ទីផ្សារស្រូវ

ស្រូវកសិកររាប់ម៉ឺនហិកតាកំពុងរងការវាយប្រហារពីគ្រោះរាំងស្ងួត ស្របពេលទីផ្សារស្រូវកំពុងមានសម្ទុះល្អ


ដំណាំស្រូវជាង១៧,០០០ហិកតាកំពុងប្រឈមនឹងការខូចខាតទាំងស្រុង ប្រសិនបើគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១សប្តាហ៍ខាងមុខទេនោះ ខណៈស្រូវប្រមាណ៦ម៉ឺនហិកតាផ្សេងទៀតកំពុងរងការវាយប្រហារយ៉ាងដំណំដោយសារកូនរដូវប្រាំងអូសបន្លាយ។ ជុំវិញបញ្ហានេះក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពន្លឿនការជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់ តាមរយៈការបូមទឹកសង្គ្រោះ ស្ដារប្រព័ន្ធធារាសាស្ត្រ និងផ្តល់ជំនួយថវិកាគាំពារ ដើម្បីរក្សាស្ថិរភាពផលិតកម្មស្រូវ និងទប់ស្កាត់ហានិភ័យសន្តិសុខស្បៀង។
ទីផ្សារស្រូវ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមសង្កេតឃើញថា ទីផ្សារស្រូវកម្ពុជានៅឆ្នាំនេះហាក់មានទីផ្សារល្អជាងឆ្នាំមុនៗ ខណៈការនាំចេញអង្កររបស់កម្ពុជាទៀតសោត ក៏មានចំនួនកើនឡើងផងដែរ ដែលអាចជួយឱ្យកម្ពុជាឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០២៦ នេះ។

ទោះជាយ៉ាងណា អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទិន្នផលស្រូវរបស់កសិករនៅតំបន់មួយចំនួនកំពុងរងការគំរាមកំហែងពីគ្រោះរាំងស្ងួត ដែលទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធពន្លឿនបេសកកម្មជួយសង្គ្រោះតាមរយៈការបូមទឹក និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីស្រោចស្រង់ស្រែប្រជាពលរដ្ឋដែលកំពុងប្រឈមការខាតបង់ និងបង្ការហានិភ័យសន្តិសុខស្បៀង ដែលអាចកើតមាន។

ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានលើកឡើងថា គ្រោះរាំងស្ងួតកំពុងវាយប្រហារដីស្រែរបស់កសិករនៅតាមតំបន់មួយចំនួន ដែលកំពុងក្លាយជាបន្ទុកដ៏ធំសម្រាប់កសិករ​។

លោកបានសង្កត់ធ្ងន់ថា ទោះបីជាកន្លងមកអាជ្ញាធរធ្លាប់បានជួយអន្តរាគមន៍សង្គ្រោះដីស្រែបានមួយចំនួនធំយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នស្ថានភាពរាំងស្ងួតបានកើនឡើង និងគំរាមកំហែងកាន់តែខ្លាំង ដែលទាមទារឱ្យមានកម្លាំងអន្តរាគមន៍បន្ថែមទៀត។ ទន្ទឹមនឹងនេះ លោក បានស្នើឱ្យកសិករតាមដានព័ត៌មានបម្រែបម្រួលអាកាសធាតុឱ្យបានជាប់លាប់ ដើម្បីរៀបចំផែនការបង្កបង្កើនផលឱ្យបានត្រឹមត្រូវ។

ដោយឡែកលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ឃើញថា នៅក្នុងរដូវប្រមូលផលស្រូវនេះ បាតុភូតប្រែប្រួលអាកាសធាតុកំពុងយាយីដល់ជីវភាពកសិករ ជាពិសេសប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ ដែលកំពុងរងការខូចខាតស្រូវយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះលោកបានបង្ហាញការព្រួយបារម្ភថា ស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង គួបផ្សំនឹងគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួនទៀត នឹងធ្វើឱ្យទីផ្សារស្រូវរងការរង្គោះរង្គើដោយជៀសមិនរួច។ យ៉ាងណាមិញ លោកបានទទូចឱ្យរដ្ឋាភិបាលទម្លាក់ថវិកាជំនួយផ្ទាល់ដល់កសិករ ដើម្បីសម្រាលបន្ទុកចំណាយ ព្រមទាំងពង្រីកប្រព័ន្ធធារាសាស្ត្រឱ្យចរន្តទឹកអាចបាញ់ឆ្ពោះទៅដល់ទីតាំងរាំងស្ងួតបានទាន់ពេលវេលា។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានក្រើនរម្លឹក និងជំរុញដល់មន្រ្តីជំនាញឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋ ដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតានៅតាមបណ្តាក្រុង ស្រុកទាំង៨ក្នុងខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយសារកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអែលនីណូ។

ពាក់ព័ន្ធបញ្ហានេះដែរលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជាក់ស្តែងក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្រូវប្រមាណ ១៧,៦៩២ហិកតា ប្រឈមការខូចខាតទាំងស្រុង ប្រសិនបើពុំមានភ្លៀងក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ។ បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នមន្រ្តីជំនាញកំពុងជួយអន្តរាគមន៍​ និង​បានជួយស្ដារដំណាំស្រូវរបស់កសិករបានប្រមាណ៩០% និងបានរៀបចំយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹក ក៏ដូចជា​ត្រៀមបង្ការហានិភ័យចំពោះគ្រោះធម្មជាតិ​ដែលអាចកើតមាននាពេលខាងមុខ និងផ្សព្វផ្សាយព័ត៌មានឱ្យដល់ដៃពលរដ្ឋឱ្យបានលឿនបំផុត៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការបន្តលួចនាំចូលទំនិញថៃពីសំណាក់ឈ្មួញខិលខូចមួយចំនួន គឺជាអំពើក្បត់មនសិការជាតិ និងស្នើឱ្យបង្ក្រាបឱ្យកាន់តែខ្លាំងក្លា

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការតឹងរ៉ឹង និងបន្តចុះបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញទុច្ចរិតមួយចំនួននៅតែបន្ត…

ស្កេមអនឡាញកំពុងក្លាយជាមេរោគសង្គមថ្មីគំរាមកំហែងដល់មនុស្សជាតិទូទាំងតំបន់ និងលើពិភពលោក

ការឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam កំពុងក្លាយជារោគសង្គមរ៉ាំរ៉ៃថ្មី ដ៏គួរឱ្យភ័យខ្លាច ដែលអាចអូសបន្លាយយាយីមនុស្សជាតិរាប់ដំណរ មិនខុសពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ