ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី លោក អ៊ុន ចាន់ដា បានអះអាងថា ប្រជាពលរដ្ឋនៅក្នុង ៦ស្រុក-ក្រុង នៅតាមដងទន្លេ ប្រឈមនឹងការបាត់បង់និងខូចខាតលំនៅដ្ឋាន ដីស្រែចម្ការ ប្រព័ន្ធផ្លូវគមនាគមន៍ វត្តអារ៉ាម ព្រះវិហារ សាលារៀន និងសួនច្បារសាធារណៈ ដោយសារតែការបាក់ច្រាំងទន្លេ។
លោក អ៊ុន ចាន់ដា បាននិយាយដូច្នេះថា ៖ “យប់ឡើងដេកស្តាប់តែច្រាំងបាក់ទេពួកគាត់។ យើងបានទៅជួបគាត់ គាត់បាននិយាយអំពីបញ្ហាទុក្ខលំបាករបស់គាត់ យើងស្តាប់ទៅ គឺពិតជាមានការសោកស្តាយចំពោះការបាត់បង់នូវផ្ទះសម្បែង ដីធ្លីបង្កបង្កើនផល ដូចជា ប្រព័ន្ធផ្លូវ ដែលបង្កឡើងដោយគ្រោះបាក់ច្រាំងទន្លេ។
លោក អ៊ុន ចាន់ដា បាននិយាយបន្តថា “ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា យើងដល់បន្ទាត់ក្រហមដែលត្រូវនាំគ្នាដោះស្រាយហើយ។”
លោកអភិបាលខេត្តរូបនេះបានបន្តថា ការបាក់ច្រាំងនេះមិនមែនកើតឡើងទើបតែនាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែ បើយោងតាមចម្រៀងមួយបទរបស់លោក ស៊ីន ស៊ីសាមុត គឺថា បាក់ច្រាំងមានតាំងពីជំនាន់នោះមកម្ល៉េះ។
ការបាក់ច្រាំងនេះបានបណ្តាលឲ្យប្រជាពលរដ្ឋខ្លះរំកិលផ្ទះឡើងអស់ដីត្រូវរំកិលហើយ ខណៈដែលវត្តអារ៉ាមកន្លែងខ្លះ ត្រូវរើបីដង។ នេះបើយោងតាម លោក អ៊ុន ចាន់ដា។
លោក អ៊ុន ចាន់ដា បាននិយាយថា ច្រាំងទន្លេប្រវែងប្រមាណ ១៩គីឡូម៉ែត្រ ប្រឈមនឹងការបាក់ច្រាំង ហើយការដោះស្រាយជូនប្រជាពលរដ្ឋ គឺមានតែធ្វើការទប់កុំឲ្យមានការបាក់ទៀត រួមមាន ការប្រើបាវខ្សាច់និងការប្រើបេតុងចាក់ទប់កន្លែងសំខាន់ៗ ដែលត្រូវចំណាយថវិកាច្រើន។
លោក អ៊ុន ចាន់ដា បាននិយាយថា តាមលទ្ធភាពរបស់ខេត្ត អាជ្ញាធរដោះស្រាយបានរង្វង់តែ ១គីឡូម៉ែត្រទេ កន្លងមក៕