លោក ដាឌុក សេរី អានវ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim ) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសធានាថា រដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសម្រាលបន្ទុករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយការកើនឡើងតម្លៃអង្ករពិភពលោកនាពេលបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយកង្វល់របស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីរាយការណ៍ ដែលចុះផ្សារនៅលើសារព័ត៌មាន the Stars។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បាននិយាយថា រដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសនៅពេលដែលប្រជាជនចង់បានការធានាអំពីការផ្គត់ផ្គង់អង្ករក្នុងស្រុក និងតុល្យភាពជាមួយនឹងតម្លៃអង្ករនាំចូល។
លោកបានអះអាងថា ការសម្រេចចិត្តលើបញ្ហានេះ គឺត្រូវតែធ្វើ ហើយរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណជា៤០០លានរីងហ្គិត ឫប្រមាណជាជិត៨៥លានដុល្លារ ដើម្បីឧបត្ថម្ភធននៅលើបញ្ហាស្រូវ/អង្ករនេះ ដោយសារអ្វីៗទាំងអស់គឺសុទ្ធតែត្រូវចំណាយ។
លោកបានសង្កត់ធ្ងន់ថា បាតុភូតនៃការកើនឡើងតម្លៃអង្ករមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏វាបានកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ បន្ទាប់ពីប្រទេសចំនួន១៩ បានដាក់ចេញគោលនយោបាយរឹតបន្តឹងលើការផ្គត់ផ្គង់អង្ករនៅលើទីផ្សារនាំចេញ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei បញ្ហាស្រូវ/អង្ករនេះ ក៏កំពុងបង្កជាបញ្ហាឈឺក្បាលវិលមុខដល់លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីនផងដែរ។
លោក ម៉ាកូស បានរិះគិតលើការដោះសា្រយបញ្ហាស្រូវ/អង្ករ សម្រាប់ផ្គត់ផ្គង់ពលរដ្ឋជាង១០៩លាននាក់នេះតាំងតែពីខែសីហា មកម្ល៉េះ ហើយនៅក្នុងខែកញ្ញា កន្លងទៅ ក្នុងនាមលោក ជារដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពិនផងដែរនោះ បានចេញច្បាប់កំណត់តម្លៃអង្ករធម្មតា ដោយមួយគីឡូក្រាមថ្លៃត្រឹម៤១ប៉េសូ ឫប្រមាណជា៧១សេនក្នុងមួយគីឡូក្រាម ខណៈដែលអង្ករប្រណីតមានតម្លៃប្រមាណជា៤៥ប៉េសូ ឫប្រមាណជា៧៣សេនក្នុងមួយគីឡូក្រាម។
លោកបានអះអាងថា គោលបំណងនៃការកំណត់តម្លៃអង្ករនេះ គឺដើម្បីទប់ស្កាត់អតិផរណានៃតម្លៃស្បៀង ដោយកាលពីខែសីហា វាបានកើនឡើងរហូតដល់ទៅ៨,៧ភាគរយ ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងផ្តល់ហិរញ្ញប្បទានដែលមានទំហំរហូតជិតដល់១៣ពាន់លានប៉េសូ ឫប្រមាណជាង២២០លានដុល្លារ ដល់កសិករប្រមាណ ជាង២លាននាក់ ដើម្បីជួយពួកគេដោះស្រាយជាមួយនឹងផលប៉ះពាល់ផលិតកម្ម និងការកើនឡើងថ្លៃដើមផលិតកម្ម។
ក្រៅពីប្រទេសម៉ាឡេស៊ី និងហ្វីលីពិន បញ្ហាស្រូវ/អង្ករនេះក៏កំពុងតែចោទឡើងនៅប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករលេខ២ និងលេខ៣ផងដែរ។ នៅពេលនេះរដ្ឋាភិបាលថៃ កំពុងអំពាវនាវឱ្យកសិកររបស់ខ្លួនបន្ថយការបង្កបង្កើនផលស្រូវ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក ដែលជាវិធានការមួយ ដែលអាចជំរុញឱ្យតម្លៃអង្ករកាន់តែខ្ពស់ រីឯវៀតណាម ដែលជាប្រភពអង្ករនាំចូលរបស់ហ្វីលីពីន ប្រមាណ៩០ភាគរយ ក្នុងឆ្នាំ២០២២ ក៏កំពុងតែប្រថុយប្រថាននឹងការនាំចេញ និងការជំរុញលំនឹងនៃការផ្គត់ផ្គង់ក្នុងស្រុកផងដែរ៕