
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីអាម៉េរិក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា កាលពីកន្លង មក ការនាំចូលរថយន្តពីសហរដ្ឋអាម៉េរិក ចូលមកកាន់ទីផ្សារកម្ពុជាហាក់មានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ ប៉ុន្តែ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធនាំចូលរថយន្តពីសហរដ្ឋអាម៉េរិកមកនៅអត្រា ០% បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់អតិថិជនប្រើប្រាស់ ជាមួយតម្លៃល្អប្រសើរជាងមុន តាមរយៈការកាត់បន្ថយពន្ធនាំចូលបានចំនួន ៣៥% ធៀបនឹងតម្លៃពន្ធនាំចូលនាពេលកន្លងមក។

ជាក់ស្ដែង តម្លៃរថយន្ដ ដែលមានប្រភពដើមពីសហរដ្ឋអាម៉េរិកដូចជា JEEP WRANGLER RUBICON ដែលធ្លាប់មានតម្លៃ $104,900 មកនៅត្រឹមតែ $97,900 ក្នុងមួយគ្រឿង។ រថយន្ដ RAM 1500 REBEL បានថយចុះតម្លៃពី $107,900 មកនៅត្រឹមតែ $99,900 ក្នុងមួយគ្រឿង និង រថយន្ដ FORD RAPTOR F150 ចុះនៅមានតម្លៃ $149,000 ក្នុងមួយគ្រឿង។

លោក ងន សាំង រំពឹងថា ការនាំចូលរថយន្តថ្មី ពីសហរដ្ឋអាម៉េរិកហូរចូលមកកាន់ទីផ្សារកម្ពុជា នឹងមានកំណើនជាងមុន ប៉ុន្តែ វាពុំបានបង្កផលប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សាររបស់រថយន្ដដែលដំឡើងនៅក្នុងស្រុក រួមទាំងទីផ្សាររថយន្តនាំចូលពីបណ្តាប្រទេសផ្សេងៗនោះឡើយ ដ្បិតថាកន្លងមកកម្ពុជាក៏មានការអនុគ្រោះពន្ធនាំចូលរថយន្តពីប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន របស់ក្រុមហ៊ុន RMA ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងបានចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។
រថយន្តដែលនាំចូលពីអាម៉េរិកមកកាន់កម្ពុជាទទួលបានការអនុគ្រោះពន្ធ ០% គឺដាច់ខាត ត្រូវតែជារថយន្ត ដែលមានដើមកំណើតផលិតឡើងនៅសហរដ្ឋអាម៉េរិក និងជាប្រភេទរថយន្តថ្មី ខណៈរថយន្ត ដែលនាំចូលពីប្រទេសផ្សេងមកកាន់ទីផ្សារអាម៉េរិក កំពុងមានវត្តមានចរាចរណ៍នៅទឹកដីអាមេរិក ឬរថយន្តមានដើមកំណើតនៅប្រទេសផ្សេង ប៉ុន្ដែមានរោងចក្រផលិតនៅអាមេរិក គឺមិនទទួលបាននូវការអនុគ្រោះពន្ធ ០%នោះទេ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តការយន្ធគយ ០% លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕








