វិនិយោគទុន​វិស័យ​សំណង់

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រអិល​ធ្លាក់​ចុះ ខណៈ​ការ​ទិញ​លក់​ដី​ធ្លី​នៅ​តែ​មមាញឹក


បើ​ទោះ​បី​ជា​ការ​ចាក់​បញ្ចូល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ក្នុង​រយៈពេល​បី​ត្រីមាស​ឆ្នាំ​នេះ មាន​ការ​រអិល​ដាំដូង​ចុះ​យ៉ាង​ណា​ក៏​ដោយ ក៏​សកម្មភាព​ទិញ​លក់ ដោះដូរ​ដី​ធ្លី​ផ្ទះ​សម្បែង​មិន​ស្ងប់ស្ងាត់​ឡើយ ពោល​គឺ​នៅ​តែ​មាន​សកម្មភាព​មមាញឹក​ដដែល។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

បើ​ផ្អែក​ទៅ​លើ​របាយការណ៍​វិនិយោគ​វិស័យ​សំណង់​នៅ​ក្នុង​រយៈពេល ៩​ខែ ដើម​ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ ដែល​ទទួល​បាន​លិខិត​អនុញ្ញាត មាន​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក រអិល​ធ្លាក់​ចុះ ១៤​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​បែប​នេះ​ក្តី ក៏​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ មិន​មាន​ការ​ព្រួយ​បារម្ភ​សោះ​ឡើយ ដោយ​ពួកគេ​នៅ​តែ​​អះអាង​ថា ការ​ទិញ​លក់​អចលនទ្រព្យ​នៅតែ​មាន​សកម្មភាព​មមាញឹក​ដដែល។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ ស៊ី ភី អិល បាន​លើក​ឡើង​ថា តួលេខ​គ្រាន់​តែ​ជា​ទិន្នន័យ​នៅ​លើ​ក្រដាស​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ជាក់ស្តែង ការ​វិនិយោគ​លើ​សំណង់​នានា គឺ​កើន​ឡើង​យ៉ាង​គំហុក បាន​ន័យ​ថា កើន​ឡើង​ជាង​ឆ្នាំ​មុនៗ គម្រោង​ជា​ច្រើន​កំពុង​តែ​បន្ត​សាងសង់ និង​ត្រូវការ​ពេល​វេលា ៣ ទៅ ៤​ឆ្នាំ ដើម្បី​បញ្ចប់​ការ​សាងសង់ រីឯ​ការ​ទិញ​លក់​វិញ គឺ​គ្មាន​ការ​ព្រួយ​បារម្ភ​ឡើយ។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ ស៊ី ភី អិល។

លោក​ឧកញ៉ា ចេង ខេង បន្ត​ថា នៅ​ក្នុង​រយៈពេល ១០​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៨​នេះ តម្លៃ​អចលន​ទ្រព្យ​គឺ​ល្អ គ្មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ ជាពិសេស ក្នុង​ខែ​សីហា និង​ខែ​កញ្ញា​កន្លង​ទៅ​នេះ ការទិញ​លក់​អចលន​ទ្រព្យ​របស់​ក្រុមហ៊ុន ស៊ីភីអិល មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង ៧​ពាន់​ប្រតិបត្តិការ ក្នុង​មួយ​ខែ។ ជាមួយ​នឹង​ការ​កើន​ឡើង​ខ្លាំង​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន ស៊ីភីអិល បាន​សម្រេច​ចិត្ត​បង្កើត​គម្រោង​ភ្នាក់ងារ​សហប្រតិបត្តិការ​នៅ​ទូទាំង​ខណ្ឌ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ។

នៅក្នុង​សិក្ខា​សាលា​ពិសេស​មួយ​ស្តីពី​ឱកាស​សហការ​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ពី​កម្រៃ​ជើងសារ​និង​ការ​វិនិយោគ កាល​ពី​ពេល​ថ្មីៗ​នេះ ឧកញ៉ា ចេង ខេង បាន​ថ្លែង​ថា ក្រុមហ៊ុន​ស៊ីភីអិល បាន​បង្កើត​កម្មវិធី​គម្រោង​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ CAPP (CPL Agent Partnership Program) ដែល​ផ្តល់​ឱកាស​ឲ្យ​សាធារណជន អាច​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ដោយ​ផ្ទាល់ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល បច្ចេកវិទ្យា ប្រេន និង វិធីសាស្រ្ត ក្នុង​ការ​ប្រកប​របរ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ប្រកប​ដោយ​ភាព​ជោគជ័យ។

យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រកាស​ឲ្យ​ដឹង​ថា រយៈពេល ៩​ខែ ដើម​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ចំនួន​ជាង ២៥០០​គម្រោង មាន​ផ្ទៃ​ក្រឡា​សាងសង់​សរុប​ជាង ១០​លាន​ម៉ែត្រ​ការ៉េ ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន ៤៨០០​លានដុល្លារ​អាមេរិក ពោល​គឺ​ធ្លាក់​ចុះ ១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

សូម​ជម្រាប​ដែរ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ បន្ទាប់​ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ហើយ​បច្ចុប្បន្ន បាន​ផ្តល់​ការងារ​ដល់​អ្នក​ជំនាញ និង​កម្មករ​ប្រមាណ​២២​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់​ទូទាំង​ប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​អចលនទ្រព្យ៖ ការ​ផ្គត់ផ្គង់​កន្លែង​លក់​ទំនិញ​រាយ​ក្នុង​ផ្សារ​ទំនើប​កើន​ឡើង​ទ្វេ​ដង

ព័ត៌មាន
អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​អាជីវកម្ម​បើក​ហាង​លក់​ទំនិញ​រាយ​នៅ​ក្នុង​អគារ​ផ្សារ​…

វៀតណាម៖ ផាក​ពិន័យ​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ចិន​ធ្វើការ​​ខុស​ច្បាប់

ព័ត៌មាន
ខណៈដែល​មាន​ចិន​មក​ទេសចរណ៍​និង​ធ្វើការ​ច្រើនឡើងៗ នៅ​ប្រទេស​នានា​ក្នុង​តំ​បន់​អាស៊ី​អាគ្នេយ៍ បញ្ហា​ប្រឈម​ខ្លះ​ក៏​កើត​ឡើង ដូចជា ចិន​កាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ