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រធំៗ៣រំពឹងទទូលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។ ការរំពឹងបែបនេះ ក៏ដោយសារបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពប្រសើរជាងមុន ខណៈការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរក៏មានភាពល្អជាងមុនផងដែរ។
វិស័យទេសចរណ៍
ដោយ

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប រំពឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ខេត្តកែបនឹងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន​។ ការរំពឹងបែបនេះ ក្រោយលោកមើលឃើញថា ផ្លូវតភ្ជាប់ទៅកាន់ខេត្តគោលដៅទេសចរណ៍មួយនេះមានល្អប្រសើរ គួបផ្សំរដ្ឋបាលបានការរៀបចំកន្លែងទេសចរណ៍ថ្មីៗ និងយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីធានាដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំសោភណភាពសាធារណៈ និងចុះណែនាំដល់មូលដ្ឋានអាជីវកម្ម និងអ្នកផ្តល់សេវាកម្មទេសចរណ៍ឱ្យយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាព អនាម័យបរិស្ថាន តម្លៃស្នាក់នៅ និងតម្លៃអាហារ ផងដែរ។ បើតាមអ្នកជំនាញរូបនេះ សេវាកម្មស្នាក់នៅក្នុងខេត្តកែប ទទួលបានការកក់បន្ទប់ពីអ្នកទេសចរជាបន្តបន្ទាប់ផងដែរ។

​ជាមួយគ្នានេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរទេសចរណ៍ខេត្តបានចុះផ្សព្វផ្សាយនៅតាមគោលដៅសហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា ឱ្យផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងផ្នែកបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ សន្តិសុខសុវត្ថិភាព ការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងការចុះបញ្ជីស្នាក់នៅជាដើម។

ពាក់ព័ន្ធនឹងតម្លៃសេវាកម្ម ត្រូវបានប្រធានមន្ទីរទេសចរណ៍រូបនេះអះអាងថា អាជ្ញាធរបានណែនាំដល់ប្រតិបត្តិករអាជីវកម្មទេសចរណ៍ឱ្យរក្សាតម្លៃសមរម្យ និងមិនត្រូវដំឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។ បើតាមលោក សយ ស៊ីណុល សេវាកម្មស្នាក់នៅក្នុងខេត្តកំពតពុំទាន់ទទួលបានការកក់បន្ទប់ច្រើននៅឡើយទេ ដោយសារតែភ្ញៀវភាគច្រើនតែងចូលមកស្នាក់នៅពេលពួកគេមកដល់ខេត្តកំពត។ តែយ៉ាងណាលោកសង្ឃឹមថា ខេត្តនេះនឹងទទួលបានភ្ញៀវទេសចរមកកម្សាន្តច្រើន។

​ចំណែកនៅខេត្តព្រះសីហនុឯណោះវិញ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ អាជ្ញាធរនឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត។ បើតាមអភិបាលរងខេត្តរូបនេះ អាជ្ញាធរបានសហការជាមួយវិស័យឯកជនរៀបចំព្រឹត្តិការណ៍កម្សាន្តធំៗនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យរៀបចំឆៃយ៉ាំទទួលភ្ញៀវទេសចរខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ។

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងក្លាយជាចលករក្នុងការជួយជំរុញការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចពីខេត្តមួយទៅខេត្តមួយតាមការចំណាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ។ ហើយតាមរយៈកំណើនភ្ញៀវទេសចរផ្ទៃក្នុង វានឹងជួយស្តារវិស័យទេសចរណ៍របស់កម្ពុជាឱ្យមានភាពល្អប្រសើរបន្ថែមទៀត បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអន្តរជាតិផ្សេងៗ៕|

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុន SCA ធ្វើជាប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់បានជិត៧០%

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SCA) ដែលកំពុងគ្រប់គ្រងប្រតិបត្តិការនៅអាកាសយ…

តើរលកកម្ដៅ និងខ្យល់កខ្វក់កំពុងអង្រួនតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាហើយនៅពេលនេះ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ សីតុណ្ហភាពបានឡើងដល់កម្រិតក្តៅបំផុត ពោលគឺលើសពី៤០អង្សាសេនៅតំបន់មួយចំនួននៃប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ